បទ​សម្ភាស : ជំងឺ​បេះដូង សម្លាប់​មនុស្ស​ដ៏​សាហាវ

​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏ដូចជាពលរដ្ឋ​ទូទាំង​ពិភពលោក ​កំពុង​ព្រួយបារម្ភ និង ប្រឈម​នឹង​ជំងឺ​បេះដូងដែល​ក្រុមវេជ្ជបណ្ឌិត​ជំនាញ​ចាត់ទុកជាឃាតកដ៏​សាហាវ ដែលសម្លាប់​មនុស្សលឿន​បំផុត ។ ក្រុម​វេជ្ជបណ្ឌិតជំនាញ​បានលើកឡើង​ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំអ្នកស្លាប់​ដោយសារ​ជំងឺ​បេះដូង​កើនឡើង​គួរឱ្យ ព្រួយបារម្ភ ។​

​ទាក់ទង​នឹង​បញ្ហា​នេះ អ្នកយកព័ត៌មានរបស់​ទស្សនា​វ​ដ្តី​«​ប្រជាប្រិយ​» បានធ្វើ​បទសម្ភាស​មួយជាមួយ​លោក​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​គ្រូពេទ្យបេះដូង​កម្ពុជា «CHA» ដែល​ខ្លឹមសារ​នៃ​បទសម្ភាស​មាន​ដូចខាងក្រោម ។​

ប្រជាប្រិយ : ជម្រាបសួរ​លោក​វេជ្ជបណ្ឌិត ! បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុងតែ​ព្រួយបារម្ភ​អំពី​ជំងឺបេះដូង ហើយ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​នេះ ។ តើ​ជំងឺនេះ​កើតឡើង​ដោយសារអ្វី ?

លោក​វេជ្ជបណ្ឌិត : ការពិត​ជំងឺ​បេះដូង​នេះ​យើងមិនអាច​ដឹង​អំពី​មូលហេតុ​របស់​វា​ឱ្យប្រាកដបានទេ មាន​ជំងឺ​បេះដូង​ខ្លះ​​បាន​កើតឡើង​តាំងពី​កំណើត​មកម្ល៉េះ ដោយសារ​ម្តាយ​របស់ទារក​ប្រើប្រាស់​ថ្នាំ​ផ្តេស ផ្តាស មិន​ប្រុងប្រយ័ត្ន និង ម្តាយ​កើត​ជំងឺ​ស្អូច​ក្នុងកំលុងពេលមាន​ផ្ទៃពោះ និង មិន​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា ។ ចំ​​ណែ​ក​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​គឺ​វាកើតឡើង​ដោយសារ​ពិសា​បារី ពិសា​ជាតិ​ស្រវឹង លើសឈាម ទឹកនោមផ្អែម ឡើង​ទម្ងន់ អារម្មណ៍មិនល្អ (Stress) និង បណ្តាលមកពី​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត ។ ជំងឺបេះដូងមួយចំនួនទៀត​យើង​មិនអាច​ដឹង​ពី​មូលហេតុ របស់​វា​នោះឡើយ ។​

បទ​សម្ភាស : ជំងឺ​បេះដូង សម្លាប់​មនុស្ស​ដ៏​សាហាវ

ប្រជាប្រិយ : តើ​ជំងឺ​បេះដូង​នេះ​មាន​ប៉ុន្មាន​ប្រភេទ​ដែល​កំពុង​គំរាមកំហែង​អាយុជីវិត​មនុស្សនៅលើ​ពិភពលោក​នេះ ?

