វៀត​ណាម​ផ្តល់​ទឹកប្រាក់​ និង​សម្ភារ​សំណង់​​​ជួយ​សាងសង់​​ប៉ុស្តិ៍នគរបាល​ថ្មី​ក្នុង​ខេត្ត​មណ្ឌលគិរី

យោង​​​តាម​​​​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខេត្ត​​​ដាក់​​​ឡាក់របស់​​​​វៀតណាម​​​បាន​​​ផ្តល់​​​ទឹក​ប្រាក់​​​ និង​​​សម្ភារ​​​សំណង់​​​ដើម្បី​សាង​​​សង់​​​ប៉ុស្តិ៍​​​នគ​​​របាល​​​ថ្មី​​​មួយ​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ក្នុង​​ស្រុក​​​កោះ​​​ញែក ខេត្ត​​​មណ្ឌល​​​គិរី។

លោក វ៉ាន់ ដានិន អ្នក​​​នាំពាក្យ​​​នគរ​​​បាល​​​ខេត្ត​​​មណ្ឌល​​​គិរី​​​បាន​​​មាន​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា រដ្ឋាភិបាល​​​ខេត្ត​​​ដាក់​​​ឡាក់​​​បាន​​​ផ្តល់​​​​​​ស័ង្កសី​​​សម្រាប់​​​ប្រក់​​​ដំបូល​​​ចំនួន​​​១៨០​​​ម៉ែត្រ​​​​ក្រឡា​​​ ស៊ីម៉ង់ត៍​​​៥,៥តោន និង​​​ទឹក​ប្រាក់​​​១.៨០០​​​ដុល្លារ​​​ដល់​​​​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​​​ថ្មី​​​ក្នុង​​​ស្រុក​​​កោះ​​​ញែក​​​ដែល​​​មាន​​​ព្រំ​​​ប្រទល់​​​ប្រហែល ​​​៥០​​​គីឡូម៉ែត្រ​ជាប់​​​ប្រទេស​​​វៀតណាម។

លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា “ភាគី​​​វៀត​​​ណាម​​​បាន​​​ជួួយ​​​តាមរយៈ​ការ​ផ្តល់​​​សម្ភារ​​​សំណង់​​​​ទាំង​​​នេះ​​​ដើម្បី​​​សាង​​​សង់​​​ប៉ុស្តិ៍​​​នគ​​​រ​​​បាលក្នុង​​​ស្រុក​​​កោះញែក​​​ដើម្បី​​​ពង្រឹង​​​កិច្ច​​​សហប្រតិបត្តិការ​​​ និង​​​មិត្ត​​​ភាព​​​រវាង​​​ខេត្ត​​​ទាំង​​​ពីរ​​​។ យើង​​​បាន​​​ព្រម​​​ព្រៀង​​​រួមគ្នា​​​បញ្ឈប់​​​រាល់​បទ​​​ឧក្រិដ្ឋ​​​ឆ្លង​​​ដែន​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ទាំង​​​ពីរ​​​។

លោក ដានិន បាន​​​ទទួល​​​ស្គាល់​​​ថា ​​​ព្រំដែន​​​ ​​​នៅ​​​មិន​​​ទាន់​​​មាន​​​សន្តិសុខ​​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ ​​​បាន​​​អះ​​​អាង​​​ថា នគរ​​​បាល​​​ខេត្ត​​​មណ្ឌល​​​​​​គិរី​​​មិន​​​បាន​​​សហការ​​​ជាមួយ​អ្នក​​​ជួញ​​​ដូរ​​​ឈើ​​​ឆ្លង​​​ព្រំដែន​​​ឡើយ​។

លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​សូម​​​បដិសេធ​​​ការ​​​ដែល​​​ថា មន្ត្រី​​​នគរ​​​បាល​​​របស់​​​យើង​​​បាន​​​អនុ​​​ញ្ញាត​​​ឲ្យ​​​ជន​​​ជាតិ​​​វៀតណាម​​​ឆ្លង​​​ចូល​​​ប្រទេស​​​កម្ពុជា ហើយ​​​កាប់​​​ឈើ​​​ក្នុង​​​ព្រៃ​​​នៃ​​​ខេត្ត​​​មណ្ឌល ​​​​​​គិរី ប៉ុន្តែ ពួក​​​គេ​​​​​​ប្រហែល​​​ជា​​​​​​ចូល​​​ប្រទេស​​​កម្ពុជា​​​​​​ តាម​​​រយៈ​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​មួយ​​​ចំនួន​​​ក្រៅ​​​ម៉ោង​​​ល្បាត​​​របស់​​​មន្ត្រី​​​នគ​​​របាល​​​​​​យើង​​​”។

