សាលា​​​ដំបូង​​​រាជ​​​ធានី​​​ចេញ​​​​​​​​ដីកា​​​​​​​​​​ទី២​​​ ដើម្បី​តាម​​​ចាប់​​​ខ្លួន​​​លោក សម រង្ស៊ី​ ប្រធានបក្ស​​ប្រឆាំង

​​​​តុលាការ​​​​​បាន​​​ចេញ​​​ដីកា​​​មួយ​ទៀត​​​​តាម​​​​​ចាប់​​​ខ្លួន​​​លោក សម រង្ស៊ី ប្រធាន​គណបក្ស​​ប្រឆាំង​ដែល​កំពុង​រស់​នៅ​​​ក្នុង​​​​​ប្រទេស​​​បារាំង​​​ ដើម្បី​គេចវេះ​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ ​​​​​​​​ពីបទ​បរិហារកេរ្តិ៍ បន្ទាប់​ពី​លោក​​​មិន​បាន​ចូល​​​ខ្លួន​​​​ឲ្យ​​​តុលាការ​​​សាក​សួរ​​​​​​​​ទាក់​​​ទិន​​​សំណុំរឿង​​​ក្លែង​បន្លំ​ និង​ញុះញង់​ដាច់​ដោយ​ឡែក​មួយ​កាលពី​​ខែ​មុន។

​​លោក សម រង្ស៊ី ​មិនទាន់​បាន​​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា វិញ​​ទេ​​ចាប់​តាំង​​ពី​តុលា​ការ​ ចេញ​ដីកា​​​ចាប់​ខ្លួន​លោក​​កាលពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​មក ដោយ​​​​​​​​​​​​​​​​​ដីកា​​​ចាប់​​​ខ្លួន​​​​​​លោក​​​លើក​នេះ​​​គឺ​​​សម្រាប់​​​ការ​ផ្ដន្ទាទោស​​​ពីបទ​បរិហារ​កេរ្តិ៍​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អំឡុង​​​ពេល​​​ថ្លែង​​​​សុន្ទរ​កថា​ជា​សាធា​រណៈ​​​​​នៅ​​​ឆ្នាំ​២០០៧។

ដីកា​​​ចាប់​ខ្លួន​ថ្មី​​​ដែល​​ផ្សព្វ​ផ្សាយ​ជា​សាធា​រណៈ​តាម​រយៈ​​គេហទំព័រ​ហ្វ្រេស​ញូស (Fresh News) ​នេះ ចេញ​ដោយ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​​​​​​​នៅ​​​​ថ្ងៃទី​៩ ខែ​ធ្នូ ហើយ​​គូស​បញ្ជាក់​ថា លោក​ សម រង្ស៊ី មិន​បាន​ចូល​ខ្លួន​ឲ្យ​តុលាការ​សាក​សួរ​​​​​​ទេ​​​​ក្នុង​សំណុំរឿង​​ក្លែង​បន្លំ​​​ប្រឆាំង​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​ដែល​កំពុង​ជាប់​ពន្ធនាគារ​។

​ចៅក្រម​ស៊ើបសួរ កោ វណ្ឌី បាន​​​សរសេរ​​​ថា “​សម រង្ស៊ី ត្រូវ​បាន​កោះហៅ​​ឲ្យ​បង្ហាញ​ខ្លួន​​ដោយ​​​ចៅក្រម​ស៊ើបសួរ​​នៅ​ថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ប៉ុន្តែ​​​​ជន​​​នេះ​​​​មិន​បាន​មក​បង្ហាញ​ខ្លួន​​​នៅ​ចំពោះ​មុខ​ចៅក្រម​​​សម្រាប់​​​​​ការ​សាក​សួរ​​​​ឡើយ​​​នៅ​ពេល​នោះ។ បញ្ជា​ឲ្យ​កង​កម្លាំង​​​​ប្រដាប់​អាវុធ​តាម​​រក​​​ចាប់​ខ្លួន​​ ហើយ​​ប្រគល់​​​​ខ្លួន សម រង្ស៊ី ដែល​មាន​អត្តសញ្ញាណ​ដូច​ខាង​លើ​​​ឲ្យ​​​ទៅ​​​​មណ្ឌល​អប់រំ​កែប្រែ​នៃ​ក្រសួង​មហាផ្ទៃ”។