លោក​វេជ្ជបណ្ឌិត : ជំងឺ​បេះដូង​មាន​ច្រើន​ប្រភេទ អាច​កើត​មកពី​កំណើត​ក៏មាន ដូចជា បណ្តាលមកពី​រលា​ក បំពង់​ក  រលាក​សន្លាក់​រ៉ាំរ៉ៃ ជំងឺ​ប្រឹស​បេះដូង វិបត្តិ​បេះដូង និង ជំងឺ​ស្ទះសរសៃឈាម​បេះដូង  ។  ខ្លះទៀត​បណ្តាលមកពី​ចង្វាក់បេះដូង មានន័យថា បេះដូង មិនខូច​ទេ តែ​ចង្វាក់បេះដូង​ដើរ​យឺត និង ដើរ​លឿនខុសធម្មតា ។ អាការ​ជំងឺ​បែបនេះ​មិន​ទាក់ទង​នឹងសរសៃរ​ឈាម ឬ ចង្វាក់បេះដូង​ទេ តែ​មក ពី​សាច់ដុំ​បេះដូង ឬ សាច់​បេះដូង​ឡើង​ក្រាស់ពេក ឬក៏ស្តើងពេក ​និង រីក ជាដើម ។ បច្ចុប្បន្ននេះ​ប្រជា​ពល​ដ្ឋ​កម្ពុជា​ភាគច្រើន​កើត​ជំងឺស្ទះ​សរសៃឈាម​បេះដូង ជំងឺ​ប្រឹស​បេះដូង និង មាន​ជំងឺ​បេះដូង​ពី​កំណើត ជំងឺ​ទាំងបីប្រភេទ​នេះ​កើត​ច្រើនជាងគេ ។

ប្រជាប្រិយ : ក្នុងចំណោម​ប្រភេទ​ជំងឺ​ទាំងនេះ តើ​ជំងឺ​មួយណា​ដែលមាន​លក្ខណៈ ធ្ងន់ និង គ្រោះថ្នាក់​ជាងគេ ?

លោក​វេជ្ជបណ្ឌិត : ប្រភេទ​ជំងឺ​បេះដូង​នីមួយៗ​សុទ្ធតែ​បង្ក​គ្រោះថ្នាក់ និង គំរាមកំហែង​ដល់អាយុជីវិត​របស់​មនុស្ស ប៉ុន្តែ​ជំងឺ​ដែលមាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ ហើយងាយ​នឹងកើតឡើង​បំផុត​នោះ គឺ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ដែល​កើត​ឡើងជា​ញឹកញាប់ជាងគេ ដែល​បណ្តាលមកពី​អ្នកជំងឺ​មាន​ជំងឺលើសឈាម ទឹកនោមផ្អែម ដែល​ធ្វើឱ្យ​សរសៃឈាមកក​ខ្លា​ញ់ ទើប​បណ្តាលឱ្យ​ស្ទះ​សរសៃឈាម​បេះដូង ធ្វើឱ្យ​បេះដូង​ខូច ឬ គាំង ។​

ប្រជាប្រិយ : ចំពោះ​អ្នក​ដែល​មិនទាន់​កើត​ជំងឺ​បេះដូង តើ​ត្រូវធ្វើ​ដូចម្តេចដើម្បី​ការពារកុំឱ្យ​កើត​ជំងឺ​នេះ ?

លោក​វេជ្ជបណ្ឌិត : ដើម្បី​ចូលរួម​ការពារ ឬ កាត់បន្ថយ​ជំងឺ​នេះ ប្រជាពលរដ្ឋ​ត្រូវ​ឈប់​ជក់បារី ការពារ​កុំឱ្យ​ឡើង​ទម្ងន់​ខ្លាំងពេក បន្ថយ​ការប្រើប្រាស់​អំបិល ប្រសិនបើ​អ្នក​ដែលមាន​រូបរាងធាត់​ ត្រូវ​សម្រក​ទម្ងន់​តាមរយៈការហាត់​ប្រាណ ។ បើ​មាន​ជំងឺ​ទឹកនោមផ្អែម និង ជំងឺលើសឈាម​ គួរ​ព្យាបាលឱ្យបាន​ល្អ និង ត្រឹមត្រូវ មិនត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិប្រៃ​ពេក បន្ថយជាតិ​អំបិល ជាតិ​ខ្លា​ញ់ និង ធ្វើ​លំ​ហាត់ប្រាណ​ឱ្យទៀងទាត់ ។ ក្នុងករណីសង្ស័យ​ជំងឺ​ទាក់ទង​នឹង​បេះដូង សូម​ប្រញាប់​មក​ពិគ្រោះ​ជា​មួ​យ​គ្រូពេទ្យជំនាញបេះដូង ដើម្បីឱ្យ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ និង ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ និង ទាន់ពេលវេលា ។​

