សេវា​ឆៀករថយន្ត​យឺតយ៉ាវ​ធ្វើ​ឲ្យ​អតិថិជន​នៅ​ភ្នំពេញ​មិន​សប្បាយចិត្ត​

​រូបថត​ផ្តល់​ឲ្យ​ដោយ​លោក ឆាយ សុផល​​ភ្នំពេញ​៖ សេវា​ឆៀករថយន្ត​មិនអាច​បំពេញចិត្ត​អតិថិជន​បានឡើយ​។ ជា​រៀងរាល់ថ្ងៃ រថយន្ត​រាប់រយ​គ្រឿង​ទៅ​បន្តកន្ទុយ​គ្នា​ដើម្បី​ទទួល​សេវា​ឆៀក​។ ភាពយឺតយ៉ាវ​នេះ​បង្ក​ឲ្យ​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន អង្គការ​ខាត​ពេលវេលា និង​មិន​សប្បាយចិត្ត​ទាល់តែសោះ​។

​ចាប់តាំងពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​មក ពលរដ្ឋ​ខ្មែរ​ដែលមាន​រថយន្ត ហើយ​មិនដែល​ខ្វល់ខ្វាយ​នឹង​រឿង​ឆៀក​នោះ នាំគ្នា​សម្រុក​ទៅ​ទទួល​សេវា​ឆៀក​ព្រម​ពេល​តែមួយ​ដែល​ជំរុញ​ឲ្យ​មន្ត្រី​ត្រួតពិនិត្យ​គ្រឿងយន្ត​មិនអាច​ផ្តល់​សេវា​ឲ្យ​ទាន់​ចិត្ត​ឡើយ​។

​លោក សោ​ភ័​ណ្ឌ បម្រើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ បានធ្វើ​ដំណើរ​ទៅ​ទទួល​សេវា​ឆៀក​អស់​រយៈពេល​២​ថ្ងៃ​ហើយ តែ​លោក​មិនទាន់​ទទួលបាន​នៅឡើយ​ទេ​ដោយសារតែ​ចំនួន​អតិថិជន​ច្រើនពេក​។ លោក សោ​ភ័​ណ្ឌ ត្រឡប់មក​កន្លែងធ្វើកា​រវិ​ញ បានត្រឹមតែ​និយាយថា​៖«​ខាត​ពេល​អស់ពីរ​ព្រឹក អត់​ប្រយោជន៍​អ្វី​សោះ​»​។

​លោក ឆាយ សុផល សាស្ត្រាចារ្យ​សារព័ត៌​មាននៅ​សកល​វិទ្យាល័យ​ភ្នំពេញ ក៏មាន​វាសនា​មិនសូវ​ខុស​នឹង​លោក សោ​ភ័​ណ្ឌ ដែរ​។ លោក​បានធ្វើ​ដំណើរ​ទៅ​ទទួល​សេវា​ឆៀក​ដែរ តែ​ត្រូវ​បរាជ័យ ពីព្រោះ​អតិថិជន​មាន​ចំនួន​ច្រើនពេក ហើយ​រដ្ឋាភិបាល​មិនអាច​សម្រួល​ឲ្យ​ទាន់ពេលវេលា​បាន​។ លោក សុផល បាន​បញ្ជាក់ថា​៖«​ប្រជាពលរដ្ឋ​ត្រៀម​អនុវត្ត​ច្បាប់ ដូច្នេះ រដ្ឋ​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ល្អ​ដែរ​។ ប្រជាពលរដ្ឋ​មិនសូវមាន​ពេលវេលា​ច្រើន​ទេ​»​។ លោក ឆាយ សុផល សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ពង្រីក​ស្ថាប័ន​ឆៀករថយន្ត​ឲ្យ​បាន​ច្រើន ពោល​កុំ​ឲ្យ​មានតែ​ពីរ​នៅក្នុង​ភ្នំពេញ​ដូច​សព្វថ្ងៃនេះ​។

​លោក ឆាយ សុផល បាន​លើកឡើងថា ទីក្រុង​ភ្នំពេញ​មាន​រថយន្ត​រាប់សែន ដូច្នេះ ការអនុញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​ឆៀក​កាន់តែច្រើន កាន់តែ​ល្អ​។ អតិថិជន និង​បុគ្គលិក​នៅ​កន្លែង​ឆៀក​ឡាន​បាន​ប្រា​ប់លោក ឆាយ សុផល ថា អ្នកខ្លះ មក​ចាំ​ទទួល​សេវា​ឆៀក​ឡាន​តាំងពី​ម៉ោង​២​ទាបភ្លឺ​៕

សេវា​ឆៀករថយន្ត​យឺតយ៉ាវ​ធ្វើ​ឲ្យ​អតិថិជន​នៅ​ភ្នំពេញ​មិន​សប្បាយចិត្ត​