ម្ចាស់ផ្ទះ​មិន​នៅ​ចោរ​​​កាត់​សោផ្ទះចូល​លួច​សម្ភារ​

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​​​​​ឮ​សំឡេង​​ផាំង​ៗ​​នៅ​ខាង​​​​ក្រៅ​ផ្ទះ​របស់​គាត់​ក៏​ក្រោក​ទៅ​មើល ស្រាប់តែ​​​ឃើញ​​ជន​៤​នាក់​កំពុង​​​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​ចូល​លួច​អី​វ៉ា​ន់​អ្នក​ជិតខាងកាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៦ ស្ថិត​នៅផ្ទះ​លេខ​២៦ ផ្លូវ​លេខ​៦១២ ក្នុង​សង្កាត់​បឹង​កង់​ទី២ ខណ្ឌទួលគោក តែ​មិន​​សម្រេច ដោយសារ​គាត់​ស្រែក​ឆោឡោ​ធ្វើ​ឱ្យ​​ជនសង្ស័យ​ទាំងនោះ​ភ័យ​ស្លន់​ស្លោ​រត់គេច​ខ្លួន​បាត់​អស់  ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង បាន​ឲ្យ​ដឹង​ថា ​ផ្ទះ​ជន​រង​គ្រោះ​​ គឺជា​ផ្ទះ​ក្រុម​មេធាវី​ ដែល​គេ​ចាក់សោ​ចោល​ខាងក្រៅពុំ​មាន​មនុស្ស​នៅឡើយ មុន​ពេល​កើតហេតុ ម៉ោង​ទៀប​​ភ្លឺ ពួក​គាត់​ឮ​សំឡេង​​ផាំង​ៗពី​ខាងលើ​ក្រៅ​ផ្ទះ ដោយ​មានការ​សង្ស័យ​ថា ​​ក៏​ក្រោក​ទៅ​មើល​នៅ​ខាងក្រៅ​ផ្ទះ ស្រាប់តែ​ឃើញ​ចោរ​បួន​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​​​​មក​​ឈប់​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​របស់​ក្រុម​មេធាវី​បម្រុង​ចូល​លួច​​អី​វ៉ា​ន់ ដោយ​ឃើញ​ដូចនេះ ពួក​គាត់​ក៏​ស្រែក​ឆោឡោ​ឡើង​ធ្វើ​​ឱ្យ​ជនសង្ស័យ​ភ័យ​ក៏​ឡើង​ជិះ​ម៉ូតូ​​​គេចខ្លួន​ទៅ​បាត់​ស្រមោល​ ។

បន្ទាប់​ពី​កើតហេតុ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​ក៏​បាន​រាយ​ការ​ណ៍ទៅ​សមត្ថកិច្ច​មូលដ្ឋានចុះ​ទៅ​មក​ដល់​ចំណុច​កើតហេតុ ដើម្បី​ពិនិត្យ​មើល​សម្ភារ​បាត់​អ្វីខ្លះ តែ​ពេល​សមត្ថកិច្ច​​ត្រួត​ពិនិត្យ​​​ឃើញ​ស្រយូវ​ទ្វារ​ចាក់សោ​ត្រូវ​ចោរ​កាត់​ផ្តាច់ តែ​មិនដឹង​ថា​បាត់បង់​អ្វីខ្លះ​នោះ​ទេ ព្រោះ​ម្ចាស់ផ្ទះ​គេ​មិន​នៅទើប​សមត្ថកិច្ច​រង់​​ចាំ​ម្ចាស់ផ្ទះ​មក​វិញ និង​ដាក់​ពាក្យបណ្តឹង​តាម​ក្រោយ ៕