ពេល​ណា​ទៅ​ទើប​ខ្ញុំ​គួរ​ចាប់ផ្តើម​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​?

ពេល​ណា​ទៅ​ទើប​ខ្ញុំ​គួរ​ចាប់ផ្តើម​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​?

​ខ្ញុំ​សម្រាលកូន​រួច​កាល​ពី​មួយ​ខែ​មុន​។ មុនពេល​ខ្ញុំ​មាន​ផ្ទៃពោះ ខ្ញុំ​បាន​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​។ ឥឡូវនេះ ខ្ញុំ​សម្រាលកូន​រួចហើយ អញ្ចឹង​តើ​ពេលណា​ដែល​ខ្ញុំ​គួរប្រើ​ថ្នាំ​ពន្យា​កំណើត​ហ្នឹង​វិញ​ទៅ​? តើ​វា​នឹង​ប៉ះពាល់​ដល់​ខ្ញុំ ឬ​សុខភាព​កូន​ខ្ញុំ​ដែរ​ទេ បើ​ខ្ញុំ​បំបៅកូន​ដោយ​ទឹក​ដោះ​?

​ពេល​ដែល​អ្នក​គួរ​ចាប់ផ្តើម​ប្រើ​ថ្នាំ​ពន្យា​កំណើត​ក្រោយ​ពី​សម្រាលកូន​រួច គឺ​អាស្រ័យ​ទៅលើ​កត្តា​ពីរ​យ៉ាង​៖ តើ​អ្នកនឹង​ត្រឡប់​មក​រួម​ភេទ​វិញ​លឿន​ប៉ុណ្ណា និង​ត្រូវ​បំបៅកូន​ញឹកញាប់​ប៉ុណ្ណា​។ ជាទូទៅ អ្នក​នឹង​អាច​រួមភេទ​វិញ​ធម្មតា​នៅ​ក្រោយ​សម្រាលកូន​បាន ៦ ទៅ​៨​សប្តាហ៍​ក្រោយ​។ ខណៈពេល​ដែល​នេះ​ជា​អ្វី​ដែល​គ្រូពេទ្យ​និយាយ តែ​វា​អាច​នឹង​ត្រូវការ​ពេល​ច្រើន​ជាង​នេះ​ទើប​មាន​ចំណង់​ផ្លូវភេទ​វិញ​។ នៅពេល​យើង​និយាយ​អំពី​ការពន្យា​កំណើត អ្នក​ត្រូវ​តែ​ប្រើ​ថ្នាំ​ពន្យា​កំណើត​ភ្លាម​ទៅ​នៅ​ពេល​អ្នក​ចង់​រួមភេទ​ឡើងវិញ ទោះបីជា​វដ្ត​រដូវ​អ្នក​មិនទាន់​វិល​មក​ធម្មតា​វិញ​ក៏​ដោយ​។

​ស្ត្រី​ភាគច្រើន​គិតថា ការ​មិន​មក​រដូវ និង​ការ​បំបៅ​ដោះ​កូន​គឺជា​ការពន្យា​កំណើត​បែប​ធម្មជាតិ ហើយ​អាច​ជួយ​អ្នក​មិន​ឱ្យ​មាន​កូន​បាន​។ ខណៈពេល​ដែល​រឿង​នេះ​គឺជា​ការពិត​នោះ ចូរ​យល់​ថា វា​មិន​អាច​ប្រាកដ ១០០​ភាគរយ​ថា​អាច​ការពារ​បាន​នោះឡើយ​។ អ្នក​អាច​នឹង​មាន​កូន​ម្តង​ទៀត​ភ្លាមៗ​ក្រោយ​ពី​សម្រាលកូន​បាន​ដដែល​។ នេះ​ដោយសារ​តែ អ្នក​ត្រូវ​ចាប់ផ្តើម​មាន​ការផ្ទុះ​អូ​វ៉ុល​រយៈពេល​ពីរ​សប្តាហ៍​មុនពេល​មក​រដូវ​។ បើសិន​ជា​អ្នក​រួម​ភេទ​ក្នុង​ពេលវេលា​នេះ​ដោយ​គ្មាន​ការការពារ​ទេ ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​គឺ​ខ្ពស់បំផុត​។ រដូវ​អ្នក​អាច​នឹង​ត្រឡប់​មក​វិញ​ក្រោយ​ពី​សម្រាលកូន​បាន ៦​សប្តាហ៍​ទៅ ៣​ខែ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​ជីវិត​ផ្លូវភេទ​យ៉ាង​សកម្ម​មែន​នោះ យក​ល្អ​គួរតែ​ប្រើ​ថ្នាំ​ពន្យា​កំណើត ឬ​ស្នើរ​ឱ្យ​ដៃគូ​ប្រើ​វិធី​ការពារ​ផ្សេង​ទៅ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការជ្រើសរើស​ថ្នាំ​ពន្យា​កំណើត​ត្រឹមត្រូវ​ក្រោយ​ពី​សម្រាលកូន​រួច​គឺជា​រឿង​សំខាន់​។ ថ្នាំ​ពន្យា​កំណើត​ដែល​ផ្សំ​ចូលគ្នា ប្រហែលជា​មិន​មែន​ជា​ជម្រើស​របស់​អ្នក​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការផលិត​ទឹកដោះ​បាន ដោយសារតែ​មាន​សមាស​ធាតុ​អ័រម៉ូន Estrogen ខ្ពស់​។ យ៉ាងណាមិញ ថ្នាំ​ពន្យា​កំណើត​ប្រភេទ Progesterone តែ​មួយ​អាច​ផ្តល់​ការការពារ​គ្រប់គ្រាន់​ពី​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​បាន ហើយក៏​មិន​ប៉ះពាល់​ដល់​ការផលិត​ទឹកដោះ​ច្រើន​ដែរ​។

​យក​ល្អ​គួរតែ​ចាប់ផ្តើម​ប្រើ​ថ្នាំ​ពន្យា​កំណើត​ក្រោយ​ពី​សម្រាលកូន​បាន ៦​ខែ និង​ចាប់ផ្តើម​ផ្តាច់​ដោះ​។ វិធី​មួយ​នេះ អ្នក​អាច​ប្រាកដថា ថ្នាំ​មិន​ប៉ះពាល់​ដល់​ការផលិត​ទឹកដោះ​ឡើយ​។ អ្នក​ក៏​អាច​ស្នើរ​ឱ្យ​ដៃគូ​ប្រើ​ស្រោមអនាម័យ​សម្រាប់​ការការពារ​ដំបូង​បានដែរ​៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។