អតីត​សង្សារ​របស់​ប្តី​នាង​ខ្ញុំ ប្រើ​សិទ្ធិ​ជា​នាយិកា ចង់​បង្កាត់ភ្លើង​ស្នេហ៍​ឡើងវិញ​

អ្នកគ្រប់គ្រង​នៃ​ក្រុមហ៊ុន​ដែល​ប្តី​ខ្ញុំ​ធ្វើការ គឺជា​អតីត​មិត្តស្រី​របស់គាត់ ។ ប្តី​របស់​នាង​ខ្ញុំ និង នារី​ម្នាក់​នោះ​ធ្លាប់​ស្រឡាញ់គ្នា​ក្នុងអំឡុងពេល​គាត់​ត្រៀម​រៀបការ​ជាមួយ​នាង​ខ្ញុំ ។ បន្ទាប់ពី​យើង​បាន​រៀបការ គ្រួសារ​របស់​នាង​ខ្ញុំ មាន​ក្តី​សុខ​ខ្លាំងណាស់ ។ ​ប្តី​របស់​នាង​ខ្ញុំ​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ និង កូនៗ ហើយ​នៅ​ចុង​សបា្តហ៍​គាត់​តែង​នាំ​ម្តាយកូន​យើង​ចេញទៅ​កម្សាន្ត ។ ប្រហែល​មួយឆ្នាំ​មុន ប្តី​នាង​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ការងារ​ប្រាក់ខែ​បាន​ច្រើនជាង​មុន ប៉ុន្តែ​គាត់​មានការ​មមាញឹក​ជាង​មុន ដោយមាន​ពេលខ្លះ​ត្រូវធ្វើ​ការ​លើស​ម៉ោង និង ត្រូវ​គេង​នៅ​ការិយាល័យ ។

នាង​ខ្ញុំ​ពិតជា​អាណិត​គាត់​ខ្លាំងណាស់ ។ មិនយូរប៉ុន្មាន​ម្តាយ និង ប្អូនស្រី​របស់​នាង​ខ្ញុំ​បាន​និយាយ​មិនល្អ​ពី​ប្តី​នាង​ខ្ញុំ ថា​គាត់​មាន​ស្រី​នៅ​ខាងក្រៅ ។ នាង​ខ្ញុំ​ជឿជាក់​ទាំងស្រុង​លើ​ប្តី ព្រោះថា​គាត់​មិនដែល​បានធ្វើ​អ្វី​ឱ្យ​ខ្ញុំ​ខឹង ឬ ក៏មាន​ឥរិយាបថ​ណាមួយ​បង្ហាញថា​មាន​ស្រី​នោះទេ ប៉ុន្តែ​កាលពី​ប្រហែល​មួយខែ​មុននេះ​នៅពេល​គាត់​ជូន​កូន​ទៅ​រៀន ក៏​ស្រាប់​តែមាន​គេ​ផ្ញើ​សារ​មក​ទូរស័ព្ទ​ដែល​គាត់​ភ្លេច​នៅផ្ទះ ។ ជាធម្មតា​នាង​ខ្ញុំ​មិនដែល​ឆែក​មើល​ទូរស័ព្ទ​របស់គាត់​ទេ តែ​លើក​នេះ​ដោយសារ​ឃើញ​មាន​សារ​ដែល​ផ្ញើ​ពី​មនុស្ស​ដែលមាន​ឈ្មោះថា «Boss» ខ្ញុំ​ក៏​បើក​អាន ព្រោះ​ខ្លាច​មាន​កិច្ចការ​សំខាន់ ។

