​​ប្រជាពលរដ្ឋ​ក្រី​ក្រចំនួន​៥០៧​គ្រួសារ​ទទួល​អំណោយពី​លោកអភិបាលខេត្ត​

ខេត្តកំពង់ធំ ៖ លោក អ៊ុត​ សំ​អន អភិបាលខេត្ត​​ សុំ​ឲ្យ​អង្គការ​កុមារ​កំព្រា​នៃ​សេចក្តី​សន្យា​ដំណឹង​ល្អ​(FCOP) ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ​បន្តទៀត ដើម្បី​ចូល​រួម​ចំណែក​ជាមួយ​​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​​ប្រជាពលរដ្ឋ​ ។

​លោក​អភិបាលខេត្ត​​ បាន​ថ្លែង​​ដូច្នេះ​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៦ នៅ​ក្នុង​ពិធីចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥០៧​គ្រួសារ ក្នុង​សង្កាត់​ស្រយូវ ក្រុង​ស្ទឹង​សែន ដោយ​ក្នុង​១​គ្រួសារ​ៗទទួល​បាន​​ ​អង្ករ​​​១៨​គីឡូក្រាម ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​១០០​គ្រាប់ និង​ឃិ​ត​១​កញ្ចប់​​ផង​ដែរ ។​

​លោក​​​បាន​បញ្ជាក់​ថា​ អំណោយ​ដែល​នាំ​យក​មក​ចែក​ជូន​បងប្អូន​​នា​ពេល​នេះ គឺ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភពី​អង្គការ​កុមារ​កំព្រា​នៃ​សេចក្តី​សន្យា​ដំណឹង​ល្អប្រចាំ​ខេត្ត​ ​ហើយ​លោក​ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ បាន​ថ្លែងអំណរគុណ​ចំពោះ លោកស្រី ស៊ូ ម​ន្ថា ស្ថាបនិក និង​ជា​ប្រធាន​អង្គការ​ដែល​បានខិតខំ​រក​ជំនួយ​មក​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ។​

លោកស្រី ស៊ូ ម​ន្ថា ស្ថាបនិក ​បាន​ឲ្យ​ដឹង​ថា​ ​អង្គការ​កុមារ​កំព្រា​នៃ​សេចក្តី​សន្យាដំណឹង​ល្អ​​ បាន​ធ្វើ​សកម្មភាព​​តាំង​ពី​ឆ្នាំ​១៩៩៩ ​រហូត​មក​ដល់​បច្ចុប្បន្ន​មាន​២៣​ម​ណ្ឌល និង​មាន​ចំនួន​៧៦​កន្លែង​ទូ​ទាំង​រាជ​ធានី/ខេត្ត​​ សម្រាប់​ថែទាំ​កុមារ​កំព្រា​សរុប​ចំនួន​ជាង​២.០០០​នាក់ និង​បុគ្គលិក​ចំនួន​៥៤៤​នាក់ ដោយឡែក ​ក្នុងខេត្តកំពង់ធំ​មាន​១​ម​ណ្ឌល ដែល​មាន​១០​ព្រះ​វិហារ មាន​បុគ្គលិក​៥៤​នាក់ (ស្រី​៣៤​នាក់) និង​មាន​កុមារចំនួន១៨៤​នាក់ (​ស្រី៧៦​នាក់​)​ ។ ​ក្នុង​នោះ​​ អង្គការ​មាន​គម្រោង​បន្ត​ជួយ​ដល់​កុមារ​កំព្រា កុមារ​ក្រីក្រ កុមារ​ងាយរង​គ្រោះ និង​ស្ត្រី​មេម៉ាយ នៅ​ក្នុង​ការ​បណ្តុះបណ្តាល​អប់រំ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​សម្រាប់​ចិញ្ចឹមជីវិត​ដោយខ្លួនឯង​ ក៏​ដូច​ជា​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ៕