បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​នៅ​សង្កាត់​ចាក់​អង្រែ​លើ ឃាត់ខ្លួន​មនុស្ស​ម្នាក់ ដកហូត​ទូ​ហ្គេ​ម​១​គ្រឿង

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៥​នេះ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ មាន​កម្លាំង​នគរបាល​ខណ្ឌ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​បើក​អាជីវកម្ម​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​មួយ​កន្លែង​នៅ​ចំណុច​សំណង់​មិន​រៀបរយ ស្ថិត​ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ អាជ្ញាធរ​បាន​ធ្វើការ​ដកហូត ទូ​ហ្គេ​ម​បាញ់​ត្រី​១​គ្រឿង​, កង្ហារ​១, សៀវភៅ​កត់​លុយ​ប្រចាំ​ថ្ងៃ​១​ក្បាល​, កាមេរ៉ា​សុវត្ថិភាព​៦​គ្រឿង និង​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីតាំង​ខាងលើ ។

សូម​បញ្ជាក់​ថា ចំពោះ​ការ​លួចលាក់​បើក​អាជីវកម្ម​ហ្គេ​ម​បាញ់​ត្រី​នៅ​ចំណុច​ទីតាំង​សំណង់​មិន​រៀបរយ ខាងលើ​នេះ គឺជា​រឿយ​ៗ​អាជ្ញាធរ​ខណ្ឌមានជ័យ​តែងតែ​ចុះ​បង្ក្រាប​យ៉ាង​ខ្លាំងក្លា​ផង​ដែរ ប៉ុន្តែ​ផ្ទុយ​ត្រឡប់​មក​វិញ​ការ​បើក​អាជីវកម្ម​នៅ​តែ​បន្ត​កើត​មាន​ដដែល ជា​ហេតុ​ធ្វើ​អោយ​អាជ្ញាធរ​ខណ្ឌ​ក្នុង​នាម​ជា​មន្ត្រី​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​តែ​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ មិន​បណ្តែតបណ្តោយ​អោយ​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​កើត​មាន​ជា​ដាច់ខាត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន មិន​ថា​ម្ចាស់​អាជីវកម្ម​មានបុណ្យ​សក្តិ​យស​ធំ​ប៉ុន្មាន​នោះ​ទេ ។ ទើប​រហូត​មក​ទល់​នឹង​វេលា​ថ្ងៃខែ​ឆ្នាំ​ខាងលើ ដោយ​ទទួល​បាន​ប្រភព​ច្បាស់​ការណ៍​ថា​នៅ​មានការ​លួចលាក់​បើក​លេង ទើប​អាជ្ញាធរ​ចុះ​មក​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង ។

បច្ចុប្បន្ន វត្ថុ​តាង​ទូ​ហ្គេ​ម​ក៏​ដូច​ជា​ឧបករណ៍​ផ្សេង​ៗ​ទៀត​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌមានជ័យ រង់ចាំ​ថ្ងៃ​វាយ​កម្ទេច​ចោល ។ ដោយឡែក​បុរស​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក៏​ត្រូវ​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​សាលា​ខណ្ឌ​ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ថែម​ផង​ដែរ ៕