Leicester ទិញខ្សែបម្រើវ័យក្មេងពី Birmingham មកពង្រឹងក្រុម

ក្លិប​បាលទាត់ Leicester City បាន​ទិញ​យក​កីឡាករ Demarai Gray ពី​ក្លិប Birmingham ជា​ផ្លូវ​ការ​ហើយ។ ទោះ​បីជា​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ ១៩ ឆ្នាំរូប​នេះ​ត្រូវ​បាន​រក្សា​ជាសម្ងាត់ គេ​បាន​ធ្វើ​ការ​ប៉ាន​ប្រមាណ​ថា កីឡារូប​នេះ​មាន​តម្លែ​ខ្លួន​ប្រហែល ៣.៧៥ លាន​ផោន។

ទីផ្សារ​នៃការ​ទិញ​ដូរ​កីឡាករ​របស់​បណ្តា​ក្លិប​បាល់​ទាត់​ទាំងអស់​នៅ​ខែ​មករា ត្រូវ​បាន​បើក​តែ​នៅ​ក្នុង​ថ្ងៃសោរ៍​តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ក្លិប Leicester ដែល​កំពុង​ឈរ​​លេខ​ពីរ​ក្នុង​តារាង​ក្រប​ខណ្ឌ​ Premier League​ និង​មាន​ ២ ​ពិន្ទុ​ តាម​ពី​ក្រោម​កាំភ្លើង​ធំ​ Arsenal បាន​ជំរុញ​​ដំណើរ​ការ​នៃ​ការ​ទិញ​យក កីឡាករ Demarai Gray យ៉ាង​ប្រញាប់​ ដោយសារ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​ខ្សែ​បម្រើ​ស្លាប​​រូប​នេះ តាំង​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន។

Gray ដែល​បាន​ចុះ​កិច្ច​សន្យារយៈ​ពេល​ ៤ ឆ្នាំកន្លះ​ឲ្យ​ Leicester បាន​និយាយ​ប្រាប់គេហទំព័រ​របស់​ក្លិបថា៖ «ចាប់​តាំង​ពី​ខ្ញុំ​ចាប់​ផ្តើមចូល​លេង​បាលទាត់មក ខ្ញុំ​តែង​តែ​មាន​សុបិន្ត​​ចង់​លេង​នៅ​ក្នុង​ក្រប​ខណ្ឌ Premier League ដូច្នេះ​ហើយ ​ខ្ញុំ​ពិត​ជា​រីករាយ​មែន​ទែន​ដែល​បាន​ចូល​លេង​នៅ​ក្លិប​នេះ។ វាគឺ​ជា​ក្លិប​មួយ​ដ៏​ល្អ​ប្រសើរ ហើយ​វា គឺ​ជា​កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ឲ្យ​ខ្ញុំ​អភិវឌ្ឍ​ការ​លេង​របស់​ខ្លួន​ឯង»។

ft3

Gray នឹង​ចូល​ហ្វឹក​​ហាត់​ជាមួយ​នឹង​កីឡាករ​ដទៃ​ទៀត​របស់ Leicester ជាលើក​ដំបូង​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​រូប​គេ​អាច​នឹង​ចូល​លេង​នៅ​ក្នុង​ការប្រកួត​ជម្រុះ​ជុំ​ទីបី នៃ FA Cup ជាមួយ​នឹង Tottenham នៅកីឡាដ្ឋាន White Hart Lane នា​ថ្ងៃ​អាទិត្យ​នេះ៕