បទ​សម្ភាស : ជំងឺ​បេះដូង សម្លាប់​មនុស្ស​ដ៏​សាហាវ

ប្រជាប្រិយ : តើ​ក្នុង​មួយឆ្នាំៗ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះប៉ុន្មាន​នាក់ ? តើ​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​មានការ​កើនឡើង​ឬទេ ?

លោក​វេជ្ជបណ្ឌិត  :  ចំពោះ​ជំងឺ​បេះដូង​នៅ​ស្រុក​ខ្មែរ​យើង​មាន​ច្រើន តែ​យើង​មិនទាន់មានតួលេខ​ណាមួយ​ឱ្យ​ជាក់លាក់​នៅឡើយ​ទេ​ពាក់ព័ន្ធ​ជំងឺ​បេះដូង​នេះ ។ តាម​របាយការណ៍​របស់​អង្គការ​សុខភាពពិភពលោក​ផ្នែក​បេះដូង​បាន​បង្ហាញថា ជំងឺបេះដូង​មានការ​កើនឡើង​ខ្លាំង​នៅតាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ជាពិសេស​ប្រទេសកំពុងតែ​រីកចម្រើន​ជឿនលឿន ។ ក្នុង​របាយការណ៍​នោះ​លើកឡើង​ទៀតថា នៅលើពិភពលោកក្នុងមួយ​ឆ្នាំមាន​មនុស្ស​ស្លាប់​ប្រមាណ ១៧ លាន​នាក់ដោយសារ​ជំងឺ​ប្រភេទ​នេះ ដែល​ភាគច្រើន​កើតឡើង​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ ។ ចំណែក​អ្នកជំងឺ​លើសឈាម​នៅ លើ​ពិភពលោក​មាន​ចំនួន ១.៥០០ លាន​នាក់ ស្មើនឹង ១ ភាគ ៣ នៃមនុស្ស​នៅលើ​ពី​ភពលោក ។ ដោយឡែក​សម្រាប់​ប្រទេសកម្ពុជា​វិញ ក្នុងចំណោមប្រជាពលរដ្ឋ​ចំនួន ១០ ម៉ឺន​នាក់ មាន​ប្រជាពល រដ្ឋចំនួន ១២៨ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង និង ប្រជាពលរដ្ឋ​ចំនួន ១០១ នាក់រងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ក្នុងខួរក្បាល ។​

ប្រជាប្រិយ : តើ​អ្នក​ដែល​ប្រឈម​នឹង​កើត​ជំងឺ​បេះដូង​នេះ​មាន​អាយុចាប់ពី​ប៉ុន្មាន ?

លោក​វេជ្ជបណ្ឌិត : ជំងឺ​បេះដូង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ចាប់តាំងពី​ចាប់កំណើត​រហូតដល់ស្លា​ប់ ប៉ុន្តែ​បើ​ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​បេះដូង គឺ​ចាប់ផ្តើម​កើត​លើ​មនុស្ស​អាយុចាប់ពី ៤៥ ឆ្នាំ​ឡើងទៅ និង ជាពិសេស​កើត លើ​មនុស្ស​ធាត់ អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ស្ពឹក​ស្រពន់ អវយវៈ ជាដើម ។​

ប្រជាប្រិយ : តើ​ជំងឺ​បេះដូង​អាច​ព្យាបាល​ឱ្យ​ជាសះស្បើយ​បាន​ឬទេ ? ហើយ​ក្រៅពី​ទៅ​ជួបក្រុមគ្រូពេទ្យ តើ​អ្នកជំងឺ​ត្រូវធ្វើ​អ្វីខ្លះ​សម្រាប់​ខ្លួនឯង ?

