រាជរដ្ឋាភិបាលចាប់ផ្តើមប្រមូលចំណូលពីការចូល​ទស្សនា​អង្គរ


រាជរដ្ឋាភិបាលចាប់ផ្តើមប្រមូលចំណូលពីការចូល​ទស្សនា​អង្គរ

រាជរដ្ឋាភិបាលចាប់ផ្តើមប្រមូលចំណូលពីការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទអង្គរវត្តដោយខ្លួនឯងផ្ទាល់ហើយចាប់តាំងពីសបា្តហ៍មុនមកបន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់សិទិ្ធលក់សំបុត្រចូលទស្សនាប្រាសាទអង្គរពីក្រុមហ៊ុន សុខា អូតែល។ នេះបើតាមការឲ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

 

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានប្រាប់សារព័ត៌មានក្នុងស្រុកនាសប្តាហ៍នេះថា៖ គណៈកម្មការរួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងទេសចរណ៍ត្រូវបានបង្កើតឡើងរួចហើយ។ ហើយកំពុងបានយកកិច្ចការលក់សំបុត្រឲ្យភ្ញៀវចូលទស្សនាអង្គរ ពីក្រុមហ៊ុនសុខាមកកាន់កាប់ចាប់តាំងពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៦ មកម្ល៉េះ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានយកការងារការគ្រប់គ្រងការលក់សំបុត្រពីក្រុមហ៊ុន សុខា មកអនុវត្តបន្ត។ លោក ថោង ខុន ឲ្យដឹងថាអនុក្រឹត្យស្ដីពីគ្រឹះស្ថានសាធារណៈអង្គរមិនទាន់រួចរាល់ក្នុងការប្រកាសនៅឡើយទេ គណៈកម្មការនេះនឹងរៀនសូត្របទពិសោធល្អៗពីក្រុមហ៊ុន ដោយពង្រីកនិងកែទម្រង់បន្ថែមទៀតប្រសិនបើមានចំណុចខ្សោយដើម្បីធ្វើឲ្យកាន់តែប្រសើរ។

 

រាជរដ្ឋាភិបាលចាប់ផ្តើមប្រមូលចំណូលពីការចូល​ទស្សនា​អង្គរ

 

 

លោករដ្ឋមន្ត្រីបានឲ្យដឹងថា៖ “យើងគ្រាន់ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំហើយមានដំណាក់កាលជាច្រើនទៀតត្រូវធ្វើ។ ប្រាក់បានពីការលក់សំបុត្រត្រូវបានគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយវាចូលទៅក្នុងរតនាគារជាតិ” ។

 

រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៥ បានសម្រេចបញ្ឈប់ការផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុន សុខ គង់ ក្នុងការប្រមូលថវិកាពីការលក់សំបុត្រចូលទស្សនាអង្គរដោយអះអាងថាការដកយកមកគ្រប់គ្រងវិញនេះជាកំណែទម្រង់មួយរបស់រដ្ឋាភិបាល។

 

រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ឲ្យបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីរៀបចំនីតិវិធីសម្រាប់ផ្ទេរការគ្រប់គ្រងការលក់បណ្ណចូលទស្សនាអង្គរ។ គណៈកម្មការនោះមានសភាព១១រូបដែលមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិ អប្សរាជាដើម។ គណៈកម្មការនេះមានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ជូ វិជិត្ត ជាប្រធាននិងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីលោក តឹក រ៉េត សម្រេច និងរដ្ឋលេខាធិការក្រសួងទេសចរណ៍លោក ជា បូរ៉ា ជាអនុប្រធាន។ បើតាមសេចក្តីសម្រេចនេះគណៈកម្មការនឹងពិនិត្យវាយតម្លៃនិងចរចាជាមួយក្រុមហ៊ុនក្នុងការទូទាត់គ្នានូវកាតព្វកិច្ចហិរញ្ញវត្ថុដែលពាក់ព័ន្ធនិងរៀបចំនូវលិខិតបទដ្ឋានចាំបាច់នានាជូនរាជរដ្ឋាភិបាលដើម្បីបង្កើតគ្រឹះស្ថានរដ្ឋបាលសម្រាប់ការគ្រប់គ្រងចំណូលដែលបានមកពីការលក់បណ្ណចូលទស្សនាប្រាសាទអង្គរ ។

