អន្តរជាតិ​ខ្លាច​សង្គ្រាម​ផ្ទុះ​ខ្លាំង​នៅ​មជ្ឈិមបូព៌ា​ព្រោះ​អ៊ីរ៉ង​អារ៉ាប់​ឈ្លោះ​គ្នា​ខ្លាំង​

​ស្ថានភាព​មជ្ឈិមបូព៌ា​កាន់តែ​តានតឹង​ខ្លាំង ក្រោយ​បណ្តា​រដ្ឋ​អារ៉ាប់​ប្រកាន់​និកាយ​ស៊ូ​នី​ចាប់ផ្តើម​ព្រួត​គ្នា​ផ្តាច់​និង​បន្ថយ​កម្រិត​ចំណង​ការទូត​ជាមួយ​អ៊ីរ៉ង់ ជាការ​សងសឹក​ជំនួយ​អា​រ៉ា​ប៊ី សា​អូឌីត​។ គេ​បារម្ភ​ថា រដ្ឋ​ជា​គូប្រជែង​ទាំងពីរ​នេះ​អាច​នឹង​ផ្លាស់ប្តូរ​ពី​ជម្លោះ​ការទូត​ទៅជា​ជម្លោះ​ប្រដាប់អាវុធ​វិញ​ផង​នៅពេល​ខាងមុខ​។​អង្គការសហប្រជាជាតិ​និង​បណ្តា​ប្រទេស​មហាអំណាច​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​អត់ធ្មត់​និង​បញ្ចៀស​ឲ្យ​បានការ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​គ្នា​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ចាប់តាំងពី​អា​រ៉ា​ប៊ី សា​អូឌីត បណ្តេញ​មន្ត្រី​ទូត​អ៊ីរ៉ង់​ចេញពី​ប្រទេស​ខ្លួន​នៅ​ថ្ងៃអាទិត្យ​ទី​៣ ធ្នូ  បណ្តា​ប្រទេស​អារ៉ាប់​ផ្សេងទៀត ដូចជា​បា​រ៉ែ​ន អារ៉ាប់​រួម និង​រដ្ឋ​អាហ្វ្រិក​ស៊ូដង់​ចាប់ផ្តើម​ប្រកាស​កាត់បន្ថយ​កម្រិត​និង​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់​ដូចគ្នា​។ បា​រ៉ែ​ន និង​ស៊ូដង់ ប្រកាស​បណ្តេញ​អ្នកការទូត​អ៊ីរ៉ង់​និង​បុគ្គលិក​ទូត​ចេញពី​ទឹកដី​ខ្លួន តែ​អារ៉ាប់​រួម​ត្រឹម​បន្ថយ​កម្រិត​ទំនាក់ទំនង​ការទូត​ប៉ុណ្ណោះ​។​
​ដើមហេតុ​នៃ​ការ​ឈានទៅ​ផ្តាច់ចំណង​ការទូត​រវាង​រដ្ឋ​ប្រកាន់​និកាយ​ស៊ូ​នី​និង​ស៊ី​អ៊ី​ត​នេះ គឺ​ការប្រហារជីវិត​មេដឹកនាំ​សាសនា​ឥស្លាម​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​និង​ការវាយប្រហារ​ស្ថាន​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​ទីក្រុង​តេ​ហេ​រ៉ង់​កាលពី​ថ្ងៃអាទិត្យ​កន្លងមកនេះ​។ វា​អាច​ថា​ជា​រឿង​គួរ​បារម្ភ ប៉ុន្តែ​និយាយ​ទៅ​បណ្តា​រដ្ឋ​អារ៉ាប់​និង​អ៊ីរ៉ង់​មើលមុខ​គ្នា​មិន​ចំ​ស្រាប់​ហើយ​។  ហើយ​ឆ្លៀត​មាន​មាន​វាយប្រហារ​ស្ថានទូត​ខ្លួន​ផង អា​រ៉ា​ប៊ី​សា​អូឌីត ក៏​រក​លេស​បង្ករឿង​ផ្តាច់ចំណង​ការទូត​ជាមួយ​អ៊ីរ៉ង់​តែម្តង​។​

​រឿងរ៉ាវ​ក្លាយជា​បែបនេះ ដោយសារ​បញ្ហា​សាសនា​ដែលមាន​ការ​បែង​ចែ​កនិកា​យ​ដែល​កើតមានឡើង​អស់​រាប់​សតវត្ស​មកហើយ​នោះ និង​មួយវិញទៀត​គឺ​ការ​ប្រជែង​គ្នា​ដើម្បី​កសាង​ឥទ្ធិពល​រវាង​សេដ្ឋី​ប្រេង​អារ៉ាប់ និង​អ៊ីរ៉ង់​នៅ​មជ្ឈិមបូព៌ា​។ ដូច​ឃើញស្រាប់ មហាអំណាច​តំបន់​ទាំងនេះ​សុទ្ធតែ​លូកដៃ​និង​នៅ​ពីក្រោយ​ភាគី​ជម្លោះ​ជាច្រើន​មាន​ទាំង​ជម្លោះ​នៅ​យេ​ម៉ែន ស៊ី​រី និង​ហិង្សា​ប្រដាប់អាវុធ​ផ្សេងទៀត  ដែល​កើតឡើង​នៅ​មជ្ឈិមបូព៌ា​។ ក្រោយ​បញ្ហា​ការទូត​កើតឡើង វិហារ​ឥស្លាម​និកាយ​ស៊ូ​នី​ចំនួន ២​កន្លែង​នៅ​អ៊ីរ៉ាក់​រង​ការ​បំផ្ទុះ​គ្រាប់បែក​បណ្តាល​ឲ្យ​ប្រជាជន​ច្រើន​នាក់​រងរបួស​នៅ​ប្រទេស​អ៊ីរ៉ាក់​។   