​​លោក​វេជ្ជបណ្ឌិត : ការព្យាបាល​ជំងឺ​បេះដូង​មិនអាច​ឱ្យ​ជាសះស្បើយបានទេ តែ​ជំងឺ​បេះដូងភាគច្រើន​អាចឱ្យ​អ្នកជំងឺរ​ស់បាន​ធម្មតា​តាមរយៈ​ការថែទាំ​សុខភាព ដូចជាប្រើប្រាស់​ថ្នាំពេទ្យ​តាម​វេជ្ជបញ្ជា និង ថែទាំ​សុខភាព ​តាមរយៈ​ការហាត់ប្រាណជាដើម ។ ដូច្នេះ​មធ្យោបាយ​ដែល​ល្អ​បំផុតនោះ គឺ​អ្នកជំងឺ​ត្រូវតែទៅ​ជួប​គ្រូពេទ្យ​ជំនាញ​បេះដូង ដើម្បីឱ្យ​គ្រូពេទ្យ​ត្រួតពិនិត្យ និង ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ មិនអាចព្យាបាល​ដោយ​ការប្រើ​ថ្នាំផ្តេសផ្តាស​ដោយ​ខ្លួនឯង​ទេ ក្នុងនោះ​ក៏មាន​ការថែទាំ​សុខភាព​ដោយ​ខ្លួនឯង​តាមរយៈ​ការបរិភោគអាហារ ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ធ្វើ​កាយវិការ ឬ លំ​ហាត់ប្រាណ និង ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ។ ជំងឺ​បេះដូង​កើត​តាំងពី​កំណើត គឺ​នៅពេល​ទារក​កើតមក​ភ្លាម​ចាប់ផ្តើម​កើត​ភ្លាម​ដែលគេ​និយម​ហៅថា​«ជំងឺ​ប្រហោង​បេះដូង»​ ។ ធម្មតា​ជំងឺ​នេះ​យើង​អាច​ព្យាបាលតាម​បច្ចេកទេស​ឱ្យ​ជាសះស្បើយ​ដូច​ធម្មតា​វិញ ។​

បទ​សម្ភាស : ជំងឺ​បេះដូង សម្លាប់​មនុស្ស​ដ៏​សាហាវ

ប្រជាប្រិយ : ជា​កិច្ចបញ្ចប់​នៃ​បទ​សម្ភាស​នេះ​ តើ​លោក​វេជ្ជបណ្ឌិត​មានអ្វី​បន្ថែម​ឱ្យ​ប្រជាពលរដ្ឋខ្មែរ​អនុវត្ត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដើម្បី​ចៀសវាង ឬ កាត់បន្ថយ​ជំងឺ​បេះដូង​នេះ ?

​​លោក​វេជ្ជបណ្ឌិត : នៅពេលនេះ​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋខ្មែរ​យើង​ចូលរួម​កាត់បន្ថយ ឬ ថែទាំ​ជំងឺ​នេះ តាមរយៈ​ការបញ្ឈប់​ការជក់បារី ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាមឱ្យបាន​ល្អ និង ត្រឹមត្រូវ កាត់បន្ថយ​អាហារ​ដែលមាន​ជាតិ​ប្រៃ​ពេក បន្ថយ​ជាតិអំបិល ខ្លា​ញ់ និង ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ។ ក្នុងករណី​សង្ស័យ​ជំងឺ​ទាក់ទិន​នឹង​បេះដូង សូមប្រញាប់​មក​ពិ​គ្រោះជា​មួ​យ​គ្រូពេទ្យ​បេះដូងដើម្បីឱ្យ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យព្យាបាល​ឱ្យបាន​ត្រឹមត្រូវ និង ទាន់ពេលវេលា ៕

​          ​          ​          ​                   សុ​ទ្ឋ គឹម​សឿន​