ក្រសួងសុខាភិបាល​ស្នើ​មេ​ប៉ូលិស និង​មេ​ប៉េអឹម ឃាត់​រថយន្ត​សង្គ្រោះ​ឯកជន​ខុសច្បាប់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានស្នើ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន និង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ឲ្យ​ជួយ​ចាត់វិធានការ​ឃាត់​រថ​យន្ត​គិលានសង្គ្រោះ​ឯកជន​ខុសច្បាប់ ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​អ្នកជំងឺ ឬ ជនរងគ្រោះ​ថ្នាក់​ចរាច​រ​នៅ​ទូទាំងប្រទេស​។​

​ក្នុងនាម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក តែ គុយ​ស៊ា​ង បាន​ប្រាប់​អាជ្ញាធរ​តាមរយៈ​លិខិត​សំណើរ​ចុះ​ថ្ងៃទី​៤ មករា ឆ្នាំ​២០១៦​នេះ ថា រយៈពេល​មួយឆ្នាំ កន្លងមកនេះ ក្រសួងសុខាភិបាល​បាន​សង្កេតឃើញថា រថយន្ត​គិលាន សង្គ្រោះ (Ambulance) គ្លីនិក​ឯកជន​មួយចំនួន ដែល​ក្លែងបន្លំ និង​គ្មាន​ពាក់​ស្លាក​លេខ​រថយន្ត ត្រឹមត្រូវ កំពុង​ធ្វើ​សកម្មភាព​ដឹក​អ្នករងគ្រោះថ្នាក់​ចរាចរ​តាមផ្លូវ​យកមក​ព្យាបាល​នៅក្នុង​គ្លីនិក ឯកជន​របស់ខ្លួន​។

​លោក​បាន​បញ្ជាក់ថា គ្លីនិក​ឯកជន​ទាំងនោះ បាន​គាបសង្កត់​បង្ខំ​ជនរងគ្រោះ​ឲ្យ​បង់ថ្លៃ សេវា​មួយ​ដែល​ថ្លៃ​ជាទីបំផុត និង​ប្រព្រឹត្ត​សកម្មភាព​រកស៊ី​ជួញដូរ ឬ​ដឹក​របស់របរ​ខុសច្បាប់​ផ្សេងៗ​ទៀត ដោយ​ប្រើប្រាស់​ស៊ី​រ៉ែ​ន​ក្លែងបន្លំ​ជា​រថយន្ត​គិលានសង្គ្រោះ​។​

​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​សរសេ​រ​បញ្ជាក់ថា​៖«​កត្តា​នេះ បាន​ជះឥទ្ធិពល​អាក្រក់ មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ភ្ញៀវ​ទេសចរណ៍ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ផ្ទុយ​ពី​កម្ពុជា​បច្ចុប្បន្ន កំពុង​ទទួលបាន​សក្តា​នុព​ល និង​កំណើន​ភ្ញៀវ​ទេសចរណ៍​តាម គោលដៅ​កំណត់​របស់​រាជរដ្ឋាភិបាល​»៕