​ទាំង​ចៅក្រម​ កោ វណ្ឌី ​និង​លោក តាំង ស៊ុនឡាយ ​ប្រធាន​សាលា​ដំបូង​រាជធានី ​មិន​អាច​ទាក់ទង​​សុំការ​បំភ្លឺ​បាន​ទេ​កាលពី​ម្សិល​មិញ។ លោក​ស្រី សេង ម៉ាឡាប ​ក្រឡាបញ្ជី​របស់​ចៅក្រម​ កោ វណ្ឌី ​​​​មាន​​​​​​ប្រសាសន៍​​​​ថា ​លោកស្រី​មិន​អាច​​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​បានទេ​ជុំវិញ​​​សំណុំ​​​រឿង​​​នេះ​។

​​​សូម​​​បញ្ជាក់​​​ថា លោក ស​​​​​ម រង្ស៊ី​ ប្រឈម​​​​​ការ​​​​​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​១៧​ឆ្នាំ ​ប្រសិន​​​បើ​​​​​​​​រក​​​ឃើញ​​​ថា​​​លោក​​​ជា​បក្ខ​ពួក​របស់​លោក ហុង សុខហួរ ដែល​បាន​ជាប់​ពន្ធនាគារ​​កាល​ពី​ខែ​សីហា តាម​បទ​បញ្ជា​របស់​លោក​​ ហ៊ុន សែន ចំពោះ​ការ​ធ្វើ​បទ​បង្ហាញ​សន្ធិសញ្ញា​​​​ការ​​​ទូត​​​ក្លែង​បន្លំ​មួយ​​ជាមួយ​វៀតណាម ​ក្នុង​វីដេអូ​​​​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី។

លោក ហុង សុខហួរ ដែល​ជាមិត្ត​ជិត​ស្និទ្ធ​របស់​លោក សម រង្ស៊ី បាន​​​​ប្រើ​ប្រាស់​សន្ធិ​សញ្ញា​​នេះ​ធ្វើ​ជា​ភ័ស្តុតាង​បង្ហាញ​ថា រដ្ឋាភិបាល​​​​​​​​​ក្នុង​​​ទសវត្សរ៍​ឆ្នាំ​១៩៨០ ​​​ដែល​​​​មាន​​​លោក ហ៊ុន សែន ធ្វើ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​​ ហើយ​​បន្ទាប់​​​មក​​​ក្លាយ​​​​​ជា​នាយក​រដ្ឋមន្ត្រី បាន​​ព្រមព្រៀង​រម្លាយ​​​​​​​ព្រំដែន​​​ជាមួយ​​​​ប្រទេស​​​វៀតណាម​។

សមាជិក​ព្រឹទ្ធសភា​រូប​េនះ​ប្រឈម​ការ​ចោទ​ប្រកាន់​​​ពីបទ​ក្លែង​ឯកសារ​សាធា​រណៈ ​ប្រើ​ប្រាស់​ឯកសារ​ក្លែង និង​​​​បទ​​​ញុះញង់​។ លោក សម រង្ស៊ី ​ជាប់​ចោទ​​​​ថា​​​ជា​បក្ខពួក​ក្នុង​​​​បទ​​​ចោទ​​​ប្រកាន់​​​នីមួយ​ៗ​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​​គណនី​ហ្វេសប៊ុក​របស់​លោក។

លោក សម រង្ស៊ី ​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា លោក​បាន​​ឃើញ​ដីកា​ចាប់​ខ្លួន​នេះ​ហើយ ហើយ​លោក​មិន​ភ្ញាក់​​ផ្អើល​ទេ។ លោក​ថ្លែង​ថា ​”​ខ្ញុំ​​រំពឹង​ថា នឹង​​​មាន​​​ដីកា​ចាប់​ខ្លួន​ស្រដៀង​គ្នា​ជា​​​ច្រើន​ទៀត​ប្រឆាំង​​​​ខ្ញុំ។ គេ​​​គ្រាន់​តែ​ប្រើ​តុលាការ​ដើម្បី​​​​រារាំង​ខ្ញុំ​​កុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ​នៅ​ពេល​ខាង​មុខ​​​ប៉ុណ្ណោះ។ នេះ​​​ជា​បញ្ហា​នយោបាយ​ មិន​មែន​ជា​បញ្ហា​តុលាការ​ទេ​”។

