Atlético ទិញយកកីឡាករ Augusto Fernández ពីក្លិប Celta Vigo

ក្លិប Atlético Madrid របស់អេស្ប៉ាញ​កំពុងតែរៀប​ចំ​ចុះ​កិច្ច​សន្យា​ទិញ​យក​កីឡាករ​ខ្សែបម្រើ​សញ្ជាតិ​អាហ្សង់​ទីន Augusto Fernández ពីក្លិប Celta Vigo ខណៈ​ដែល​ទីផ្សាដោះ​ដូរ​កីឡាករ​​ចាប់​ផ្តើម​បើក​នៅ​ខែ​មករា​នេះ។

កីឡាករ​ Fernández វ័យ ២៩ ឆ្នាំ បាន​ឆ្លងផុត​ការ​ពិនិត្យ​សុខភាព​បាន​យ៉ាងជោគជ័យ​នៅ​ថ្ងៃ​អង្គារនេះ​ ព្រម ទាំង​បាន​ចុះ​កិច្ចសន្យា​រយៈ​ពេល ៣ ​ឆ្នាំកន្លះជាមួយ​នឹង​ក្លិប Atlético Madrid។​

ft2

ចាប់តាំង​ពី​ឆ្នាំ ២០១២ មក គេ​បាន​ចូល​លេង​ឲ្យ​ក្លិប Celta Vigo បន្ទាប់​ពីបាន​ជួយឲ្យ​ក្លិប Vélez Sarsfield ទទួល​បាន​ពាន​លីក​កំពូល​ប្រទេស​អាហ្សង់ទីន Clausura ​កាលពី​ឆ្នាំ ២០១១។ នៅ​​អេស្ប៉ាញ គេ​បាន​ចូល​លេង​បានចំនួន ១២១ ប្រកួត​និង​ស៊ុត​បញ្ចូលទី​បាន​ចំនួន ១០ គ្រាប់។

លោក José Luis Pérez Caminero ជា​នាយក​ផ្នែក​កីឡា​របស់​ក្លិប Atlético បាន​និយាយ​នៅ​លើ​គេហទំព័រ​របស់​ក្លិប​ថា៖​ «គេ (Fernández) ​គឺ​ជាកីឡាករដែល​មាន​បទពិសោធន៍នៅ​ក្នុង​លីក ដែល​នឹង​នាំ​យក​គុណ​ភាព និងភាព​ប្រកួត​ប្រជែង​មកឲ្យ​ក្រុម​ខ្សែ​ការពារ​របស់​យើង។ ការ​ចូលរួម​សហការណ៍​របស់​គេនឹង​ជួយ​យើង​នៅ​ក្នុង​បី​ប្រកួត​ខាង​មុខ»។

Atlético​​ កំពុង​ឈរ​លេខ​ ២ ​ក្នុងក្របខណ្ឌ​ប្រទេស​អេស្ប៉ាញ មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្លិប​អ្នក​មាន​បុណ្យ Barcelona ហើយ​ក្លិប​នេះ​នឹង​ត្រូវ​ជួប​ជាមួយ PSV Eindhoven ​ក្នុង​វគ្គ ១៦​​ក្រុម​ចុង​ក្រោយ​សម្រាប់​ក្រប​ខណ្ឌ Champion League និង​ត្រូវ​ប្រកួត​ជាមួយ ក្លិប Rayo Vallecano​ សម្រាប់ក្របខណ្ឌ Spanish Cup ហើយនៅ​ថ្ងៃសៅរ៍ Atlético នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ក្នុង​ជំនួប​ជាមួយ​នឹង Levante សម្រាប់​ក្របខណ្ឌ La Liga៕