ជនជាតិ​ថៃ​2​ក្រុម​ស្រវឹង​ធ្លាក់​ភ្នែក​ច្បាំង​គ្នា​ផ្អើល​ការ​ប្រគំ​តន្ត្រី

ជនជាតិ​ថៃ​2​ក្រុម​ស្រវឹង​ធ្លាក់​ភ្នែក​ច្បាំង​គ្នា​ផ្អើល​ការ​ប្រគំ​តន្ត្រី

ខេត្តបាត់ដំបង ៖ មាន​ជនជាតិ​ថៃ​២​ក្រុម ដែល​ស្រវឹង​ធ្លាក់​ភ្នែក បាន​បើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ នៅ​មុខ​ឆាក​ប្រគំ​តន្ត្រី​ស្រា​បៀរ​លី​អូ ក្នុង​បរិវេណ​សួនច្បារ​នាគ​បាញ់​ទឹក ក្នុង​ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៥ មក​រា ដោយសារ​ផឹកស៊ី​ក្លែមសម្តី​ឌឺដង​ដាក់​គ្នា ហើយ​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​៥​នាក់ យក​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនជាតិ​ថៃ​ទាំង​២​ក្រុម​នោះ គឺ​មួយ​ជា​ក្រុម​កម្មករ​រៀបចំ​ឆាក​ប្រគំ​តន្ត្រី​ស្រា​បៀរ​លី​អូ ។ រីឯ​មួយ​ក្រុម​ទៀត​ជា​អ្នកលក់​ផលិតផល​ក្នុង​កម្មវិធី​តាំងពិព័រណ៍ ។ ពួក​គេ​បាន​ផឹកស៊ី​នៅ​ក្នុង​កម្មវិធី​នោះ ហើយ​និយាយ​ឌឺដង​រហូត​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សម្តី​គ្នា ក៏​ផ្ទុះ​ហិង្សា​ប្រាវ​តែ​ម្ដង ។ សមត្ថកិច្ច​បញ្ជាក់​ថា ជន​ទាំង​២​ក្រុម​នោះ ខ្លះ​ទាញ​កៅអី ខ្លះ​ទាញ​កំប៉ុង​ស្រា​បៀរ​ដេញ​វាយ ដេញ​គប់​គ្នា យ៉ាង​អនាធិបតេយ្យ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​លក់ដូរ និង​អ្នក​អង្គុយ​ហូប​អាហារ​ក្បែរ​នោះ រត់​ជាន់​ជើង​គ្នា​ប្រសាច គេច​ចេញពី​កៅអី​ហោះ ស្រា​បៀរ​ហើរ​ព្រោងព្រាត ហើយ​មាន​ខ្លះ​មិន​ទាន់​ទាំង​បានឱ្យ​លុយ​អ្នកលក់​ផង ។

សាក្សី​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា ពេល​ដែល​ជនជាតិ​ថៃ​ទាំង​២​ក្រុម​នោះ​បើក​ឆាកប្រយុទ្ធ​គ្នា គឺ​ការ​ប្រគំ​តន្ត្រី​បាន​បិទ​ទៅ​ហើយ តែ​នៅ​មាន​មនុស្ស​ជា​ច្រើន​បន្ត​ការ​ផឹកស៊ី និង​ខ្លះ​កំពុង​ហូប​ចំណីអាហារ​នៅ​តាម​តូប​ដែល​លក់​ក្បែរ​នោះ​នៅឡើយ ។ សាក្សី​បន្ត​ថា ពួក​គេ​ទាំង​២​ក្រុម បាន​ប្រកែក​គ្នា​យ៉ាង​ខ្លាំង យកឈ្នះ​រៀង​ៗ​ខ្លួន ។ លុះ​បន្តិច​ក្រោយមក ស្រាប់តែ​ភាគី​ខាង​កម្មករ​រៀបចំ​ឆាក​តន្ត្រី ទាញ​កៅអី​ស្ទុះ​ទៅ​វាយ​ប្រាវ​ៗ លើ​ភាគី​ម្ខាង​ទៀត​ដែល​ជា​ក្រុម​លក់​ផលិតផល ធ្វើ​ឱ្យ​ការ​ប្រយុទ្ធ​បើក​ឆាក​ឡើង បង្ក​ឱ្យ​មាន​ចលាចល​រត់​ប្រសាច​តែ​ម្ដង ។

