សហគ្រាស សង្គមហ្វារ ចំណាយលុយ ជាង៥០ម៉ឺនដុល្លារ ដើម្បីក្លាយទៅជា ម្ចាស់កម្មសិទ្ធ របស់ទីតាំង សម្តែងហ្វារ នៅខេត្តសៀមរាប

ភ្នំពេញ៖ លោក ហួត តារា នាយកប្រតិបត្តិសហគ្រាស សង្គមហ្វារ បានថ្លែងអះអាងថា អំពីការផ្លាស់ប្តូរ ទីតាំងសម្តែងថ្មី នៅដីឡូត៍លេខ១៨៥៥នៅ ឃុំស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្វីដែលលោកចាត់ទុកថា ជាសមិទ្ធផល ក្នុងអំឡុងពេល ២ឆ្នាំ៦ខែ ដោយសម្រេច ទិញ និង ក្លាយជាម្ចាស់កម្មសិទ្ធិដីឡូត៍ តម្លៃ ៥៥០.000 ដុល្លារអាមរិកក្នុងការបង្កើត ទីតាំងថ្មីរបស់ហ្វារ ក្នុងក្រុងសៀមរាបនេះ។

ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ អង្គារ ទី៥ ខែមករា ឆ្នាំ២០១៥ លោក ហួត តារា លោកបន្តថា “ការទិញដីជាកម្មសិទ្ធផ្ទាល់ខ្លួន គឺជាគោលដៅដែល យើង ចង់បាន”។ “នៅពេលដែលយើង បានចុះកិច្ចសន្យាសម្រាប់ ជួលទីតាំងសម្តែងបច្ចុប្បន្ននេះ យើងបានដឹងថា នេះគ្រាន់តែជាដំណោះស្រាយបច្ចុប្បន្ន ដែលមិនឋិតថេរ។ ការជួលទីតាំង ក្នុងក្រុងសៀមរាប ពិតជាមានផលលំបាក ដោយតម្លៃឈ្នួលចេះ តែបន្តកើនឡើង។ ម្ចាស់ភាគហ៊ុននិងអ្នកគ្រប់គ្រង បានគិតថាប្រសិនបើយើង មានទីតាំងអចិន្ត្រៃយ៍ មួយនោះ គឺជាការល្អបំផុត ហើយក៏ជាការល្អ ក្នុងការជួយសម្រួលដល់ការរស់នៅ របស់សិល្បករ ឲ្យមានភាពនឹងនរផងដែរ”។

បើតាមលោកនាយកប្រតិបត្តិ ទីតាំងថ្មីរបស់ហ្វារ នឹងពង្រីកសម្រាប់ហ្វារកាហ្វេ និង ហ្វារបូទិក (សម្រាប់លក់វត្ថុអនុស្សាវរីយ៍) រួមទាំងទីតាំងសម្រាប់រក្សាទុកសម្លៀកបំពាក់យ៉ាងធំទូលាយ កន្លែងប្តូរសម្លៀកបំពាក់ ទីកន្លែងផាត់មុខ ទីកន្លែងរក្សាទុកឧបករណ៍ ទីកន្លែងសម្រាប់ ហាត់សម និង ទីកន្លែងចតយានយន្ត ធំទូលាយ។

លោក សំ សុភក្រ្ត័ ប្រធានផ្នែកបច្ចេកទេស ក៏បានរម្លឹក ពីពេលដែលហ្វារ ចាប់ផ្តើមដំណើរការដំបូង ក្នុងខេត្តទេសចរណ៍មួយនេះ។

