សម្តេច​ហ៊ុនសែន សរសេរ​លិខិត​ទៅកាន់​នាយករដ្ឋមន្ត្រី​វៀតណាម ករណី​ជួល​ដី​នៅ​ព្រំដែន​វៀតណាម​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​បាន​ឲ្យ​ដឹងថា ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា  សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើ​លិខិត​ជា​ផ្លូវការ​ទៅ​លោក ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម អំពី​ការឈប់​ជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម​ឈប់​ធ្វើស្រែ​ចំការ នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។​
​    ​
​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៥ បានចេញ​សារាចរ​ស្តីពី​ការហាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​លក់ ឬ​ជួល​ដី​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​វៀតណាម ឡាវ និង​ថៃ​។ ការចេញ​សារាចរ​នេះ គឺ​ដោយសារតែ​ការជួល​ដី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេសជិតខាង ពុំមាន​ឯកសារ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ដី​ជា​ជនជាតិខ្មែរ​បាត់បង់​នូវ​ផលប្រយោជន៍​នៅពេល​មាន​វិវាទ​កើតមានឡើង​។​
​    ​
​នៅក្នុង​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង កាលពី​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​លិខិត​ទៅ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម អំពី​ការឈប់​ឲ្យ​ជនជាតិ​វៀតណាម​ជួល​ដី​នៅតាម​បណ្តោយ​ព្រំដែន​៕​

សម្តេច​ហ៊ុនសែន សរសេរ​លិខិត​ទៅកាន់​នាយករដ្ឋមន្ត្រី​វៀតណាម ករណី​ជួល​ដី​នៅ​ព្រំដែន​វៀតណាម​