ប្រភព​ដដែល​បញ្ជាក់​ថា ជនជាតិ​ថៃ​ទំនើង​ទាំង​២​ក្រុម​នោះ រត់​ដេញ​វាយ ដេញ​គប់​គ្នា​ពេញ​បរិវេណ​ខាង​មុខ​ឆាក​ប្រគំ​តន្ត្រី បាក់បែក​កៅអី ចាន​កែវ ធ្លាក់​រាយ​ប៉ាយ និង​ខូចខាត​សម្ភារ​អ្នក​លក់ដូរ​នៅ​ក្បែរ​នោះ ។ រីឯ​ភ្ញៀវ​ដែល​កំពុង​ហូប​ចំណីអាហារ​តាម​តូប ក៏​ផ្អើល​រត់​ចោល​ចាន ចោល​កៅអី ដែល​ភ្ញៀវ​ខ្លះ​រត់​មិន​បាន​បង់លុយ​ឱ្យ​អ្នកលក់​ផង ធ្វើ​ឱ្យ​អ្នកលក់​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង ប្រៀប​ដូច​គេ​បង់​កេ ឆាចោល​មួយ​យប់​ទទេ​ទៅ ។

មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានឱ្យ​ដឹង​ថា ជនជាតិ​ថៃ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៥​នាក់​នេះ គឺជា​ក្រុម​បង្កហេតុ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​មិន​បាន​ប្ដឹងផ្ដល់​ទេ តែ​មាន​អ្នកលក់​ចំណីអាហារ​ជនជាតិ​ខ្មែរ​៣​នាក់ បាន​ប្ដឹង​ទាមទារ​សំណង​ពី​ជនជាតិ​ថៃ​ទាំង​៥​នាក់​នេះ ដោយសារ​តែ​ក្រុម​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​សម្ភារ​មួយ​ចំនួន និង​ធ្វើ​ឱ្យ​អតិថិជន​របស់​ពួក​គាត់​រត់​ចោល​ម្ហូបអាហារ និង​ភេសជ្ជៈ ទាំង​មិន​ទាន់​ឱ្យ​លុយ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ មក​រា មាន​តំណាង​ខាង​ក្រុម​រៀបចំ​ឆាក​តន្ត្រី​ស្រា​បៀរ​លី​អូ ចូល​ទៅ​សម្រប​ស​ម្រូ​ល ដោយ​យល់ព្រម​បង់​សំណង​ដល់​អ្នក​លក់ដូរ​ជនជាតិ​ខ្មែរ​ម្នាក់​២០​ម៉ឺន​រៀល និង​២​នាក់​ទៀត ក្នុង​ម្នាក់​ៗ៥០​ម៉ឺន​រៀល ដើម្បី​បញ្ចប់រឿង ។សូម​បញ្ជាក់​ថា អាជ្ញាធរ​ខេត្តបាត់ដំបង បាន​រៀបចំ​កម្មវិធី​ដ៏​អធិកអធម​មួយ ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល និង​អបអរសាទរ​ថ្ងៃ​បុណ្យ​ជ័យជម្នះ​៧ មក​រា ។ ក្នុង​កម្មវិធី​នេះ អាជ្ញាធរ​បាន​រៀបចំ​ឱ្យ​មានការ​ដាក់​តាំង​លក់​នូវ​ផលិតផល​នានា ចំណីអាហារ​គ្រប់​ប្រភេទ មាន​រហូត​ដល់​ជាង​២០០​តូប​ឯណោះ​។ ការ​ដាក់​តាំង​លក់​ផលិតផល ឬ​ចំណីអាហារ ភាគច្រើន​គឺជា​ក្រុម​អាជីវករ​មក​ពី​ប្រទេស​ថៃ ថែម​ទាំង​មាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុនស្រា​បៀរ​នានា​ផង​ដែរ ។

កម្មវិធី​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ រហូត​ដល់​ថ្ងៃ​ទី​៧ មក​រា​២០១៦ ទើប​បញ្ចប់ ។ បើ​តាម​មន្ត្រី​រៀបចំ​កម្មវិធី​បានឱ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ប្រារព្ធ​ពិធី​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ទី​៧ មក​រា ដែល​ជា​ថ្ងៃ​បញ្ចប់​កម្មវិធី ហើយ​អភិបាលខេត្ត​ថៃ មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​ខ្មែរ ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យមក​ចូលរួម​ក្នុង​ថ្ងៃ​បញ្ចប់​នេះ​ផង​ដែរ ៕