កាប់​បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​សណ្តាន់ សង្ស័យ​អាជ្ញាធរ និង​សមត្ថកិច្ច​បើកភ្លើង​ខៀវ

ខេត្តកំពង់ធំ ៖ ទោះបីជា​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​បាន​ចេញ​បទបញ្ជា​ដល់​មន្ត្រី​គ្រប់​ស្ថាប័ន​សហការ​គ្នា​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​កាប់​ទន្ទ្រានព្រៃ​យក​ដី​មក​ធ្វើ​ជា​កម្មសិទ្ធិ រួម​ទាំង​ការ​កាប់​ព្រៃឈើ​ធ្វើ​អាជីវកម្ម​យ៉ាងណា​ក្តី ក៏​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​តែ​និយាយ​រិះគន់​ថា ហាម​តែ​មាត់ ឮ​កោ​ក​ៗ​សឹក​តែ​មាត់​ត្រដោក​ឆ្អែត​ពោះ​ក្របី ព្រោះតែ​ប្រជាពលរដ្ឋ​តែងតែ​ឃើញ​សកម្មភាព​កាប់​ទន្ទ្រានព្រៃ និង​ការ​កាប់​ព្រៃឈើ​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ​ចេញពី​ចំណុច​ព្រៃ​ឡង់ ក្នុង​ឃុំ​មាន​រិ​ទ្ធ និង​ឃុំ​សុចិត្រ ប្រព្រឹត្ត​ទៅ​ដោយរ​លួ​ន ហើយ​សម្រុក​ដឹ​ញ​ចេញ​នៅ​ពេល​យប់​យ៉ាង​គគ្រឹកគគ្រេង​យក​មក​ចែកចាយ​តាម​ដេប៉ូ​ឈើ​នៅ​ក្នុង​ខេត្តកំពង់ធំ និង​ដឹក​ចេញ​បន្ត​ទៅ​កាន់​ខេត្តកំពង់ចាម ។ ទាំងនេះ​ប្រហែលជា​មានការ​បើកភ្លើង​ខៀវ​ពី​​អាជ្ញាធរ និង​សមត្ថកិច្ច​កិច្ច​គ្រប់​ស្ថាប័ន​ហើយ​មើលទៅ ។ Sic !

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​និយាយ​ទៀត​ថា មុន​ពេល​ដឹក​ចេញ គេ​តែងតែ​ឃើញ​ក្រុម​ឈ្មួញ​ឈើ​ទាំងនោះ​រត់ការ​បង់លុយ​ឲ្យ​ប៉ូលិស ប៉េ​អឹ​ម ទា​ហ៊ាន មន្ត្រី​បរិស្ថាន មន្ត្រី​មេព្រៃ រាប់​ទាំង​អ្នកកាសែត​មួយ​ចំនួន​តូច​ផង​ដែរ មិនតែប៉ុណ្ណោះ​ មុន​ពេល​ដឹក​ចេញ ពួក​ឈ្មួញ​រកស៊ី​ឈើ​ទាំង​អស់នោះ​បាន​ឲ្យ​ម៉ូតូ​២-៣​គ្រឿង​ជិះ​ដើរ​មើល​តាម​ផ្លូវ​ដែល​ត្រូវ​ដឹក​ចេញ​ជា​មុន​សិន ប្រ​សិន​ណា​ជួបនឹង​បញ្ហា ត្រូវ​ចេះ​ដោះស្រាយ​ខ្លួនឯង មិន​ត្រូវ​ឆ្លើយ​ដាក់​ជំនាញ ឬ​សមត្ថកិច្ច​ខាង​ណា​នោះ​ទេ បើសិនជា​ចង់​រកស៊ី​តទៅ​ទៀត ។

នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​យើង​បាន​ជួប​សកម្មភាព​ដឹកឈើ​ខុសច្បាប់​ទាំងនោះ ក៏​បាន​ព្យាយាម​ទូរស័ព្ទ​ប្រាប់​លោក នី មុន្នីនាថ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ តែ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​ទទួល​ទេ បន្ទាប់​មក​ក៏​ទូរស័ព្ទ​ទៅ​លោក​ សៅ វណ្ណ​នី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ទំ​រីង ក៏​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​ទទួល​ដែរ ចំណែក​លោក ឃិ​ន វណ្ណៈ នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ទំ​រីង លោក​បាន​និយាយ​ប្រាប់​ថា អត់​មាន​កម្លាំង​ទេ លោក​នៅ​តែ​ម្នាក់ឯង​ទេ​ពេល​នេះ ។

លោក តឹ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បាន​មាន​ប្រសាសន៍​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៦ នេះ​ថា នៅ​ស្រុក​គឺ​មាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ហើយ​ចែក​ចេញ​ជា​៣​ក្រុម​ដើម្បី​ល្បាត​មើល​បទល្មើស​គឺ ទី​១-​ខាង​រដ្ឋបាល​ព្រៃឈើ ទី​២-​ខាង​សហគមន៍ និង ទី​៣-​គឺ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រៃ​ឡង់​តែ​ម្តង ។ ចំពោះ​មន្ត្រី​ជំនាញ​របស់​លោក​ដែល​ទូរស័ព្ទ​ចូល​ហើយ​មិន​ទទួល​ទូរស័ព្ទ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ លោក​នឹង​ធ្វើការ​សួរនាំ​ពី​បញ្ហា​នេះ ថា​តើ​បណ្តាល​មក​ពី​បញ្ហា​អ្វី ហើយ​នៅ​ថ្ងៃក្រោយ​អាច​ទូរស័ព្ទ​មក​រូប​លោក​ផ្ទាល់​ក៏​បាន លោក​នឹង​ចាត់វិធានការ ៕