តុលាការ ចេញ​ដីកា​ថ្មី​មួយទៀត ចាប់ខ្លួន​លោក សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ: ចៅក្រម​ស៊ើបសួរ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កោ វណ្ឌី បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លោក សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មេបក្ស​ប្រឆាំង ដែល​កំពុងស្ថិត​នៅក្រៅ​ប្រទេស​នោះ ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ កាលពី​ព្រលប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​។​

​ក្នុង​ដីកា ចៅក្រម​បាន​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​ឲ្យ​នាំខ្លួន លោក សមរង្ស៊ី ទៅ​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ នៃ​ក្រសួងមហាផ្ទៃ​។  
​តាម​ដីកា​បង្គាប់​នោះ លោក សមរង្ស៊ី ត្រូវបាន​ចោទប្រកាន់​ពីបទ សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

​បទចោទប្រកាន់​នោះ បាន​ប្រព្រឹត្តិ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥​។ ពោលគឺ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លោក​ហុង​សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនូវ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ហើយ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៥​សីហា ឆ្នាំ​២០១៥​។​

​សំណុំរឿង​ក្តី​នេះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​បង្គាប់​ឲ្យ​លោក សមរង្ស៊ី ចូលខ្លួន នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ តែ​លោក​សមរង្ស៊ី ដែល​ត្រូវបាន​តុលាការ ចេញ​ដីកាចាប់ខ្លួន​ក្នុង​សំណុំ​រឿងក្តី​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត លោក ហោ​ណាំហុង នោះ ពុំ​បានមក​បង្ហាញខ្លួន​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ តាម​ការកំណត់​ឡើយ​។​

​លោក​សមរង្ស៊ី ពេលនេះ នៅជាប់​បណ្តឹង​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​មេធាវី​ការពារ​ក្តី​សម្តេច​ហេង​សំរិន បានដាក់​ពាក្យ​ប្តឹង​។ តុលាការ បានចេញ​ដីកា កោះហៅ​លោក​សមរង្ស៊ី ឲ្យ​ចូល​បំភ្លឺ កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៥​។ តែ​លោក​សមរង្ស៊ី ដែល​ពេលនេះ នៅក្រៅ​ប្រទេស មិនបាន​ចូល​បំភ្លឺ​ទេ​៕​