តម្លៃ​ស្រូវ​កសិករ​ចុះថោក​ដោយសារ​កុងត្រូលជជុះ​បេះបោច

តម្លៃ​ស្រូវ​កសិករ​ចុះថោក​ដោយសារ​កុងត្រូលជជុះ​បេះបោច

ខេត្តព្រៃវែង ៖ ប្រភព​ព័ត៌មាន​ពី​ប្រជា​កសិករ និង​អ្នក​រកស៊ី​ទិញ​ស្រូវ ដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម នៅ​តំបន់​អ្នក​លឿង បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៥-២០១៦ នេះ​តម្លៃ​ស្រូវ​របស់​កសិករ​ឡើង​ខ្ពស់​បំផុត​បាន​ត្រឹមតែ​៨៦០​ទៅ​៨៧០​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូក្រាម​។ ឈ្មួញ​អ្នក​រកស៊ី​ទិញ​ស្រូវ​លក់​បាន​បញ្ជាក់​បន្ត​ថា បើ​ទិញ​នៅ​ខេត្តបាត់ដំបង ពោធិ៍សាត់ ១​គីឡូក្រាម​ស្រូវ​ទិញ​ចូល​ខ្ពស់​បំផុត​បាន​ត្រឹមតែ​៦៩០​រៀល ។ សម្រាប់​លក់​ចេញ​ឱ្យ​វៀតណាម បើ​ស្រូវ​សើម​១​គីឡូក្រាម​បាន​ថ្លៃ​៨៦០ បើ​ស្រូវ​ស្ងួត​បាន​ថ្លៃ​ត្រឹមតែ​៨៧០​រៀល​ប៉ុ​ណ្នោះ ។

ឈ្មួញ​បានឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ស្រូវ​របស់​កសិករ​មិន​អាច​ឡើងថ្លៃ​ខ្ពស់​បាន​នោះ ដោយសារ​ការ​ដឹក​ជញ្ជូន​ស្រូវ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ត្រូវ​ជួប​ការ​ខាតបង់​តាម​ផ្លូវ​ជា​ច្រើន​កន្លែង​ពេក សុទ្ធតែ​កុងត្រូលជជុះ​ដុះ​ម​មិះ  បើ​រាប់​ត្រួស​ៗ​មាន​ចំនួន​១០​កន្លែង ទី​១ ត្រូវ​បង់​ឱ្យ​សមត្ថកិច្ច​ឈរជើង​តាម​ផ្លូវ​ចេញពី​ខេត្តបាត់ដំបង​១​កន្លែង ។ មក​ដល់​ពោធិ៍សាត់​បង់​២​កន្លែង ។ នៅ​ត្រពាំង​ផ្លុ​ង​១ នៅ​ព្រំប្រទល់​ខេត្ត​ពោ​ធ៍​សាត់ និង​កំពង់ឆ្នាំង​១ ។ លុះ​ចូល​ដល់​ដី​ខេត្តកំពង់ឆ្នាំង​បង់​១​កន្លែង​ទៀត គឺ​នៅ​ចំណុច​ខាងកើត​ផ្សារ​ត្រាច ។ មក​ដល់​ខេត្តកំពង់ចាម បង់​តែ​១​កន្លែង​ទេ នៅ​ចំណុច​គល់​ស្ពាន​ព្រែក​ក្តាម​ខាងកើត ។ លុះ​ចូល​មក​ដល់​ខេត្តកណ្តាល​បង់​១​កន្លែង​ទៀត នៅ​ចំណុច​គល់​ស្ពាន​ព្រែក​តា​មា​ក់​ខាងកើត ។ ចូល​ដល់​ទឹកដី​ខេត្តព្រៃវែង ត្រូវ​បង់​១​កន្លែង​ទៀត​នៅ​ចំណុច សាលាឃុំ​រំចេក ផ្លូវជាតិ​លេខ​១ ។ សរុប​ជា​ទឹកប្រាក់​អស់​ចាប់ពី​២០​ទៅ​៣០​ម៉ឺន​រៀល ក្នុង​រថយន្ត​១​គ្រឿង ។