ពេល​សួរ​​​ថា​​​​​​ហេតុ​អ្វី​​​​បាន​​​ជា​​​លោក​​គិត​​​ថា ​​​លោក​​​ប្រឈម​​​​​​ដីកា​ចាប់​ខ្លួន​មួយ​ទៀត​​​ បន្ទាប់​ពី​​បញ្ជាក់​​ច្បាស់​ថា​​​លោក​គ្មាន​គម្រោង​វិល​ត្រឡប់​មក​វិញ​​​ដើម្បី​​​​ប្រឈម​មុខ​នឹង​ដីកា​ចាប់​ខ្លួន​ទី១​នោះ លោក សម រង្ស៊ី ​ឆ្លើយ​ថា លោក​សង្ស័យ​ថា វា​ជា​​ការ​​ប្រឹង​ប្រែង​​​​​​បំបិទ​មាត់​លោក​​​​​តាម​ប្រព័ន្ធ​អុីនធឺណិត​។

លោក​មាន​ប្រសាសន៍​ថា “​វា​ពាក់​ព័ន្ធ​​​ក្រុម​ការ​ងារ​​ហ្វេសប៊ុក​​​របស់​ខ្ញុំ។ គេ​នឹង​​បង្កើត​បញ្ហា​​​​ដល់​​​សហការី​​ទាំង​អស់​របស់​ខ្ញុំ​ដែល​គ្រប់​គ្រង​ទំព័រ​ហ្វេសប៊ុក​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា ដូច្នេះ​ខ្ញុំ​គិត​​​ថា គេ​​​​ចង់​បិទ​ទំព័រ​របស់​ខ្ញុំ​​​​ចោល​​​​​​ដោយ​​​ការ​​​​​តម្រង់​គោលដៅ​​ទៅ​រក​អ្នក​ទាំង​នោះ”។

ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​​តំណាង​​​​រាស្ត្រ​ឆ្នាំ​២០១៣​មក ហ្វេសប៊ុក​បាន​ក្លាយ​ជា​សមរភូមិ​ដ៏សំខាន់​មួយ​​​ក្នុង​​យុទ្ធនាការ​​ឃោសនា​នយោបាយ​​ ហើយ​​​កាលពី​​​​​ចុង​ឆ្នាំ​មុន ​តុលាការ​​​​​​បាន​​​ចេញ​​​ដីកា​​​​​ចាប់​​​​​​ខ្លួន​​​​អ្នកគ្រប់​គ្រង​ពីរ​នាក់​ក្នុង​ចំណោម​អ្នក​គ្រប់​គ្រង​​​​ហ្វេស​ប៊ុក​​​​​របស់​លោក សម រង្ស៊ី ទាក់​​​ទិន​​​​​​សំណុំរឿង​​​លោក ហុង សុខហួរ។ ​​​អ្នក​ទាំង​ពីរ​​​នោះ​​​​បាន​​​​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា ​អស់​ហើយ។

​​​ទាក់​​​ទិន​​​បញ្ហា​​​នេះ លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា លោក​ សម រង្ស៊ី ​​​ពិត​​​ជា​​​មានទោស​ដូច​ការ​ចោទ​ប្រកាន់​មែន​។ លោក​ថ្លែង​ថា “​ខ្ញុំ​​​​មើល​​​ឃើញ​ថា គាត់​​ពិត​ជា​​ជន​សម​គំនិត​មែន ព្រោះ​គាត់​បាន​ផ្ដល់​គណនី​ហ្វេសប៊ុក​​​របស់​​​គាត់​​​​ដើម្បី​​ផ្សព្វ​ផ្សាយ​ឯកសារ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​ ដែល​និយាយ​ថា ភាគី​ទាំង​ពីរ​​​​ព្រមព្រៀង​រម្លាយ​​​​ព្រំដែន​​​ចូល​​គ្នា​។ វា​​​​ជា​បញ្ហា​​ធម្មតា​មួយ​​ដែល​​គណបក្ស​ប្រឆាំង​​តែង​តែ​ប្រើ​ប្រាស់​​​ដើម្បី​កេងចំណេញ​នយោបាយ​”។

