លោក ឆែ សុធា មេ​គយ​ជើងចាស់​ដែល​ល្បី​ធ្លាប់​បើកដៃ​ឲ្យ​ឈ្មួញ​​នាំ​ចូល​​ទំនិញ​គេចពន្ធ​នៅ​​ខេត្តឧត្ដរ​​មាន​ជ័យ​អាច​​យក​​រូប​មន្ត​ចា​ស់​​មក​​កើប​​លុយ​​នៅ​​ខេ​ត្តបន្ទាយ​មាន​ជ័យ​​យ៉ាង​​ត្រជាក់​​​​ចិត្ត​

​ខេត្តបន្ទាយមានជ័យ ៖ អតីត​ប្រធាន​សាខាគយ ខេត្តឧត្ដរមានជ័យ លោក ឆែ សុធា ដែល​ល្បី​ខាង​ឃុបឃិត ជាមួយ​ឈ្មួញ រកស៊ី​នាំចូល​ទំនិញគេចពន្ធ​ប្រមូលប្រាក់​មិន​ប្រ​តី​ច្រក​ហោប៉ៅ​ដែល​ខុស​នឹង​គោលការណ៍​គយ​បែរ​ជាមាន​យីអ៊ុន​បញ្ច្រាសទិស ឡើងកាន់តំណែង ប៉ុស្តិ៍​ខ្លាញ់​ជា​ប្រធាន​សាខាគយ ខេត្តបន្ទាយមានជ័យ ជំនួស​លោក​ថោង សុខាំ​ភូ ដែល​ល្បីល្បាញ ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដូចគ្នា​នោះ​។ លោក ឆែ សុធា មិន​បង្ក​លំបាក​ដល់​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​នោះទេ ពួកគេ​ត្រៀមខ្លួន​ជាស្រេច​ចូល​សម្តែង​ការគួរសម​ដើម្បី​នាំ​កាដូ និង​ជម្រាប​ជម្រាប់​មុខរបរ ដើម្បី​សុំ​ការយោគយល់ ដូច​ជំនាន់​លោក​ថោង សុខាំ​ភូ​។​

ឈ្មួញ​គ្រប់​ប្រភេទ និង​អាជីវករ ក៏ដូចជា​ក្រុម​អ្នករត់​តាក់ស៊ី ដឹកជញ្ជូន​ទំនិញ​ក្នុង​ខេត្តឧត្ដរមានជ័យ​ធ្លាប់បាន​រំលឹកថា លោក ឆែ សុធា ពេល​ធ្វើជា​ប្រធាន​សាខាគយ ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​ខាង ប្រព្រឹត្ត​អំពើពុករលួយ បាន​បើកដៃ​ឲ្យ​ឈ្មួញ នាំចូល​រថយន្ត ចង្កូត​ស្ដាំ​គេចពន្ធ ទំនិញគេចពន្ធ និង​ប្រេងសាំង​គេចពន្ធ ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក ។ ដូច្នេះ​ការទទួលបាន​តំណែង ជា​មេ​គយ​ខេត្តបន្ទាយមានជ័យ គឺ​លោក ឆែ សុធា អាច​មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​ដោយ​ខេត្តបន្ទាយមានជ័យ​ជា​ប្រភព​បង្ហូរ​ទំនិញ​ពី​ប្រ ទេស​ថៃ ដែល​នឹងធ្វើ​ឲ្យ​លោក ឆែ សុធា សម្រេច​នៃ​ក្តី​សុបិន​ក្នុង​ការប្រមូល​ទ្រព្យ​ធ្វើ​មាន​ធ្វើបាន បាន​យ៉ាង​ឆាប់​។​

​គេ​រង់ចាំ​មើលថា លោក ឆែ សុធា អនុវត្ត​កិច្ចការ​ប្រមូល​ពន្ធ ទ​ទួ​យលបាន​ស្នាដៃ​ប្រសើរ​ជាង​លោក​ថោង សុខាំ​ភូ មិន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គយ​អាម៉ាស់មុខ​បានដែរ​ឬទេ​? ហើយ​ចំពោះ​ប៉ុស្តិ៍​ជជុះ​របស់​គយ​ចល័ត នៅ​ចំណុច​ផ្លូវ​លេខ​៥០ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ត្រូវបាន​លុបបំបាត់​ឬក៏​អត់ ព្រោះ​កន្លងមក ប៉ុស្តិ៍​គយ​ចល័ត​នេះ បង្ក​ការលំបាក​យ៉ាងខ្លាំង ដល់​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ហើយ​សូម្បីតែ​អ្នករត់​តាក់ស៊ី ដែលមាន​ដឹកទំនិញ​បន្តិចបន្តួច ក៏ត្រូវ​ក្រុម​គយ​ចល័ត ជំរិត​យកលុយ ដោយ​គ្មាន​ការយោគយល់​ដោយ​ពួកគេ​បានធ្វើ​ការតវ៉ា​ជា​បន្តបន្ទាប់​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​ពី​សំណាក់​មន្ត្រី​គយ​នោះ​៕ ​

KA-05-01-2016-20