​ការប្រឈមមុខគ្នា​ផ្នែក​ការទូត និង​ភាព​តានតឹង​នេះ​អាច​នឹង​ក្លាយជា​រឿង​ដ៏​ស្មុគស្មាញ និង​ធ្វើ​ឲ្យ​ជម្លោះ​មជ្ឈិមបូព៌ា​រីក​កាន់តែ​ធំ​។ គេ​វាយតម្លៃថា ជម្លោះ​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត និង អ៊ីរ៉ង់ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការស្វែងរក​សន្តិភាព​នៅ​ក្នុងប្រទេស​ស៊ី​រី ធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ​ប្រេង​ឆៅ​ដែល​កំពុង​ដាំ​ក្បាល​ចុះ​ស្រាប់ ហើយ​បើ​ធ្ងន់ធ្ងរ​ជាង​នេះ​និង​គ្មាន​ដំណោះស្រាយ វា​ក៏​នឹង​អាច​ក្លាយជា​សង្គ្រាម​រវាង​មហាអំណាច​ទាំងពីរ​ផង​ក៏​ថា​បាន​។​

១.​អឺរ៉ុប​និង​អាមេរិក​ព្រួយបារម្ភ​ពី​ស្ថានភាព​មជ្ឈិមបូព៌ា​
​ជុំវិញ​ការ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​រវាង​រដ្ឋ​អារ៉ាប់​ជាមួយ​អ៊ីរ៉ង់ បណ្តា​ប្រទេស​អឺរ៉ុប មាន​ទាំង​អង់គ្លេស​អាឡឺម៉ង់ បារាំង បានស្នើ​សុំ​ទៅកាន់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ក្រុង​រី​យ៉ា​ដ និង​ក្រុង​តេ​ហេ​រ៉ង់​ឲ្យ​ប្រញាប់ប្រញាល់​ដោះស្រាយ​ជម្លោះ​ការទូត​និង​បញ្ចៀស​ឲ្យ​បាន​នូវ​ការប្រើប្រាស់​កម្លាំង​។ បើ​គ្មាន​ចំណាត់ការ​ទេ ហិង្សា​ប្រដាប់អាវុធ​នឹង​កើតឡើង​កាន់តែច្រើន​នៅ​មជ្ឈិមបូព៌ា ហើយ​គ្មាន​អ្នកណា​អាច​ទាយ​ដឹងថា​តើ​រឿង​អ្វី​នឹង​កើតឡើង​បន្តទៀត​។  អង់គ្លេស​និង​អាឡឺម៉ង់​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​ស្តារ​ចំណង​ការទូត​ឡើងវិញ ខណៈ​រដ្ឋាភិបាល​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ទទូច​សុំ​ឲ្យ​ក្រុង​រី​យ៉ា​ដ និង​ក្រុង​តេ​ហេ​រ៉ង់ បន្ថយកម្តៅ​ការទូត​នេះ​ផង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃឺ​រី បានស្នើ​សុំ​សម​ភាគី​លោក​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី សា​អូឌីត​លោក Adel al-Jubeir និង​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Jawad Sharif ឲ្យ​រក​ដំណោះស្រាយ​និង​អត់ធ្មត់​ឲ្យ​បាន​ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើបាន​។ អាមេរិក​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ប៉ុន្តែ​មហាអំណាច​មួយ​នេះ​មើលឃើញ​ច្បាស់​ពី​គ្រោះថ្នាក់​បើ​បណ្តែតបណ្តោយ​ឲ្យ​ជម្លោះ​អ៊ីរ៉ង់​និង​អា​រ៉ា​ប៊ី​សា​អូឌីត​កាន់​ធ្ងន់ធ្ងរ​ទៅ​។ វា​ប្រាកដ​ណាស់​ថា​ជម្លោះ​នេះ​នឹង​បះ​ពាល់​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ការបង្កើត​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ជាពិសេស​យុទ្ធនា​ការប្រឆាំង​ភេរវកម្ម​។​