ក្នុង​សារ​នោះគេ​សរសេរថា «​បង​ទំនេរ​ឬ​អត់ ? ទៅ​ក្រៅ​ហូប​អី​ជាមួយ​អូន ។ អូន​នៅតែ​ចាំ និង ស្រមៃ​នឹក​កាលពី​ពេលដែល​យើង​បាន​នៅ​ជាមួយគ្នា ប្រកបដោយ​ភាព​ផ្អែមល្ហែម​» ។ ពេលនោះ​ភ្នែក​របស់​នាង​ខ្ញុំ​ឡើង​ក្តៅ បេះដូង​ស្ទើរ​លោត​ចេញមកក្រៅ នាង​ខ្ញុំ​សរសេរ​តប «​អូន​នៅចាំ​ស្អី​គេ​» ។ ភ្លាមនោះ​ភាគី​ម្ខាង​ទៀត​ចាប់ផ្តើម​បញ្ចេញ​កំហឹង ។ នាង​សរសេរថា នាង​នៅចាំ​ការដែល​នៅ​ជាមួយគ្នា ដេក​ជាមួយគ្នា ហើយ​ថា​នាង​ស្អប់​ប្តី​នាង​ខ្ញុំ ដោយសារតែ​ស្រឡាញ់​នាង បែរជា​មក​រៀបការ​នឹង​នាង​ខ្ញុំ ។ នាង​ខ្ញុំ​ដឹង​ច្បាស់​ថា ប្តី​នាង​ខ្ញុំ​ស្រឡាញ់​នាង​នោះ​ខ្លាំងណាស់ ប៉ុន្តែ​ឪពុកម្តាយ​គាត់​មិន​ពេញចិត្ត​ប្រការ​ដែល​នាង​ខ្ញុំ​ខឹង​នោះ​គឺ​នៅពេល​ជិត​រៀបការ​ហើយ គាត់​នៅតែ​ឆ្លៀត​ទៅ​ដេក​ជាមួយ​នាង​នោះ​ទៀត ។

បន្ទាប់ពី​បាន​ប្រាប់​រឿង​នោះ​ដល់​ប្តី​នាង​ខ្ញុំ គាត់​ក៏បាន​សារភាព​ទាំងអស់ ហើយ​ថា​ខ្លួន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​នោះ​ហើយ​តាំងពី​នាង​បាន​ទៅ​រៀន​នៅ​បរទេស ។ នៅពេល​ប្តី​នាង​ខ្ញុំ​ប្តូរ​ការងារ​ទើប​ដឹងថា​នាង​បាន​ធ្វើជា​នាយិកា​នៅ​ក្រុមហ៊ុន​ដែល​ប្តី​នាង​ខ្ញុំ​ធ្វើការ ។ ប្តី​នាង​ខ្ញុំ​បាន​ស្បថ​ថា​មិនមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង​នោះ​ទៀត​ទេ ប៉ុន្តែ​ក្រោយមក​គាត់​បែរជា​ខឹង​ដោយសារតែ​នាង​ខ្ញុំ​បាន​ផ្ញើ​សារ​ត្រឡប់​បែប​នោះ ។ គាត់​ថា​មិនដឹង​ត្រូវ​បកស្រាយ​បែបណា​ទេ​ទើប​មិន​ប៉ះពាល់​ការងារ ។ គាត់​ហាម​មិនឱ្យ​នាង​ខ្ញុំ​ប្រចណ្ឌ​ដោយ​មិនត្រូវ​រឿង​ដែរ ។ ប្តី​នាង​ខ្ញុំ​មិនបាន​យកចិត្តទុកដាក់​នឹង​អារម្មណ៍​របស់​នាង​ខ្ញុំ​ទេ ។

នាង​ខ្ញុំ​បាន ស្នើឱ្យ​គាត់​ឈប់​ធ្វើការ​នៅ​ទីនោះ ប៉ុន្តែ​គាត់​និយាយថា គាត់​មិនអាច​បោះបង់ ការងារ​នៅ​ទីនោះ​បានទេ ព្រោះ​បច្ចុប្បន្ន​ពិបាក​រក​ការងារ​ល្អ​បែបនេះ​ខ្លាំងណាស់ ។ ម្យ៉ាងទៀត​នៅ​ក្រុមហ៊ុន​នោះ​គាត់​មាន​ប្រាក់ខែ​ច្រើន មានឱកាស​កាន់កាប់​តំណែង​ខ្ពស់ ។ យ៉ាងនេះ​ក្តី​នាង​ខ្ញុំ​លែង​ទុកចិត្ត​គាត់​ទៀតហើយ នាង​ខ្ញុំ​ចាប់ផ្តើម​សង្ស័យ អំពី​ដំណើរ​បំពេញការងារ​របស់គាត់ ការធ្វើការ​លើស​ម៉ោង​ការ​គេង​នៅ​ការិយាល័យ ។​ល​។ នាង​ខ្ញុំ​តែង​ស្រមៃ​ថា ពួកគេ​ទាំងពីរ​នាក់​ដើរលេង​ជាមួយគ្នា គេង​ជាមួយគ្នា ។ ទាំងនេះ​ធ្វើឱ្យ​នាង​ខ្ញុំ​កាន់តែ​ពិបាកចិត្ត​មិនដឹង​ត្រូវធ្វើ​យ៉ាងណា ?

