កំពូល​ស្នេហ៍​ដឹក​ដៃ​គ្នា​ចូល​សាលាសង្កាត់​ឱ្យ​ដឹង​ឮ

កំពូល​ស្នេហ៍​ដឹក​ដៃ​គ្នា​ចូល​សាលាសង្កាត់​ឱ្យ​ដឹង​ឮ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​ក​ម្លោះ​-​ក្រមុំ ដែល​ផ្តួច​ចិត្ត​ផ្តើម​សេ្ន​ហ៍ ដោយ​ទឹកចិត្ត​ស្មោះស្ម័គ្រ​ទាំង​សងខាង គ្មាន​អ្នក​ណា​បង្ខំ​អ្នក​ណា ទោះជា​មាន​ឧបសគ្គ​ពី​ចាស់ទុំ​ទាំង​សងខាង ដែល​មិន​ពេញចិត្ត​ក្តី តែ​ជម្រើស​អ្នក​ទាំង​ពីរ ប្តូរផ្តាច់​ជម្នះ​រាល់​ឧបសគ្គ​ទាំងនោះ ក្នុង​ក្តី​ក្លាហាន ដោយ​ដឹក​ដៃ​គ្នា​ចូល​សាលាសង្កាត់​ចោម​ចៅ សុំ​ជួយ​អន្តរាគមន៍​តាម​ច្បាប់​បាន​ក្លាយជា​ប្តី​ប្រពន្ធ​ស្របច្បាប់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ មក​រា ។

ភាគី​ខាង​ស្រី​ឈ្មោះ ទី សុខ​ណែ​ត អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ ។ ចំណែក​ភាគី​ខាង​ប្រុស​ឈ្មោះ លឹ​ម រតនៈ អាយុ​២១​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ការ​បំភ្លឺ​ពី​សាមីខ្លួន ទាំងប្រុស​ទាំងស្រី បានឱ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​ពុំ​មាន​ភាគី​ណា​បង្ខំ​ភាគី​ណា​ឡើយ ពួក​គេ​ពិតជា​ស្រឡាញ់​គ្នា​ស្មោះស្ម័គ្រ​ចេញពី​បេះដូង​បរិសុទ្ធ ។ កន្លង​មក រឿងរ៉ាវ​ស្នេហា​របស់​អ្នក​ទាំង​ពីរ បាន​លេចឮ​ដល់​ឪពុក​ម្តាយ​ទាំង​សងខាង តែ​វា​បាន​ក្លាយទៅជា​ឧបសគ្គ​មួយ​សម្រាប់​ស្នេហា​របស់​ពួក​គេ​ទៅ​វិញ ដោយ​ចាស់ទុំ​ទាំង​សងខាង មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​ស្រឡាញ់​គ្នា និង​យក​ជា​គូ​អនាគត​ឡើយ ។

ដោយសារ​អំណាច​ស្នេហ៍​ស្មោះ​.​ស​ប្តូរផ្តាច់ មិន​អាច​កែប្រែ​បាន​នោះ ពួក​គេ​តាំងចិត្ត​ថា ទោះជា​អាក្រក់​-​ល្អ ស​-​ខ្មៅ​យ៉ាងណា ពួក​គេ​សុខចិត្ត​ប្តូរផ្តាច់ យក​គ្នា​ជា​ប្តី​ប្រពន្ធ​តទៅ​អនាគត​ឱ្យ​បាន ដោយ​ប្តេជ្ញា​រួមមេត្រី​វាសនា​ជាមួយ​គ្នា​រហូត​ដល់​ចាស់ ។ក្នុង​ទឹកមុខ​ក្លាហាន និង​ស្វាហាប់ គូស្នេហ៍​មួយ​នេះ​សច្ចា​ជម្នះ​គ្រប់​ឧបសគ្គ គ្មាន​អ្នក​ណា​បំបែកបំបាក់​ស្នេហា​របស់​ពួក​គេ​បាន​ឡើយ ទោះជា​រង​សម្ពាធ​ពី​ខាងក្រៅ​យ៉ាងណា​ក៏​ដោយ ក៏​ពួក​គេ​មិន​ខ្លាច​នឹង​ប្រឈម​មុខជា​មួយ​ឪពុក​ម្តាយ​ដែរ ហើយ​ក៏​មិន​ធ្វើ​អ្វី​ឱ្យ​ប្រាសចាក​ពី​ផ្លូវច្បាប់​ដែរ ដែល​នេះ​ជា​ជម្រើស​របស់​ពួក​គេ​ទាំង​២ ដោយ​សុំ​សាង​អនាគត​ជាមួយ​គ្នា ជា​ប្តី​ប្រពន្ធ ស្រប​តាម​ច្បាប់ ទោះបី​មេបា​ពេល​នេះ​មិន​ឯកភាព​ក្តី គឺ​ពួក​គេ​បាន​សម្រេចចិត្ត​ហើយ ដោយ​ទទួលខុសត្រូវ​លើ​វាសនា​អនាគត​របស់​ខ្លួន ។

