រដ្ឋាភិបាល​សម្រេច​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ​ពី​៦​ម៉ឺន​មក​ត្រឹម​២​ម៉ឺន​៥​ពាន់​រៀល

រដ្ឋាភិបាល​សម្រេច​បញ្ចុះ​តម្លៃ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ ពី​៦​ម៉ឺន​រៀល មក​ត្រឹម​២​ម៉ឺន​៥​ពាន់​រៀល ដោយ​គ្មាន​ការ​ពិនិត្យ​សុខភាព និង​រៀន​បើកបរ​ឡើយ សម្រាប់​ម្ចាស់​ម៉ូតូ​ធុន​តូច​ចាប់​ពី​កម្លាំង​១២៥​ចុះ​ក្រោម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដូច្នេះ​នៅ​ថ្ងៃ​ទី​៥ មករា ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​តិចណូ ឬ​ហៅ​ស្ពាន​អាកាស​៥​មករា បន្ទាប់​ពី​លោក​ទើបតែ​ប្រកាស​ផ្អាក​ការ​ធ្វើ​ប័ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ ដោយ​លោក​បាន​ទទួល​សំណូមពរ​ពី​ពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ពី​តម្លៃ​ថ្លៃ​នៃ​ការ​ធ្វើ​ប័ណ្ណ​បើកបរ​នេះ។

លោក ហ៊ុន សែន បន្ត​ថា តម្លៃ​ប័ណ្ណ​បើកបរ​សម្រាប់​អ្នក​បើក​ម៉ូតូ​ខ្នាត​ធំ កម្លាំង​ពី​១២៦​ឡើង​ទៅ គឺ​ចុះ​ថ្លៃ​ពី​៦​ម៉ឺន​រៀល មក​៤ម៉ឺន​រៀល និង​ត្រូវ​​ពិនិត្យ​សុខភាព និង​រៀន​បើកបរ​ផង។ ចំពោះ​ការ​ប្ដូរ​ប័ណ្ណ​បើកបរ​វិញ គឺ​ចុះ​ពី ២​ម៉ឺន ៥ពាន់​រៀល ចុះ​មក​នៅ​ត្រឹម ២​ម៉ឺន​រៀល។

ចំណែក​ការ​បញ្ចុះ​តម្លៃ​លើ​ប័ណ្ណ​បើកបរ​រថយន្ត លោក ហ៊ុន សែន បញ្ជាក់​ថា ក្រសួង​ពាក់ព័ន្ធ​នឹង​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត។

កាល​ពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ផ្អាក​បណ្ដោះអាសន្ន ការ​ផាក​ពិន័យ​ចំពោះ​ករណី​ប័ណ្ណ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ក្នុង​រយៈពេល​៣​ខែ​ទៀត ហើយ​តម្លៃ​នៃ​ការ​ធ្វើ​ប័ណ្ណ​បើកបរ​វិញ គឺ​នៅ​រង់ចាំ​ការ​សម្រេច​ពី​រដ្ឋាភិបាល។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។