បៀបប្រាយយូណាយធីត រំសាយក្រុម មុនការប្រកួត រដូវកាលថ្មីចាប់ផ្ដើម

ភ្នំពេញ៖ ប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តម្នាក់បានបង្ហើបឲ្យដឹងថា ក្លឹបបាល់ទាត់បៀលប្រាយយូណាយធីត នឹងមិនបង្ហាញវត្តមានក្នុងការប្រកួតពានរង្វាន់ផ្សេងៗ នៅក្នុងឆ្នាំ២០១៦នេះឡើយ ខណៈក្លឹបគ្រោងនឹងរំសាយក្រុមក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីក្លឹបជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ មិនអាចបន្ដសកម្មភាពបានទៀត ។

ជុំវិញព័ត៌មាននេះដែរ ក៏មានកីឡាករមួយចំនួនរបស់ក្លឹបបៀលប្រាយយូណាយធីត បានសរសេរសាបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គម Facebook កាលពីយប់មិញ ដើម្បីបង្ហាញឲ្យអ្នកគាំទ្រ បានដឹងអំពីការរំសាយក្រុមផងដែរ ប៉ុន្ដែពួកគេមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ ។

នេះជាដំណឹងដ៏គួរឲ្យសោកស្ដាយមួយ នៅក្នុងវិស័យបាល់ទាត់កម្ពុជា ដែលកំពុងតែមានភាពរីកចម្រើនខ្លាំង ជាពិសេសកាលពីឆ្នាំ២០១៥ ។ ប៉ុន្ដែទោះជាយ៉ាងណា មកទល់នឹងពេលនេះ ក្លឹបបៀលប្រាយយូណាយធីត នៅមិនទាន់ប្រកាសជាផ្លូវការ ចំពោះការរំសាយក្រុមនេះឡើយ ។

គួរបញ្ជាក់ថា ក្លឹបបៀលប្រាយយូណាយធីត គឺជាក្រុមជើងខ្លាំងមួយ ក្នុងចំណោម ១២ក្រុម ដែលជាសមាជិកនៃលីកកំពូលកម្ពុជា តែដោយសារបញ្ហាហិរញ្ញវត្ថុ មិនអាចផ្គត់ផ្គង់ក្លឹបបន្ដបាន ទើបថ្នាក់ដឹកនាំក្លឹបចង់រំសាយក្រុម ដែលជាហេតុធ្វើឲ្យកីឡាករម្នាក់ៗ មានការសោកស្ដាយជាខ្លាំង ចំពោះការរំសាយទាំងតក់ក្រហល់បែបនេះ ។

សូមរំឮកថា ប្រសិនបើក្លឹបបៀលប្រាយូណាយធីតត្រូវរំសាយក្រុមពិតមែន នោះបៀលប្រាយ គឺជាក្លឹបទី៣នៃសមាជិកលីកកំពូលកម្ពុជា ដែលដំណើរការហើយ ដួលរលំទៅវិញ ។ ដោយឡែកក្លឹប ២ទៀត ដែលរំសាយក្រុមដោយសារវិបត្តិហិរញ្ញវត្ថុ រួមក្លឹបខេមរាកីឡា រំសាយក្រុមនៅចុងឆ្នាំ២០០៩ និងក្រុម Albirex Niigata ត្រូវបានរំសាយនៅចុងឆ្នាំ២០១៥ បន្ទាប់ពីបង្កើតក្លឹបបានមួយរដូវកាល ៕

បៀបប្រាយយូណាយធីត រំសាយក្រុម មុនការប្រកួត រដូវកាលថ្មីចាប់ផ្ដើម