 

អាជ្ញាធរជាតិអប្សរាបានប្រកាសពីស្ថិតិភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់១១ខែ ឆ្នាំ២០១៥ គឺភ្ញៀវទេសចរទិញបណ្ណមានចំនួន១.៨៧៧.៤៣៧ នាក់ កើនឡើង ២,២១ភាគរយ បើប្រៀបធៀបនឹង១១ ខែ ឆ្នាំ២០១។ រីឯ ចំណូលដុលមានចំនួនសរុប៥៣.៥៥៦.៤៨០ដុល្លារគឺកើនឡើង១,១៥ ភាគរយបើធៀបនឹង១១ ខែ ឆ្នាំ២០១។ របាយការណ៍ក៏បានបង្ហាញថានៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥នេះ ចំនួនភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបមានចំនួន ២០០.០៨៤ នាក់។ ចំណែកចំណូល សរុបមានចំនួន ៥.៨៧៥.៨០០ដុល្លារ។ គឺកើនឡើង៥,៧១ភាគរយ បើធៀបនឹងចំណូលកាលខែវិច្ឆិកា ឆ្នាំ២០១។

 

រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិសម្បទានលើការលក់សំបុត្រដល់ក្រុមហ៊ុន សុខា របស់លោកឧកញ៉ា សុខ គង់ ដែលជាម្ចាស់ សណ្ឋាគារ សុខា តាំងពីឆ្នាំ ១៩៩៩។

 

យោងតាមលិខិតនេះក្រុមហ៊ុនទទួលបានអាណត្តិរយៈពេល៥ឆ្នាំ ហើយប្រាក់ចំណូលបានពីការលក់សំបុត្រនឹងត្រូវបែងចែកជា ១០ ភាគរយនៅក្នុងពន្ធលើតម្លៃបន្ថែម (VAT) ១៥ ភាគរយសម្រាប់ការអភិរក្សនិងការអភិវឌ្ឍរបស់មូលនិធិប្រាសាទ១៥ភាគរយផ្ដល់ជូនក្រុមហ៊ុន និងប្រាក់ចំណូលនៅសល់ត្រូវដាក់ចូលជាថវិការដ្ឋ។ បន្ថែមលើនេះក្រុមហ៊ុនមានភារកិច្ចវិនិយោគលើការអភិវឌ្ឍតំបន់អង្គរក្នុងទឹកប្រាក់ចន្លោះពី ៧០ដល់៨០ ម៉ឺនដុល្លារជារៀងរាល់ឆ្នាំ។

 

របាយការណ៍របស់អាជ្ញាធរជាតិអប្សរាក៏បានបង្ហាញថាកាលពីឆ្នាំ២០១៣មានភ្ញៀវទេសចរបរទេសសរុប ២.០២១.៧១៥នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណែកចំណូលប្រចាំឆ្នាំ២០១៣មានចំនួន ៥៧.៦៨៧.៦៨០ដុល្លារអាម៉េរិក។ រីឯឆ្នាំ២០១៤ មានភ្ញៀវទេសចរបរទេស សរុប ២.០៥៩.៧០២ នាក់និងទទួលបាន ចំណូល៥៩.៣៤២.០០០ដុល្លារអាម៉េរិក។

 

បណ្ណចូលទស្សនាតំបន់ប្រាសាទអង្គរក្នុងមួយថ្ងៃមានតម្លៃ២០ដុល្លារនិង៤០ដុល្លារសម្រាប់រយៈពេល៣ថ្ងៃហើយ៦០ដុល្លារសម្រាប់រយៈពេលមួយសប្តាហ៍៕

 

អត្ថបទ៖ ច័ន្ទតារា

ប្រភព៖ Khmerdaily