គ្រាន់​​​តែក្នុង​​​​ខែ​​​មុន​​​ប៉ុណ្ណោះ​​​ ជន​​​ជាតិ​​​វៀត​​​ណាម​​​៥​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ក្នុង​​ស្រុក​​​កោះ​ញែក​​​ជា​​​មួយ​​​ឈើ​​​ប្រណីត​​​មួយ​​​ចំនួន​​​ធំ បន្ទាប់​​​ពី​​​ឆ្លង​​​ចូល​​​ទឹក​​​ដី​​​កម្ពុជា​​​ដោយ​​​ខុស​​​ច្បាប់​​​។ ​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ជនជាតិ​​​វៀតណាម​​​៤​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ខណៈ​​​ពេល​​​ព្យាយាម​​​ដឹក​​​ឈើ​​​ប្រភេទ​​​លេខ​​​១​​​ចេញ​​​ពី​​​ស្រុក​​​កោះ​​​ញែក​​​បាន​និយាយ​​​ថា មន្ត្រី​​​នគ​​​របាល​​​កម្ពុជា​​​ម្នាក់​​​ដែល​​​ឈរ​​​ជើង​​​នៅ​​​ព្រំដែន​​​បាន​​​សម្រប​​​សម្រួល​​​ការ​ចូលរបស់​ពួក​​​គេ​​​។

លោក សុខ រដ្ឋា អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ប្រចាំ​ខេត្ត​នេះ​បានលើកឡើង​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​ភូមិ​​​នៅ​​​ស្រុក​​​កោះ​​​ញែក​​​ បាន​​​ឃាត់​​​ខ្លួន​​​អ្នក​​​កាប់​​​ឈើ​​​ជា​ជន​បរទេស​​​ដោយ​​​ខ្លួន​​​ឯង​​​ ហើយ​​​ប្រគល់​​​ទៅ​​​ឲ្យ​​​នគរ​​​បាល​​​។ លោក​បាន​ថ្លែង​ថា ការ​​​ផ្តល់​​​អំណោយ​​​ពី​​​​​​ខេត្តឆ្លង​​​​​ព្រំដែន​​​នេះ​​​អាច​​​ធ្វើ​​​ឲ្យ​​​នគ​​​របាល​​​មូល​​​ដ្ឋាន​​​មិ​ន​​ដាក់​​​ទោស​​​ជន​​​ល្មើស​​​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​មិន​​​ដឹង​ច្បាស់​​​​ថា ការ​​​ជួយ​​​សាង​​​​​​សង់​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​នេះ​​​នឹង​​​បង្កលក្ខណៈងាយស្រួល​​​ដល់​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​កាប់​​​ឈើ​​​ដោយ​​​សេរី​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​​​​ឡើយ ប៉ុន្តែ ខ្ញុំ​​​គិត​​​ថា នេះ​​​គឺជា​​​ចំណុច​​​ខ្សោយ​​​របស់​​​អាជ្ញាធរ​​​​​យើង​​​។ នៅ​​​ពេល​​​ពួក​​​គេ​​​ទទួល​​​បាន​​​អំណោយ ​​​ពួក​​​គេ​​​មាន​​​ការ​​​យោគ​​​យល់​​​។ ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​ចាប់បាន​​​​​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ មួយ​​​ចំនួន​​​ដែល​​​កាប់​​​ឈើ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ​​​ពួក​​​គេ​​​នឹង​​គ្រាន់​​​តែ​​​បញ្ជូន​​​ទៅ​​​វិញឬ?៕​​​សារុន​

The post វៀត​ណាម​ផ្តល់​ទឹកប្រាក់​ និង​សម្ភារ​សំណង់​​​ជួយ​សាងសង់​​ប៉ុស្តិ៍នគរបាល​ថ្មី​ក្នុង​ខេត្ត​មណ្ឌលគិរី appeared first on ខេមបូឌា ដេលី.