ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទលួច​ម៉ូតូ ដកហូត​បាន​ម៉ូតូ​៤​គ្រឿង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​ម៉ូតូ​៤​គ្រឿង ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៦ បន្ទាប់​បាន​សាកសួរ​ពេញ​មួយ​ថ្ងៃ​ក្នុង​រឿង​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​កាលពី​វេលា​​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ។

លោក ពេជ្រ រ៉ី នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានអោយ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ឈិ​ត ស៊ី​នឿ​ន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំងក្រសាំង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លោកនាយ​ការិយាល័យ​បាន​បន្ត​ថា មុន​ពេល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ទទួល​ព័ត៌មាន​ថា​ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦ ឈ្មោះ ម៉ាត់ លាស់ អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ សេន អា​លី អាយុ​៣២​ឆ្នាំ ទាំង​២​នាក់​ជា​ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​កំពង់ត្រឡាច​ក្រោម បាន​បាត់​ម៉ូតូ​ម្នាក់​១​គ្រឿង ។ ពេល​នោះ​សមត្ថកិច្ច​បាន​ចេញ​ស្កាត់​គ្រប់​ច្រក ហើយ​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក អេស​អិ​ល ដែល​ត្រូវ​ជនសង្ស័យ​ផ្តួល​ចោល​នៅ​ចុង​ភូមិ​ដក​ស្និត ឃុំ​ជ្រេ​ស រួច​គេចខ្លួន​បាត់ ។ លុះ​ក្រោយមក​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​៣​គ្រឿង​ទៀត​ជា​បន្តបន្ទាប់​នៅ​ក្នុងភូមិ​កំពង់​ក្តា ក្នុង​នោះ​មាន​ម៉ូតូ​ម៉ាក យ៉ា​ម៉ា​ហា ស៊ី​រុស​១​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា អ៊ែ​ប្លេ​ក​១​គ្រឿង និង ម៉ូតូ​ម៉ាក សង់​កូរ៉េ​១​គ្រឿង រួម​ទាំង​វិទ្យុទាក់ទង​១​គ្រឿង​ ដែល​ជនសង្ស័យ​បន្សល់​ចោល ។ លុះដល់​ម៉ោងជាង​១១​ថ្ងៃត្រង់ សមត្ថកិច្ច​ឃាត់​បាន​ជនសង្ស័យ​ខាងលើ ដែល​មាន​របួស​ជើង​ដោយសារ​ផ្តួល​ម៉ូតូ ហើយ​ដើរ​ឡើង​មក​រក​ផ្លូវ​ដើម្បី​គេចខ្លួន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​ខាងលើ​មិន​​បាន​ឆ្លើយ​សារភាព​នោះ​ទេ ដោយ​កុហក់​សមត្ថកិច្ច​ថា រូបគេ​ដើរមក​ពី​រក​អណ្តើក តែ​​ទោះ​ជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​នគរបាល​សន្និដ្ឋាន​ថា គឺជា​បក្ខពួក​ក្រុម​ចោរ​ដែល​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាលពី​យប់ ហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ៕