​កាលពី​សប្ដាហ៍​មុន លោក ហ៊ុន សែន បាន​សន្យា​កាត់​ដៃស្ដាំ​របស់​លោក​​បោះ​​​ចោល ​​ប្រសិន​បើ​លោក​ស្នើ​សុំ​​ការ​លើក​លែង​ទោស​​​​​​ដល់​លោក សម រង្ស៊ី ម្ដង​ទៀត​​ដូច​ដែល​លោក​ធ្លាប់​បាន​​ធ្វើ​​​​សម្រាប់​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​អំឡុង​​អាណត្តិ​បោះ​ឆ្នោត​មុនៗ។

លោក សម រង្ស៊ី ដែល​​មាន​សញ្ជាតិ​បារាំង​ដែរ​​​​​​នោះ បាន​មាន​ប្រសាសន៍​​កាលពី​ម្សិល​មិញ​​ថា លោក​នៅ​តែ​មាន​គម្រោង​វិល​ត្រឡប់​​​​មក​​​កម្ពុជា ​​​​​​វិញ​​​ដោយ​​​​​​មាន​​​សេរីភាព​​​​នៅ​ពេល​ខាង​មុខ​។ ​លោក​​បាន​ថ្លែង​ថា “​​គេ​តែង​តែ​​និយាយ​បែប​នោះ​​ បន្ទាប់ពី​​​​ខ្ញុំ​​​​និរទេស​​​​​ខ្លួន​​​លើក​​​មុនៗ​។ ​​នេះ​​​ជា​លើក​ទី៤​ហើយ​ដែល​ខ្ញុំ​​និរទេស​​​ខ្លួន​។ ​បី​លើក​ដំបូង គេ​និយាយ​​​​​​​ដូច​គ្នា ហើយ​​​គេ​ប្ដេជ្ញា​​​ថា នឹង​​មិន​​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ស្រុក​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​​​ជា​​​​ការ​​​សម្តែង​​​ល្ខោន​នយោបាយ​​​​ប៉ុណ្ណោះ​”។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​​​ដើម្បី​​​​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល​) បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា ​ដីកា​ចាប់​ខ្លួន​ចុង​ក្រោយ​​​​នេះ​គឺ​ជា​យុទ្ធនាការ​​​​​​មួយ​​​ដើម្បី​​​ដាក់​សម្ពាធ​លើ​លោក សម រង្ស៊ី ​ខណៈ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​​​ធ្វើ​វិសោធនកម្ម​ច្បាប់​​ដើម្បី​រារាំង​ពលរដ្ឋ​​ដែល​​​មាន​សញ្ជាតិ​ពីរ​មិន​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​។

​លោក​​​​បាន​​​​​​បន្ត​​​​ថា ​”​វា​​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គាត់​មិន​​អាច​​វិល​ត្រឡប់​មក​វិញ​បាន​។ ពេល​នេះ​​ គេ​កំពុង​ត្រៀម​ច្បាប់​​​ស្ដីពី​គណបក្ស​នយោបាយ​ដើម្បី​​បង្ខំ​ឲ្យ​​ប្រធាន​គណបក្ស​​​​​មាន​សញ្ជាតិ​តែ​មួយ​។ វា​ជា​ការ​ដាក់​សម្ពាធ​នយោបាយ​លើ​លោក សម រង្ស៊ី”៕ សុខុម​​​​​

 

 

The post សាលា​​​ដំបូង​​​រាជ​​​ធានី​​​ចេញ​​​​​​​​ដីកា​​​​​​​​​​ទី២​​​ ដើម្បី​តាម​​​ចាប់​​​ខ្លួន​​​លោក សម រង្ស៊ី​ ប្រធានបក្ស​​ប្រឆាំង appeared first on ខេមបូឌា ដេលី.