ទិញ​រថយន្ត​មួយ​ទឹក​ឱ្យ​ស្រប​ច្បាប់​ទាមទារ​អ្វី​ខ្លះ?


ទិញ​រថយន្ត​មួយ​ទឹក​ឱ្យ​ស្រប​ច្បាប់​ទាមទារ​អ្វី​ខ្លះ?

រថយន្ត​មួយ​ទឹក​​មាន​ការ​ពេញ​និយម​និង​ទីផ្សារ​គ្រប​ដណ្តប់​ធំ​ទូលាយ បើ​ទោះ​បី​មាន​ចលនា​ជំរុញ​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​​មានការ​កើន​ឡើង​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​។ ពលរដ្ឋ​ដែល​មាន​ជីវភាព​មធ្យម មិន​មាន​លទ្ធភាព​ទិញ​ឡានថ្មី​តម្លៃ​ថ្លៃ​​​នៅ​តែ​ស្វែង​រក​រថយន្ត​មួយ​ទឹក​​​​​ដើម្បី ប្រើប្រាស់​ក្នុង​របរ​អាជីវកម្ម​និង​សម្រួល​ក្នុង​ជីវភាព​រស់នៅ​។ តើ​ការ​ទិញ​រថយន្ត​មួយ​ទឹក​ឱ្យ​ស្រប​ច្បាប់​កុំ​ឱ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​នោះ ត្រូវ​ទាមទារ​អ្វី​ខ្លះ​?

 

ទិញ​រថយន្ត​មួយ​ទឹក​ឱ្យ​ស្រប​ច្បាប់​ទាមទារ​អ្វី​ខ្លះ?

 

 

លោក ដោ ទិវា ប្រធាន​ផ្នែក​តូយ៉ូតាផ្លឹស (Toyota Plus) បាន​ឱ្យ​ដឹង​ថា ការ​ទិញ​រថយន្តមួយ​ទឹក​ ទោះ​បី​ជា​ការ​ទិញ​ត​គ្នា​លក្ខណៈ​ឯកជន​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយ ពី​បណ្ដា​ហាង​ចែកចាយ​និង​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវការ ​ត្រូវ​មាន​​លិខិត​ស្នាម​​​បញ្ជាក់​​ទទួល​ស្គាល់​ដើម្បី​​​ទទួល​បាន​ភាព​​ស្រប​ច្បាប់​​អាច​បង្កា​បញ្ហា​​ប្រើប្រាស់​នៅ​ថ្ងៃ​ក្រោយ។

 

លោក​ថា លិខិត​ស្នាម​បញ្ជាក់​​​មាន​​ដូចជា​​កិច្ចសន្យា​ទិញ​លក់​រវាង​អ្នក​លក់​និង​អ្នក​ទិញ កាតគ្រី និង​សន្លឹក​ឆៀក (ប័ណ្ណ​បញ្ជាក់​គុណភាព​រថយន្ត)។ ​​ជាមួយ​គ្នា​នេះ​ក៏​​ត្រូវ​​ទៅ​កាត់​ឈ្មោះ​​ពី​ម្ចាស់​ដើម ដើម្បី​បញ្ជាក់​ពី​សុពលភាព​​និង​ទទួល​បាន​ភាព​ស្រប​ច្បាប់។

 

ដោយ​ឡែក​សម្រាប់​លោក សុខា ប្រធាន​ផ្នែក​គ្រប់គ្រង​ការ​លក់​នៅ​ហាង​លក់​រថយន្ត Asia Auto ក៏​បញ្ជាក់​ស្រដៀង​គ្នា​ដែរ​ថា រាល់​ការ​ទិញ​​លក់​រថយន្ត​មួយ​ទឹក​ ​ត្រូវ​មាន​ការ​កាត់​ឈ្មោះ​ចាស់​ដាក់​ឈ្មោះ​ថ្មី​​នៅ​នាយកដ្ឋាន​សាធារណការ​ហើយ​ឯកសារ​ដែល​ត្រូវ​ស្នើ​សុំ​ការ​កាត់​ឈ្មោះ​នោះ​ត្រូវ​មាន អត្តសញ្ញាណប័ណ្ណ កិច្ចសន្យា​ទិញ​លក់​មាន​ស្នាម​មេដៃ​អ្នក​ទិញ​និង​អ្នក​លក់។

 

ទាក់ទិន​នឹង​ការ​កាត់​ឈ្មោះ​ម្ចាស់​រថយន្ត​មួយ​ទឹក​នេះ លោក សៅ ដឺលុច ជា​មេធាវី​និង​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​​មួយ​រូប​បាន​ប្រាប់ Sabay ថា នៅ​ពេល​ហាង​ឬ​នរណា​ម្នាក់​លក់​រថយន្ត​មួយ​ទឹក​ទៅ​ឱ្យ​ជន​ម្នាក់​ទៀត ចាំបាច់​ត្រូវ​ធ្វើ​សំណុំ​បែបបទ​កាត់​ឈ្មោះ​ម្ចាស់​ដើម​ដើម្បី​ប្ដូរ​ឈ្មោះ​ម្ចាស់​ថ្មី​ដែល​បាន​ទិញ​រថយន្ត​មួយ​ទឹក​នោះ។

 

លោក​បន្ត​ថា ការ​កាត់​ឈ្មោះ​ពី​នាយកដ្ឋាន​នេះ​ជា​រឿង​ចាំ​បាច់​បំផុត ដើម្បី​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់។ បើ​សិន​គ្មាន​ការ​កាត់​ឈ្មោះ​ចាស់​ដាក់​ឈ្មោះ​ថ្មី​ទេ​នោះ នៅ​ពេល​រថយន្ត​ដែល​ម្ចាស់​ថ្មី​បាន​ទិញ​បង្ក​បញ្ហា​ណាមួយ ឈ្មោះ​ម្ចាស់​ដើម​រថយន្ត ត្រូវ​ទទួល​ខុស​ត្រូវ​លើ​រាល់​បញ្ហា​ដែល​រថយន្ត​នោះ​បង្ក​ឡើង។ ម្យ៉ាង​ទៀត​បើ​សិន​ម្ចាស់​ថ្មី​ដែល​ទិញ​រថយន្ត​មួយ​ទឹក​មិន​បាន​កាត់​ឈ្មោះ ហើយ​ចង់​លក់​រថយន្ត​ឱ្យ​អ្នក​ផ្សេង​ទៀត គឺ​មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​កម្មសិទ្ធិ​លើ​រថយន្ត​នៅ​ស្ថិត​លើ​ម្ចាស់​ដើម​នៅ​ឡើយ៕

 

អត្ថបទ៖ ប៉ែត ផាន់និត