ដើម្បី​កុំឱ្យ​កើតក្តី​ហ្មងសៅ គូស្នេហ៍​ទាំង​ពីរ​នាក់ បាន​សំពះ​លន់តួ​នៅ​មុខ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ និង​សច្ចា​ប្រកាន់​ជំហរ​រួម​គ្នា​គឺ ស៊ូស្លាប់​រស់​ជាមួយ​គ្នា​រហូត​អស់​មួយ​ជីវិត សូម​ឱ្យ​អាជ្ញាធរ​ទទួលស្គាល់​តាម​ផ្លូវច្បាប់ នៅ​ចំពោះ​មុខ​លោក សុទ្ធ សាធ ចៅសង្កាត់​ផង​ដែរ ។បន្ទាប់​ពី​ទទួល​នូវ​ការ​ប្រៀនប្រដៅ អប់រំ​ទាំង​ផ្លូវច្បាប់ ទាំង​ផ្លូវចិត្ត ពី​សំណាក់​លោក​ចៅសង្កាត់​រួច​មក អ្នក​ទាំង​ពីរ​បាន​វិល​ត្រឡ​វប់​ទៅ​វិញ ទាំង​ទឹកមុខ​ស្រស់ស្រាយ និង​ក្លាហាន តែ​មិន​បាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​នៅឡើយ​ទេ គឺ​បាន​ត្រឹម​ធ្វើ​លិខិតធានា​អះអាង ដោយ​មានការ​ដឹង​ឮ​ពី​លោក​ចៅសង្កាត់ ហើយ​ពួក​គេ​ក៏​បាន​អុជ​ធូប​ស្បថស្បែ​ចំពោះ​បារមី​នៅ​ក្នុង​សាលាសង្កាត់​ទៀត​ផង ។

ជា​ការ​ពិត​ណាស់ គ្មាន​ឪពុក​ម្តាយ​រូប​ណា ចង់ឱ្យ​កូន​អាក្រក់​នោះ​ទេ ហើយ​ការ​រៀបចំ​គូស្រករ​ឱ្យ​កូន គឺ​ចង់ឱ្យ​កូន​ល្អ​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​អ្វីមួយ​ដែល​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​នោះ គឺ​យុវវ័យ​សម័យ​ថ្មី​នេះ ច្រើន​តែ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ក្នុង​ការ​ស្វែងរក​គូស្រករ ជា​ជាង​ចាស់ទុំ​ផ្សំផ្គុំ​ឱ្យ ដូច​ចាស់​សម័យ​ដើម ។ អ្វី​ដែល​សំខាន់ មិនមែន​ស្ថិត​នៅ​លើ​ការ​មានះ​របស់​ខ្លួន​នោះ​ទេ ក្នុង​ការ​ជ្រើសរើស​គូស្រករ ហើយ​សង្ឃឹមថា ឪពុក​ម្តាយ​ទាំង​សងខាង និង​មិន​បែរខ្នង​ដាក់​កូន​ៗ​តទៅ​ទៀត​ឡើយ និង​គួរ​រួម​គ្នា​បែរក្រោយ​ឱ្យ​ពរ​ជ័យ​ដល់​កូន​វិញ ជា​ការ​ប្រសើរ​ជាង ៕