​សម្រាស់​ខុសច្បាប់​​១២​កន្លែង ​​ត្រូវ​​សមត្ថកិច្ច​ចម្រុះ​រើបំផ្លាញ​ចោលនៅ​ស្រុក​ជល​គិរី

ខេត្តកំពង់ឆ្នាំង ​៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ លោក អ៊ូ សោ​ភ័​ណ នាយ​រង​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង រយៈពេល​ពេញ​១​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៦ បាន​ចុះ​បង្ក្រាប​បទល្មើស​ និង​រុះរើ​សម្រាស់​ចំនួន​១២​កន្លែង ក្នុងភូមិសាស្ត្រ​​ឃុំ​ចំនួន​ពីរ ស្រុក​ជល​គី​រី  ​។

នាយ​រង​ខ​ណ្ឌ​រដ្ឋបាល​ជលផល​ បានឱ្យ​ដឹង​​ថា​​ ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោកនាយ​ខ​ណ្ឌ  គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​ឯកឧត្តមប្រតិភូ ប្រធាន​រដ្ឋបាល​ជលផល នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៦ ពេញ​១​ថ្ងៃ សមត្ថកិច្ច​ចម្រុះ​ រួម​មាន មន្ត្រីខ​ណ្ឌ មន្ត្រី​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រសាទ សហការ​ជាមួយ​កងទ័ពជើងទឹកឈរ​ជើង​នៅ​ឃុំ​កោះ​ថ្កូវ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​សរុប​មាន​ចំនួន​១៩​នាក់ ដោយ​ប្រើប្រាស់​កាណូត​៥​គ្រឿង បានចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ក្បាលកោះ​ឬ​ស្សី​ដ​ង្កួ​ច ឃុំ​ជលសារ និង​ក្នុង​ព្រែក​កោះធំ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី​ ។

​ជា​លទ្ធផល​នៃ​ការ​បង្ក្រាបបាន​រុះរើ​បំផ្លាញ​ចោល​សម្រាស់​ចំនួន​១២​កន្លែង ​មាន​ទំហំ​៤២០ម៉ែត្រកា​រ៉េ និង​មាន​មែក​សម្រាស់​ចំនួន​២.៥០០​មែក កាប់​បំផ្លាញ​ចោល​បង្គោល​ហ៊ុម​​សម្រាស់​ចំនួន​១៥០ដើម រុះរើ​បំផ្លាញ​ចោល​របាំង​ស្បៃ​មុង​៤​កន្លែង ប្រវែង​១២០​ម៉ែត្រ បង្គោល​ដាក់​របាំង​៥០​ដើម និង​លប​លូ​ស្បៃមុងចំនួន​៤​គ្រឿង​ ។

​លោក សោម ភិ​រុណ នាយ​ខ​ណ្ឌរដ្ឋបាល​ជលផល​កំពង់ឆ្នាំង ​បាន​អំពាវនាវ​ឱ្យ​​សហគមន៍នេសាទ​ទាំងអស់​យក​គំរូ​ល្អ​តាមសហគមន៍​នេសាទ​ភូមិ​បត់​ត្រង់ ឃុំ​កោះ​ថ្កូវ ដែល​នៅ​ក្នុង​ដែន​នេសាទសហគមន៍​នេះ មាន​ជាង​២​គីឡូម៉ែត្រ គ្មាន​បទល្មើស​នេសាទ​ឡើយ ​​កន្លង​មក ពេល​មាន​បទល្មើស​នេសាទ​សហ​គមន៍​នេះ​បាន​រាយការណ៍​ និង​សហ​ការ​​ជាមួយ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ភ្លាម​ៗ មិន​ទុកឱ្យ​​បទល្មើស​នេសាទ​នៅ​ក្នុង​សហគមន៍​ខ្លួន​នោះ​ឡើយ​ ៕