អាជ្ញាធរ​ក្រុងកែប​ជំរុញ​អោយ​​អាជីវករ​រុះរើ​តូប​ចាស់​ចេញ និង​ធ្វើ​ថ្មី​លក់​ជូន​វិញ

ខេត្ត​កែប ៖ អាជ្ញាធរ​ក្រុងកែប​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ជំរុញ​អោយ​ក្រុម​អាជីវករ​ផ្សារ​ដំណាក់​ចង្អើរ ខេត្ត​កែប រុះរើ​តូប​ចាស់​ចេញ​តាម​ការ​កំណត់​ត្រឹម​ខែធ្នូ​ឆ្នាំ​២០១៥ ដើម្បី​អោយ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ច័ន្ទ ឌឿ​ន ពាណិជ្ជកម្ម សាងសង់​ថ្មី ហើយ​លក់​ជូន​ក្រុម​អាជីវករ​វិញ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម​អាជីវករ​ផ្សារ​ដំណាក់​ចង្អើរ​មិន​បាន​រុះរើ​តាម​ការ​កំណត់​របស់​សាលា​ក្រុងកែប​ទេ ទោះជា​មានការ​ព្រមព្រៀង​ពី​ក្រុម​អាជីវក​រថា​នឹង​រុះរើ​ក៏​ដោយ ។

ស្ត្រី​ម្នាក់​ជា​អ្នកលក់​ចេកចៀន​បាន​និយាយ​ថា គាត់​លក់ដូរ​នៅ​ក្នុង​ផ្សារ​ដំណាក់​ចង្អើរ​នេះ​រយៈពេល​៣០​ឆ្នាំ​ហើយ ហើយ​កាលពី​ដំបូង​នៅ​ក្នុង​ផ្សារ​នេះ​មាន​ព្រៃ​ស៊ុបទ្រុប​ខ្លាំង​ណាស់ តែ​ក្រោយមក​អ្នកលក់​ដូរ​បាន​នាំ​គ្នា​កាប់​ឆ្ការព្រៃ​ឡើង​វាល​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ស្ត្រី​អ្នកលក់​ចេកចៀន​បាន​និយាយ​ទៀត​ថា ការ​រុះរើ​តូប​ចេញ​ដោយ​ខ្លួនឯង​នេះ អាជ្ញាធរ​បាន​កំណត់​ថា​នៅ​ខែធ្នូ​២០១៥​អោយ​ក្រុម​អាជីវករ​រុះរើ​អោយ​អស់ ហើយ​នាំ​គ្នា​ទៅ​លក់ដូរ​បណ្ដោះអាសន្ន​នៅ​តូប​ថ្មី​នៅ​លើ​ថ្នល់​សិន ។

ក្រុម​អាជីវករ​បាន​និយាយ​អោយ​ដឹង​ថា អ្នក​លក់ដូរ​ជិត​១០០​នាក់​ទំនងជា​មិន​មាន​លុយ​ទិញ​តូប​ថ្មី​ពី​ក្រុមហ៊ុន ច័ន្ទ ឌឿ​ន ទេ ​ព្រោះ​តូប​លក់​ចេកចៀន​ក្រុមហ៊ុន​ធ្វើ​រួច​ហើយ ទំហំ​១,៣​ម៉ែត្រ តម្លៃ​១២០០​ដុល្លារ រីឯ​តូប​លក់​ខោអាវ​ ទំហំ​២,៥​ម៉ែត្រ ​ចែក​គ្នា​២​ម្ចាស់​ តម្លៃ​២៣០០​ដុល្លារ ប៉ុន្តែ​តម្លៃ​ខាងលើ​អាច​ប្រែប្រួល ។

លោក ងឹ​ន ងឹ​ន​ដា អភិបាល​ក្រុងកែប​បាន​ប្រាប់​អោយ​ដឹង​ថា គម្រោង​សាងសង់​ផ្សារ​ដំណាក់​ចង្អើរ​នេះ​ជា​របស់​​ក្រុមហ៊ុន​ឯកជន​មួយ ។ លោក​ថា ពាក់ព័ន្ធ​គម្រោង​សាងសង់​ផ្សារ​ដំណាក់​ចង្អើរ​នេះ ក្រុម​អាជីវករ​បាន​យល់ព្រម​រុះរើ​តូប​របស់​ខ្លួន​ហើយ ម្យ៉ាងទៀត​ផ្សារ​ដែល​មាន​វ័យ​ចំណាស់​នេះ​មាន​ដើមឈើ​ធំ​ៗ​ណាស់ វា​ជា​ការ​បារម្ភ​អាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។

លោក​អភិបាលក្រុង​បាន​និយាយ​ទៀត​ថា ខាង​ក្រុមហ៊ុន​តែងតែ​គិតគូរ​ស្វែងរក​ដៃគូ​មក​ធ្វើ​ផ្សារ​ថ្មី​តាម​ការ​គ្រោងទុក​របស់​ខេត្ត និង​ក្រុង មិន​អាច​ទុក​អោយ​ពួក​គាត់​លក់ដូរ​ក្រោម​ដើមឈើ​ធំ​ៗ​នេះ​រហូត​នោះ​ទេ ៕