ក្រុម​អ្នក​រកស៊ី​ដឹកស្រូវ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​សំណូមពរ​ថា សូមកុំ​ឱ្យ​មាន​កុងត្រូលជជុះ​ដុះ​ម​មិះ​នៅ​តាម​ផ្លូវ​ច្រើន​ពេក គឺ​សុំ​ឱ្យ​មាន​តែ​ជញ្ជីង​១​មុខ​បាន​ហើយ ។ ចំណែកឯ​ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​កំពង់​ប្រាសាទ ស្រុក​ពាម​ជរ ក៏​ដូច​ជា​ប្រជា​កសិករ​រស់នៅ​ក្នុង​ខេត្តព្រៃវែង​ទាំងមូល បាន​ត្អូញត្អែ​ថា ធ្វើស្រែ​ក្នុង​១​ឆ្នាំ​ៗ​គ្រាន់តែ​ដោះបំណុល​ឱ្យទៅ​ឈ្មួញ​ថ្លៃ​ជី ថ្នាំ​បាញ់​ស្រូវ និង​ពូជ របស់​ពួក​ឈ្មួញ​វា​មាន​តម្លៃ​ខ្ពស់ រីឯ​ភោគផល​ដែល​កសិករ​ទទួល​បាន​ដូច​ជា​ស្រូវ ពោត សណ្តែក មាន​តម្លៃ​ថោក អត់​មាន​តុល្យភាព​នឹង​គ្នា​ទេ ដូច​អត់​បាន​ចំណេញ​សោះ ។
ប្រជា​កសិករ​ដែល​កំពុង​មមាញឹក​ប្រមូល​ផល​ស្រូវ នៅ​ក្នុង​ឃុំ​កំពង់​ប្រាសាទ ស្រុក​ពាម​ជរ ឱ្យ​ដឹង​ថា ស្រូវ​ពួក​គាត់​លក់​បាន​តែ ៧៥០​ទៅ​៧៦០​រៀល ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ ។ បើ​ដឹក​យក​ទៅ​លក់​នៅ​ព្រំដែន លក់​បាន​ថ្លៃ​៨៦០​ទៅ​៨៧០​រៀល ។ ពួក​គាត់​ឱ្យ​ដឹង​ថា មូលហេតុ​ស្រូវ​ពួក​គាត់​មិន​បាន​ថ្លៃ ដោយសារ​ទូក​វៀតណាម ដែល​ឡើង​មក​ទិញ​ស្រូវ​ពី​កសិករ គេ​មិន​ហា​៊​ន​ឱ្យ​តម្លៃ​ខ្ពស់​ទេ ដោយសារ​ឡើង​មក ក្នុង​ទូក​១ ចំណុះ​១០០​តោន ត្រូវ​បង់​ឱ្យ​សមត្ថកិច្ច​វៀតណាម​ចំនួន​៣​លាន​៧​សែន​ដុ​ង ។ បង់​ឱ្យ​ខាង​ខ្មែរ​មាន​គយ ប៉ូលិស​ព្រំដែន កាំកុងត្រូល សាលាខេត្ត សរុប​អស់​៥​លាន​ដុ​ង​ទៀត ។ សរុប​ទាំង​ខ្មែរ ទាំង​ខាង​វៀតណាម ទូក​១​ត្រូវ​បង់អស់​៨​លាន​៧​សែន​ដុ​ង​ទៅ​ហើយ ។

បញ្ហា​ទាំងនេះ លោក ហាស សា​រ៉េ​ត អភិបាលខេត្ត​ព្រៃវែង ធ្លាប់​បាន​ព្រមាន និង​បាន​លុប​គោលការណ៍​នេះ ដោយ​ហាម​មន្ត្រី​ថ្នាក់​ក្រោម​មិន​ឱ្យ​យក​លុយ​ពី​ប្រជា​កសិករ បែរជា​ក្រុម​នេះ​ទៅ​យក​លុយ​ពី​ឈ្មួញ​ទិញ​ស្រូវ​ទៅ​វិញ ។ នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​មិន​អាច​ឡើងថ្លៃ​បាន ហើយ​ក៏​ជា​ហេតុផល​ធ្វើ​ឱ្យ​ប្រជា​កសិករ​កំពុង​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ៕