២.​ចិន​និង​រុស្ស៊ី​ព្រួយបារម្ភ​រឿង​បញ្ហា​តម្លៃ​ប្រេង​
​បញ្ហា​មជ្ឈិមបូព៌ា​នេះ មិន​ត្រឹមតែ​ជា​កង្វល់​របស់លោក​ខាងលិច​ទេ វា​ក៏​ជា​កង្វល់​ដ៏​ធំ​របស់​មហាអំណាច​អាស៊ី​ចិន និង​រុស្ស៊ី​ដែរ​។ ពេល​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​ផ្ទុះឡើង មហាអំណាច​ទាំងពីរ​គិត​ឃើញ​ដល់​បញ្ហា​តម្លៃ​ប្រេង​តែម្តង ព្រោះ​រុស្ស៊ី​ជា​ប្រទេស​នាំ​ប្រេង​ចេញ ខណៈដែល​ចិន​ជា​ប្រទេស​ប្រើប្រាស់​ថាមពល​ច្រើន​បំផុត​លើ​លោក​។​

​រដ្ឋាភិបាល​រុស្ស៊ី​បានប្រកាសថា​ខ្លួន​ស្ម័គ្រចិត្ត​ធ្វើជា​សន្ធាន​ការី​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ការទូត​នេះ ហើយ​រុស្ស៊ី​ក៏​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​និង​តេ​ហេ​រ៉ង់​ចៀសវាង​ការប្រើប្រាស់​កម្លាំងយោធា​។ រុស្ស៊ី​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់ ហើយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី សា​អូឌីត​ដែរ​។ ចំណែក​ក្រសួងការបរទេស​ចិន​ក៏​ចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​សុំ​ឲ្យ​ភាគី​ជម្លោះ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ចាប់​រហ័ស ហើយ​មហាអំណាច​នេះ​ក៏​បង្ហាញ​ក្តីបារម្ភ​ខ្លាំង ព្រោះ​បើ​ជម្លោះ​អូសបន្លាយ​ពេល​យូរ ឬ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​យោធា​ផង​នោះ វា​នឹងធ្វើ​ឲ្យ​ការផលិត​ប្រេង​និង​ការដឹកជញ្ជូន​ពី​តំបន់​មជ្ឈិមបូព៌ា​មាន​គ្រោះថ្នាក់​។ បច្ចុប្បន្ននេះ សមាជិក OPEC កំពុងតែ​ខ្វែងគំនិត​គ្នា​ស្រាប់​រឿង​កំណត់​បរិមាណ​ប្រេង​ដែល​ត្រូវ​ផលិត​ដើម្បី​ឲ្យ​តម្លៃ​ប្រេង​ឡើងវិញ  ហើយ​ជម្លោះ​លើក​នេះ​នឹង​រឹតតែ​ធ្វើ​ឲ្យ​សមាជិក​អង្គការ​នេះ​ពិបាក​ត្រួវ​រ៉ូ​វ​គ្នា​ថែមទៀត​។

៣.​អង្គការសហប្រជាជាតិ​បារម្ភ​ថា​ការកសាង​ចរចា​សន្តិភាព​នៅ​ស៊ី​រី​បរាជ័យ​
 រឿង​ដែល​គួរ​ឲ្យ​បារម្ភ​មួយទៀត គឺ​ការ​ឈានទៅ​បញ្ចប់សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ប្រាំ​ឆ្នាំ​នៅ​ស៊ី​រី​។ ក្រៅពី​អំពាវនាវ​ដូច​គេ​ដូច​ឯង ប្រមុខ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បារម្ភ​ថា រដ្ឋ​អារ៉ាប់ និង​អ៊ីរ៉ង់ ឈ្លោះ​គ្នា​ជា​ឧបសគ្គ​នៃ​ការដោះស្រាយ​បញ្ហា​ស៊ី​រី​។ អង្គការសហប្រជាជាតិ​ចង់​ឲ្យ​មាន​កិច្ចចរចា​រវាង​ក្រុមប្រឆាំង​និង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​នៅ​ថ្ងៃ ២៥ ខែមករា​ខាងមុខ ប៉ុន្តែ​ការ​ប្រទូស្ត​រ៉ា​យ​ផ្នែក​ការទូត​ថ្មីៗ​នេះ​អាច​បំផ្លាញ​គម្រោង​នេះ​ផង​។ រដ្ឋ​អារ៉ាប់ និង​អ៊ីរ៉ង់ មាន​តួនាទី​ស្នូល​ក្នុង​ការជួយ​បញ្ចប់​បញ្ហា​នៅ​ស៊ី​រី បើសិន​ភាគី​ទាំងនេះ​មិន​ចូលរួម​កិច្ចចរចា​ទេ វា​ប្រាកដ​ហើយ​ថា ការស្វែងរក​សន្តិភាព​នៅ​ស៊ី​រីនឹង​បរាជ័យ​។ តែ​ឆ្លើយតប​ក្តីបារម្ភ​នេះ រដ្ឋមន្ត្រីការបរទេស​ក្រុង​រី​យ៉ា​ដ បាន​អះអាង​ហើយ​ថា តំណាង​រដ្ឋាភិបាល​នឹងចូលរួម​ក្នុង​វេទិកា​ពិភាក្សា​នេះ​៕