កុងតឺន័រ​បុក​ម៉ូតូ​ធំ​ស្លាប់​បុរស​ម្នាក់​នៅ​ផ្លូវ​លេខ​៣៧១ រួច​បើក​គេច​ខ្លួន​បាត់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​បន្ទាប់​ពី​ត្រូវ​រថយន្ត​កុងតឺន័រ​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ម​ជ្ឍ​មណ្ឌល​មង្គល​ឧត្តម តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

បុរស​រង​គ្រោះ​ឈ្មោះ ហួ ហ៊ា​ប អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ធំ​១​គ្រឿង​ម៉ាក XR ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1T-3784 ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ធំ​១​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​បាន​រេ​ចង្កូត​មក​បុក​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​កុងតឺន័រ​ក៏​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