ឡុង សុភី ត្រូវឡើងដណ្តើមខ្សែក្រវាត់ជាមួយថៃ មុនចូលរោងការ

អ្នក​ប្រដាល់និយម​លេង​ក្បាច់​ជង្គង់ ឡុង សុភី ​ដែល​កំពុង​គ្រប់​គ្រង​ខ្សែ​​ក្រវាត់ក្នុង​ប្រភេទ​ទម្ងន់​ខុសៗ​គ្នា​ប្រហែល​៦​នោះ នឹង​ត្រូវ​ឡើង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​​១​ទៀតជាមួយ​ជើង​ខ្លាំង​របស់​ថៃ ​លើ​សង្វៀន​អប្សរា នៅ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ទី​៧ ខែមករា មុន​ពេល​រូប​គេ​ចូល​រោង​ការ ហើយ​​បង​ប្អូន​ត្រកូល​«សែន»​គឺ សែន រ៉ាឌី និង សែន រ៉ាដេត ក៏​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជាមួយ​មីយ៉ាន់ម៉ា និង​ចិន ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ ខណៈ​ជើង​ខ្លាំង​របស់​កម្ពុជា​៥​នាក់​ទៀត ត្រូវ​ប៉ះ​ថៃ អ៊ីតាលី និង​ជប៉ុន។
2
បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ ឡុង សុភី សិស្ស​គណ​ក្លិប​សាល​វ័ន្ត​កីឡា គឺ​រូប​គេ​នឹង​ចូល​រោងការ​ជាមួយ​កញ្ញា ផន ស្រី​នី ​នៅផ្ទះ​ខាង​ស្រី ក្នុង​ទឹក​ដី​ខេត្ត​ស្វាយ​រៀង នា​​ថ្ងៃ​ទី​១៤ ​ខែ​មករា ​ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ​​ខណៈពិសី​សេរី​សួស្តី​គូស្នេហា​​មួយ​គូ​នេះ ​គ្រោង​អញ្ជើញ​ភ្ញៀវ​ចូល​រួម​ចំនួន​៣០​តុ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ នៅ​យប់​ថ្ងៃយប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែមករា ខាង​មុខ​នេះ ឡុង សុភី ត្រូវបានដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ទំនេរ​របស់​ណាហ្គាវើល ជាមួយ​អ្នក​ប្រយុទ្ធ​របស់​ថៃ Jamlopphuphanourng ​ក្នុង​ទម្ងន់​៧០​គីឡូក្រាម គឺ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​ខ្សែ​ក្រវាត់​នេះ​តែ​ម្តង។

ចំណែក​ជើង​ខ្លាំង សែន រ៉ាឌី ​ក៏​ត្រូវ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់​ជាមួយ​អ្នក​ប្រដាល់​របស់​ចិន​ចិន Lee Kung ក្នុង​ទម្ងន់​៥៧​គីឡូ​ក្រាម ផង​ដែរ ហើយ​ប្អូន​ប្រុស​របស់​គេ​គឺ​កីឡាករ សែន រ៉ាដេត ត្រូវដាក់​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់​៥១​គីឡូ​ក្រាម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដូច​គ្នា ដោយ​រូប​គេ​​​ត្រូវ​ប្រឈម​នឹង​អ្នក​ប្រដាល់​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា Mong Chhay Den។
1
​​ក្រៅ​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​រួម​មាន​ ឡៅ ចន្ទ្រា យ៉េន ឌីណា សារឿន ច័ន្ធ និង រក្ស ជ័យ ​ត្រូវ​ដាក់​ឲ្យ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ អ៊ីតាលី និង​ជប៉ុន ចំនួន​៥​គូ​ទៀត​បានផង​​ដែរ បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​គូ​មិត្ត​ភាព​គូ​ក្នុង​ស្រុក​រវាង​កីឡាករ ស៊ូ ប៉ាន់យ៉ា និង ម៉ន រដ្ឋា ​ក្នុង​ទម្ងន់​៥២​គីឡូ​ក្រាម ដែល​បាន​ចាប់​ផ្តើម​នៅល្ងាច​ម៉ោង​៥។

កីឡាករវ័យ​ក្មេង ​រក្ស ​ជ័យ ត្រូវ​​ប្រ​កួត​គូ​អន្តរជាតិ​ទី​១ជា​មួយ​កីឡា​ករ​ថៃ Sak Kat ​​ក្នុង​ទម្ងន់​៣៩​គីឡូក្រាម មុន​ពេល​កីឡាករ កំពែង ខ្មៅ ឡើង​ជួប​អ្នក​ប្រដាល់ Phut Noy របស់​ថៃ​ក្នុង​ទម្ងន់​​៥៣​គីឡូ​ក្រាម រីឯ សារឿន ច័ន្ទ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​របស់​អ៊ីតាលី May Ken ក្នុង​ទម្ងន់​៦០​គីឡូ​ក្រាម។

ចំណែក យ៉េន ឌីណា ​ត្រូវប្រឈមជាមួយ​​ជើង​ខ្លាំង​មក​ពី​ជប៉ុន Hiroya ក្នុង​ទម្ងន់​៦១​គីឡូ​ក្រាម​ជាថ្មី​ម្តង​ទៀត  ​ខណៈ​ការ​ជួប​គ្នា​ជា​លើក​ទី​១ នៅ​ទី​រួម​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៦ ឆ្នាំ​២០១៤ ពួក​គេ​​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា។ ចំពោះ​ជើង​ខ្លាំង ឡៅ ចន្ទ្រា ​ត្រូវ​​​ប្រកួត​សង​សឹក​ជាមួយ​​កីឡាករ​​ថៃ Bacjo Kietkampoune ក្នុង​ទម្ងន់​៦០​គីឡូ​ក្រាម ព្រោះ​​ការ​ជួប​គ្នា​លើក​​ទី​១ នៅ​សង្វៀន​អប្សរា​នេះ កាល​ពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ឡៅ ចន្ទ្រា បាន​ភ្លាត់​ស្នៀត​បណ្តាល​ឲ្យ Bacjo ទាត់​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​យ៉ាង​អាម៉ាស់៕