ថ្លាន់​ញី​មួយ​ក្បាល​ទម្ងន់​ជាង​20​គី​ទ្បូ​ក្រាម​ត្រូវ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ចាប់​បាន

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ចំការ​ឪ​ទ្បឹ​ក បាន​ប្រទះ​ឃើញ​ថ្លាន់​ញី​១​ក្បាល មាន​ទំហំ​ដងខ្លួន​ប៉ុន​កំភួនជើង​មនុស្ស​ចាស់ លូន​កាត់​តាម​ផ្លូវលំ​ក្នុងភូមិ ក៏​នាំ​គ្នា​ចាប់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ក្បែរ​នោះ ដើម្បី​ឱ្យ​ព្រះសង្ឃ​លែង​នៅ​ស្រះ​ទឹក​ក្នុង​វត្ត ។ ប៉ុន្តែ​ព្រះសង្ឃ​មិន​ហ៊ាន​ទទួល​ទ្បើ​យ ព្រោះ​ខ្លាច​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ដែល​ទៅ​ធ្វើបុណ្យ​ទាន​នៅ​ក្នុង​វត្ត​នោះ​មានការ​ភ័យ​ខ្លាច ទើប​អ្នក​ចាប់​បាន​ថ្លាន់​នោះ នាំ​យក​ទៅ​ប្រគល់​ឱ្យ​អាជ្ញាធរ​ភូមិ ដើម្បី​ប្រគល់​បន្ត​ទៅ​ឱ្យ​មន្ត្រី​អភិរក្ស​សត្វព្រៃ​វិញ ។

ថ្លាន់​ញី​១​ក្បាល​នេះ ត្រូវ​ចាប់​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា នៅ​តាម​ផ្លូវលំ​មុខ​វត្ត​តាំង​កសាង​ខាងត្បូង ស្ថិត​ក្នុងភូមិ​ចំការ​ឪ​ទ្បឹ​ក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។អ្នក​ចាប់​បាន​ពស់ថ្លាន់​នោះ​និយាយ​ថា គាត់​ឈ្មោះ កែវ សម្បត្តិ អាយុ​៤៤​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ស្លា ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។ ថ្លាន់​ញី​មួយ​ក្បាល​ដែល​គាត់​ចាប់​បាន​នេះ មាន​ទម្ងន់​ជាង​២០​គី​ទ្បូ​ក្រាម ទំហំ​ប៉ុន​កំភួនជើង​មនុស្ស​ចាស់ និង​មាន​ប្រវែង​ប្រមាណ​ជិត​៤​ម៉ែត្រ ។

កន្លង​មក គាត់​ឧស្សាហ៍​ឃើញ​ថ្លាន់​នេះ​លូន​កាត់​ទីនោះ​ជា​ញឹកញាប់ ជា​ពិសេស​នៅ​ពេល​យប់ ពេល​គាត់​ត្រ​ទ្ប​ប់​មក​ពី​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​ផ្ទះ​វិញ ហើយ​អ្នក​ដែល​រស់នៅ​ក្បែរ​នោះ​ក៏​ឃើញ​ដូច​គ្នា​ដែរ ប៉ុន្តែ​ពុំ​មាន​នរណា​ចិត្តសឿង​ហ៊ាន​ចាប់​ថ្លាន់​នោះ​ទ្បើ​យ ព្រោះ​ខ្លាច​ជា​សត្វ​មាន​បារមី​អ្នកតា​កាន់​ទៅ​តាម​ជំនឿ ។

ដោយ​ទ្បែ​ក នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា គាត់​ឃើញ​ថ្លាន់​នេះ​លូន​កាត់​ទីនោះ​ទៀត ហើយដោយ​ខ្លាច​មាន​អ្នក​ចាប់​យក​ទៅ​សម្លាប់​យក​សាច់ ឬ​ស្បែក​លក់ ទើប​គាត់​ដាច់​ចិត្ត​ចាប់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​តាំង​កសាង​ខាងត្បូង ដើម្បី​លែង​ក្នុង​ស្រះ​ទឹក​ក្នុង​វត្ត ។ ប៉ុន្តែ​ព្រះសង្ឃ​បាន​បដិសេធ​មិន​ហ៊ាន​ទទួល​ទេ ព្រោះ​ខ្លាច​ពុទ្ធបរិស័ទ​ទៅ​វត្ត​ឃើញ​មានការ​ភ័យ​ខ្លាច និង​ខ្លាច​ចាប់​សត្វ​នៅ​ក្នុង​វត្ត​ដូច​ជា​ឆ្កែ ឆ្មា ស៊ី ។ ដោយសារ​ព្រះសង្ឃ​មិន​ហ៊ាន​ទទួល គាត់​ក៏​យក​ថ្លាន់​នោះ​ទៅ​ប្រគល់​ឱ្យ​អាជ្ញាធរ​ភូមិ ដើម្បី​នាំ​យក​ទៅ​ប្រគល់​ឱ្យ​ខាង​មន្ត្រី​អភិរក្ស​សត្វព្រៃ​វិញ ហើយ​លោក​មេ​ភូមិ​ក៏​បាន​ប្រគល់​ឱ្យ​មន្ត្រី​អភិរក្ស​សត្វព្រៃ​នា​ព្រឹក​ថ្ងៃ​នោះ​ដែរ ។

អ្នក​ភូមិ​និយាយ​ថា កាលពីមុន​នៅ​តំបន់​នោះ មាន​ត្រពាំង​ជ្រៅ​ៗ និង​ព្រៃរបោះ​ជា​ច្រើន ដែល​ជា​ជម្រក​សត្វ មិន​ថា​តែ​ថ្លាន់​ទេ គឺ​មាន​ទាំង​ពស់វែក និង​ពស់​ផ្សេង​ៗ​ទៀត​ជា​ច្រើន ។ ប៉ុន្តែ​ដោយសារ​ជា​តំបន់​អភិវឌ្ឍន៍ មានការ​ចាក់​ដី​លុប​ត្រពាំង និង​ព្រៃ​ទាំងនោះ​អស់ ដើម្បី​សាងសង់​សំណង់​ផ្សេង​ៗ ទើប​ពស់​នោះ​គ្មាន​កន្លែង​នៅ ហើយ​វា​បាន​លូន​ចេញ​រក​កន្លែង​នៅ រក​ចំណី​ស៊ី ទើប​វា​បង្ហាញខ្លួន​ឱ្យ​យើង​ឃើញ​និង​ចាប់​បាន​បែប​នេះ ៕