បិទ​បម្រាម​តាម​អូរ​និង​ស្ទឹង​មិន​ឱ្យ​នេសាទ​ឬ​បូម​បាច​ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់

ខេត្តបន្ទាយមានជ័យ ៖ អភិបាលរង​ខេត្ត​លោក លី សារី និង​មន្ត្រី​ជំនាញ​កាលពី​ថ្ងៃ​ទី​៥ មក​រា បាន​បិទ​បម្រាម​តាម​មាត់​អូរ​និង​ស្ទឹង មិន​ឱ្យ​ប្រជាពលរដ្ឋ​នេសាទ​ត្រី​ឬ​បូម​បាច​ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​នៅ​ចំណុច​ទំនប់​អូរ​តា​ឡែ​ម ស្ថិត​ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោ​ករើន រឺក ចៅសង្កាត់​កំពង់ស្វាយ​បាន​ប្រាប់​ថា ដោយ​បានការ​យកចិត្តទុកដាក់​ពីអាជ្ញាធរ​ខេត្ត​លើ​កង្វះ​ទឹក​ប្រើប្រាស់ ទើប​ថ្ងៃនេះ លោក លី សារី អភិបាលរង​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​បិទ​បម្រាម​នៅ​ចំណុច​ទំនប់​អូរ​តា​ឡែ​ម ដែល​មានទឹក​ប្រើប្រាស់​បាន​ដោយ​មាន​អូរ​ប្រវែង​៥០០​ម៉ែត្រ​ស្ថិត​ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។ បម្រាម​នោះ​គឺ​ហាម​មិន​ឱ្យ​បូម​ស្រោច​ដំណាំ បូម​យក​ត្រី បង់សំណាញ់ អូស​អួន​យក​ត្រី​ក្នុង​អូរ ដើម្បី​ជួយ​ថែរក្សា​ទឹកអូរ​ទុក​សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ពេល​ទឹក​ក្រុង​សិរី​សោភ័ណ​ខ្វះខាត​នា​ពេល​ខាង​មុខ​នេះ ។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ខេត្ត​បាន​ណែនាំ​ដល់​ប្រជា​កសិករ​ដែល​បង្កបង្កើន​ផល​រួច​ហើយ គឺ​អាច​បូមទឹក​ពី​ប្រឡាយ អូរ ស្ទឹង ស្រោចស្រពរហូត​ដល់​ប្រមូល​ផល ។ តែ​ហាម​មិន​ឱ្យធ្វើ​បន្ត​និង​មិន​ឱ្យ​បូមទឹក​អូរ ស្រះ បឹងបួ ប្រឡាយ​យក​ត្រី​នោះ​ទេ​គឺ​ត្រូវ​ចូលរួម​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់ ។ លោក​សំណូមពរ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ជីក​ស្តារ​ស្រះ​ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​នៅ​ពេល​ដែល​មានការ​ខ្វះខាត ៕