សារ​នាយក​រដ្ឋមន្ត្រី ឆ្លើយ​តប​ជា​សាធារណៈ​ពី​រថយន្ត​ចង្កូត​ស្តាំ បញ្ហា​ប័ណ្ណបើកបរ និង​ការ​បង់ប្រាក់

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​៥ មក​រា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន មាន​ប្រសាសន៍​ថា បើ​តាម​ដឹង​អ្នក​ដែល​ទិញ​ម៉ូតូ​អត់​ពន្ធ ទិញ​រថយន្ត​អត់​ពន្ធ អ្នក​នោះ​មាន​ប្រតិកម្ម​ខ្លាំង​ជាងគេ​។ គ្រាន់តែ​ទិញ ហើយ​បង់ពន្ធ​ទៅ វា​អត់​មាន​បញ្ហា​អី​ទេ វាច​ប់រឿង​ហើយ ! ប៉ុន្តែ​ចេះ តែ​សុំ​ពន្យារពេល ។

សម្តេច​រិះគន់​ថា មិនដឹង​ពន្យារពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ពន្យារពេល​យូរហើយ ដូច្នេះ​គឺ​ត្រូវការ​កែសម្រួល​កន្លែង​ណា សម្តេច​ក្រឡាហោម​ស ខេ​ង ដឹកនាំ​ការ​ប្រជុំ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​អត់ធ្មត់​បន្តិច​... រាជរដ្ឋាភិបាល​មិនមែន​ធ្វើ​កៀបសង្កត់​ប្រជាពលរដ្ឋ​ទេ​។ មិន​ចាំបាច់​ជឿ​រាជរដ្ឋាភិបាល​ទេ តើ​តម្លៃ​វា​នៅ​កន្លែង​ណា គឺ​ស្ថិត​នៅ​លើ​ការ​ការពារ​ជីវិត​មនុស្ស បានជា​គេ​អនុវត្ត ។

ទន្ទឹម​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ដោះស្រាយ​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ។ ចំពោះ​អ្នក​ដែល​មាន​រថយន្ត​ចង្កូត​ស្តាំ សម្តេច​សូម​ឱ្យ​បង់ពន្ធ ហើយ​ដែល​នៅ​សេសសល់​ទាំង​រថយន្ត​ដឹក​ដី​ទាំងអស់​ត្រូវ​ចូល​ទៅ​បង់ពន្ធ និង​ប្រើប្រាស់​ត​ទៀត នឹង​ផ្តល់​សិទ្ធិ​ស្របច្បាប់​ឱ្យ​រថយន្ត​ចង្កូត​ស្តាំ ដែល​កំពុង​មាននៅ​ពេល​បច្ចុប្បន្ន ។ រថយន្ត​ចង្កូត​ស្តាំ​មិន​ចាំបាច់​ដូរ​ចង្កូត​ទេ ឱ្យ​នៅ​ដដែល​ចុះ តែ​ហាម​ដាច់ខាត​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​មក​ទៀត បើសិនជា​មាន​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ នឹង​ចាត់​ទុក​ថា​ខុសច្បាប់ នឹង​រឹបអូស​យក​ទៀត ។

ទាក់ទង​នឹង​ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នក​ដែល​មាន​រថយន្ត​ជិះ​ទៅ​ធ្វើការ ក៏​ដូច​ជា​ដឹក​កម្មករ​-​កម្មការិនី ដែល​ធ្វើ​ដំណើរ​ចេញ​-​ចូល ជិត​ៗ​កន្លែង​បង់ប្រាក់ សម្តេច​តេ​ជោ​បាន​ដោះស្រាយ​៖ ១-​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​ទៅ​ធ្វើការ​រោងចក្រ ឬ​ក្រុមហ៊ុន ឈប់​ឱ្យ​បង់ថ្លៃ ។ មន្ត្រីរាជការ​ដែល​រស់នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៤ មិន​ត្រូវ​បង់ថ្លៃ​ទេ ចាប់ពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០១៦ នេះ​តទៅ​រថយន្ត​ជាង​២​មុ​ឺ​ន​គ្រឿង​នោះ អត់​ត្រូវ​បង់ថ្លៃ​ទេ ។