លោកនិយាយថា “នៅពេលដែលយើង បើកដំណើរការជាលើកដំបូង ក្នុងខែកុម្ភៈ ឆ្នាំ២០១៣ យើងគ្មានអ្វីច្រើន នៅកន្លែងសម្តែងនេះទេ យើងមានតែឆាកសម្តែងមួយ ទីកន្លែងលក់សំបុត្រតូចមួយ និង កន្លែងលក់អាហារសម្រន់ ក្នុងតង់មួយប៉ុណ្ណោះ។ យើងស្ថិតនៅ ស្ថានភាពនេះរហូតដល់ខែឧសភាឆ្នាំ២០១៣ បន្ទាប់មកយើង ក៏បានបង្កើតសំណង់ ផ្សេងៗទៀត ដូចដែលយើងបានឃើញ នាពេលបច្ចុប្បន្ននេះ។ពួកយើងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយខឹតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ឲ្យមានដំណើរការនេះ។ យើងបានរៀនសូត្រ ច្រើនពីការរៀបចំនេះ ហើយក៏បានប្រើប្រាស់បទពិសោធន៍ទាំងនេះ  ក្នុងការបង្កើត ភាពរីកចម្រើន នៅទីតាំងថ្មីកាន់តែប្រសើរឡើង»។

ទឹកប្រាស់សរុបចំនួន ៥៥០.000 ដុល្លាអាមេរិក ដើម្បីទិញទីតាំងសម្តែងថ្មីនេះ ទទួលបាន ពីការផ្តល់ជំនួយ ដែលមានឈ្មោះថា “ផ្ទះរបស់ហ្វារ” រួមជាមួយប្រាក់ចំណេញ ពីការបណ្តាក់ទុន ការកើនឡើងភាគហ៊ុន និងកម្ចីពីស្ថាប័ន Grameen Credit Agricole Foundation និងអ្នកវិនិយោគឯកជនមួយចំនួនទៀត។

ការកកើតទីតាំងថ្មី បានចាប់ផ្តើមអំឡុងពេលឆ្នាំ២០១៥ នារដូវប្រាំងនេះ។ មុននឹងចាក់គ្រឹះដើម្បីសាងសង់ដំបូង គេបានធ្វើការចាក់បំពេញដី ឲ្យស្មើនឹងថ្នល់ជាតិ ដោយចាក់ឲ្យហាប់ជៀសវាងការច្រោះទឹក បន្ទាប់មករៀប ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជា ប្រព័ន្ធទឹក លូ ភ្លើង ផងដែរ។

រោងសម្តែងសៀកបច្ចុប្បន្ននេះ នឹងត្រូវផ្លាស់ប្តូរ ទៅទីតាំងថ្មី ក្នុងអំឡុងពេលថ្ងៃទី ៥មករា រហូតដល់១៤មករាឆ្នាំ២០១៦។ ក្នុងពេលវេលា៩ថ្ងៃនេះការសម្តែងរបស់ហ្វារ នឹងត្រូវសម្តែង នៅទីតាំងបច្ចុប្បន្ននៅពេលយប់ធម្មតាដោយសម្តែងនៅទីវាលតែម្តង។ សម្រាប់ទីតាំងថ្មីនឹង ដំណើរការជាផ្លូវការ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៦។

លោក តារា បានបញ្ជាក់ផងដែរថា “ភាពជោគជ័យដ៏ធំធេងនេះ គឺបានបញ្ជាក់ពីថ្ងៃអនាគត ទៅកាន់អ្នកវិនិ-យោគរបស់យើងថានេះ គឺជាការដឹកនាំដ៏ ប្រសប់ក្នុងវិស័យសិល្បៈនៅប្រទេសកម្ពុជា”។ “យើងពិតជាមានមោទនភាព និងត្រេកអរ ដោយបានលើកឡើងពី ជំហានដ៏សំខាន់នេះ។ ទីតាំងអចិន្រ្តៃយ៍មួយនេះ បានផ្តល់ឲ្យយើងនូវភាពជាម្ចាស់ការ ក្នុងការបម្រើអ្នកទស្សនា ផ្តល់ការងារជូនសិល្បករ យូរអង្វែង ចែលរំលែកសេដ្ឋកិច្ច និង បន្តក្លាយជាអ្នកតំណាង នៃសិល្បៈរបស់ប្រជាជនកម្ពុជា នៅលើឆាកអន្តរជាតិ»។

សហគ្រាស សង្គមហ្វារ ចំណាយលុយ ជាង៥០ម៉ឺនដុល្លារ ដើម្បីក្លាយទៅជា ម្ចាស់កម្មសិទ្ធ របស់ទីតាំង សម្តែងហ្វារ នៅខេត្តសៀមរាប