ជូន​ចំពោះ​ស្ត្រី​ម្នាក់​ដ៏​គួរ​អាណិត​
​បញ្ហា​គួរឱ្យ​ឈឺចិត្ត​នេះ គឺជា​អ្នក​បង្កើតឡើង នៅពេល​បាន​ផ្ញើ​សារ​ត្រឡប់​ទៅកាន់ «​មេ​» របស់​ប្តី ។ ការដឹង​ច្រើន ដឹង​លម្អិត​អំពី​ទំនាក់ទំនង​ស្នេហា​កាលពីមុន​របស់​ប្តី​ធ្វើឱ្យ​អ្នក​កាន់តែ​ត្រូវ​ឈឺចិត្ត ។ ការខឹង​របស់​ប្តី​អ្នក​មិនមែន​មិនមាន ហេតុផល​នោះទេ ដោយសារ​គាត់​កំពុង​ជាប់​នៅ​ចំ​កណ្តាល​រវាង​ការធ្វើការ​បំពេញចិត្ត​មេ និង ភាពស្មោះត្រង់​ជាមួយ​មនោសញ្ចេតនា​រប​ស់​ខ្លួន ។ នាយិកា​របស់​ប្តី​អ្នក​ប្រាកដជា​ត្រូវ​ខឹង​ខ្លាំង​បន្ទាប់ពី​បានដឹងថា ខ្លួន​ត្រូវ​មនុស្ស​ទី​បី​ចាប់បាន​កំហុស ។ ប្រសិនបើ​ប្តី​អ្នក​មិន​និយាយ​ត្រង់​ទេ នោះ​គាត់​នឹង​នៅតែ​ជា​«​អាហារ​ឆ្ងាញ់​» របស់ «​មេ​» ។

ពេលនោះ​អ្នក​ដែល​ត្រូវ​ទទួលរង «​គ្រោះថ្នាក់​»​គឺជា​រូបអ្នក ។ យើង​យល់ថា ការបកស្រាយ​របស់​ប្តី​អ្នក​ពិតជា​ស្មោះត្រង់ និង សម ហេតុផល ។ អ្នកមាន​សិទ្ធិ​ខឹង​នឹង​ប្តី​ដោយ​សារបាន​កុហក​អ្នក​កាលពី​មិនទាន់​រៀបការ ប៉ុន្តែ​គាត់​ក៏បាន​ស្បថ​រួចហើយ​ថា​អ្វីៗ​បានបញ្ចប់ ។ ទន្ទឹមនឹងនេះ​«​មេ​»​របស់គាត់​ក៏បាន​ផ្ញើ​សារ​មក​ថា «​អូន​នៅតែ​ចាំ និង ស្រមៃ​នឹក​កាលពី​ពេលវេលា ដែល​យើង​បាន​នៅ​ជាមួយគ្នា​ប្រកបដោយ​ភាព​ផ្អែមល្ហែម​» ។ ឃ្លា​នេះ​ប្រសិន​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ គឺ​មានន័យថា វា​ជា​រឿង​អតីតកាល មិន​ដូច្នោះ​ទេ​ធ្វើ​ម្តេច​នាង​នោះ ប្រើពាក្យ​ថា «​ចងចាំ​» ឬ ស្រមៃ​នឹក ។

ច្បាស់​ណាស់​ថា បច្ចុប្បន្ន​ពួកគេ​មិនមាន​ទំនាក់ទំនង​ស្នេហា​ដូច​កាលពីមុន​នោះឡើយ ។ អ្នក​គួរ​ដឹងថា មនុស្ស​យើង​ម្នាក់ៗ​តែងមាន​អតីតកាល​មាន​កំហុស ។ ដូច្នេះ​អ្នក​គួរតែ​អា​ធ្យា​ស្រ័យ​ដល់​ប្តី និង ជឿជាក់​លើ​គាត់​ជា​បណ្តោះអាសន្ន ៕​សូម​សំណាងល្អ !

អតីត​សង្សារ​របស់​ប្តី​នាង​ខ្ញុំ ប្រើ​សិទ្ធិ​ជា​នាយិកា ចង់​បង្កាត់ភ្លើង​ស្នេហ៍​ឡើងវិញ​