ទាក់ទិន​បញ្ហា​ថ្លៃ​ប័ណ្ណបើកបរ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា ដាច់ខាត​អ្នកបើកបរ​ត្រូវ​តែ​មាន ប្រៀប​ដូច​ជា​អត្តសញ្ញាណប័ណ្ណ​ដែរ មិន​អាច​ខ្ចី​ប័ណ្ណ​គេ​បាន​ទេ ។ ចំពោះ​បញ្ហា​តម្លៃ​ធ្វើ​ប័ណ្ណបើកបរ កាលពីមុន​មាន​តម្លៃ​៦​មុ​ឺ​ន​រៀល បូក​ពិនិត្យ​សុខភាព​ទៀត​ឡើង​ដល់​១៤.០០០​រៀល តែ​ឥឡូវ​តម្លៃ​ចុះ​មក​នៅ​ត្រឹម​២៥.០០០​រៀល សម្រាប់​ប្រភេទ​ម៉ូតូ ចាប់ពី​៤៩cc ទៅ​ដល់​១២៥cc ។

សម្រាប់​ការ​ប្រឡង​ឡើង​វិញ ពី​មុន​តម្លៃ​២​ម៉ឺន​៥​ពាន់​រៀល ឥឡូវ​តម្លៃ​អត់​យក​លុយ​ទេ ។

ចំពោះ​តម្លៃ​ប្តូរ ពន្យារ ទុតិយា​តា​ប័ណ្ណបើកបរ ប្រភេទ​ទោចក្រយានយន្ត​ពី​៤៩cc​ទៅ​១២៥cc កាលពី​ពេល​មុន យក​៤​ម៉ឺន​រៀល ឥឡូវ​យក​តម្លៃ​តែ​២​ម៉ឺន​រៀល​ទេ ។
ដោយឡែក​ចំពោះ​ម៉ូតូ​ប្រភេទ​ធំ ដែល​មាន​កម្លាំង​ចាប់ពី​១២៥cc ឡើង​ទៅ ពី​មុន​យក​៦​ម៉ឺន​រៀល ឥឡូវ​យក​៤​ម៉ឺន​រៀល និង​ត្រូវ​ពិនិត្យ​សុខភាព ។
ចំពោះ​អ្នក​ដែល​បើកបរ​យានយន្ត​ដែល​មាន​ក្រោម​១២៥cc មិន​ត្រូវ​ឱ្យ​មានការ​ពិនិត្យ​កាយសម្បទា​ទេ ចំពោះ​ការ​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ​មិន​ត្រូវ​បង់​តម្លៃ​សេវា ។

សម្តេច​តេ​ជោ​បាន​ស្នើ​ឱ្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ដែល​មាន​សាខា​របស់​ខ្លួន​នៅ​គ្រប់​ទីកន្លែង ត្រូវ​ខិតខំ​បង្រៀនច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​ដើម្បី​ឱ្យ​អ្នក​ដែល​ប្រើប្រាស់​យានយន្ត​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍ ។ អាច​ធ្វើ​បាន​គឺ​ធ្វើ​ស្ប៉ត​ចាក់​ផ្សាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ បើ​ពិសេស​ទៅ​ទៀត​នៅ​រាជធានី​ភ្នំពេញ ចាប់​រើស​យក​ទូរទស្សន៍​ខ្សែកាប​រាជធានី បើក​កម្មវិធី​បង្រៀន​អំពី​ច្បាប់​ចរាចរណ៍​ថ្មី​តាម​ទូរទស្សន៍ ខ្សែកាប បើ​នៅ​តាម​បណ្តា​ខេត្ត​ត្រូវ​យក​ទូរទស្សន៍​ខ្សែកាប​ដែរ ដើម្បី​ដាក់​កម្មវិធី​បង្រៀន​អំពី​ច្បាប់​ចរាចរណ៍​ថ្មី​ដល់​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ដើម្បី​ឱ្យ​គាត់​បាន​យល់ ចៀសវាង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ៕