ក្រុម​តា​លី​បង់​ចេញផ្សាយ​របាយ​ករ​ណ៍​នៃ​អំពើ​ភេរវកម្ម​ដែល​ខ្លួន​ធ្វើ​ក្នុង​ឆ្នាំ​២០១៥

ប៉ា​គី​ស្ថាន​៖​ចលនា​ឧទ្ទាម​តា​លី​បង់​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​ឈ្មោះ Tehreek-e-Taliban បានចេញ​ជា​លើក​ទី​១​នូវ​របាយការណ៍​បូកសរុប​ពី​ស្នាដៃ​ភេរវកម្ម​របស់ខ្លួន​នៅក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​ពីថ្ងៃ​ទី​៣ មករា​ដល់​ថ្ងៃទី​២៦ ធ្នូ ឆ្នាំ ២០១៥​។​

​នៅក្នុង​របាយការណ៍​ប​ញ្ជា​ក់​ពី​ទង្វើ​ដែល​ខ្លួន​សម្រេចបាន រួមមាន ឃាតកម្ម​ចំ​ទិសដៅ​ចំនួន​៧៣​ដង ឆ្មក់​វាយប្រហារ​ចំនួន ១២​ដង ភេរវកម្ម​អត្តឃាត​ចំនួន ៥​ដង បាញ់​មី​ស៊ី​ល​ចំនួន ១៧​ដង និង​បើក​ការប្រយុទ្ធ​តទល់​ចំនួន ១០​ដង​ដែល​សរុប​ទៅបាន​បណ្តាល​ឲ្យ​មាម​មនុស្ស​ស្លាប់​៦៨៦​នាក់​។ តែ​អ្នកសង្កេតការណ៍​បានចាត់ទុក​តុល្យការ​លើកឡើង​ដោយ​តា​លី​បង់​ថា ជាការ​បំផ្លើស​។​

​លោក រ៉ា​ហ៊ី​មូ​ឡា យូ​សា​ហ្សា​យ អ្នកជំនាញ​ប៉ា​គី​ស្ថាន​បាន​បញ្ជាក់ថា ក្រុម​តា​លី​បង់​បាន​បំប៉ោង​តួលេខ​នៅក្នុង ទង្វើ​ភេរវ​និយម​របស់ខ្លួន និង​ថា គ្មាន​ភស្តុតាង​ណាមួយ​ដែល​អាច​បញ្ជាក់​ពី​តុល្យ​ការលើកឡើង​ដោយ​ពួក​ឧទ្ទាម តា​លី​បង់​នោះទេ​។ ជាក់ស្តែង​នៅក្នុង​ការវាយប្រហារ​ប្រឆាំងនឹង​មូលដ្ឋាន​ទ័ពអាកាស​ក្នុង ទីក្រុង​ប៉េ​ស្ហា​វ៉ា​កាលពី​ខែកញ្ញា ឆ្នាំ ២០១៥ តា​លី​បង់​បានបញ្ជាក់​ពី​ការសម្លាប់​មនុស្ស​បាន ២៤៧​នាក់ តែ​តួលេខ​ផ្លូវការ​ពិតប្រាកដ​មាន​ស្លាប់​តែ ២៩​នាក់​ប៉ុណ្ណោះ​។​

 គួរ​បញ្ជាក់ថា អស់​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ប៉ា​គី​ស្ថាន​បាន​ប្រឈមមុខ​នឹង​ការ បះបោរ​របស់​ពួក​ឧទ្ទាម​តា​លី​បង់ និង​ដែល​គិត​មកដល់​ថ្ងៃនេះ មាន​ស្លាប់​ជន​ស៊ីវិល និង​កម្លាំង​សន្តិសុខ​ប្រមាណ​ជា​២៧០០០​នាក់​។

​ទោះជា​យ៉ាងនេះ​ក្តី Tehreek-e-Taliban និង​តែ​ជា​ចលនា​ឧទ្ទាម​ដែល​កំពុងមាន​សកម្មភាព​យ៉ាងសកម្ម​នៅក្នុង​ទឹកដី ប៉ា​គី​ស្ថាន និង​ដែល​រដ្ឋាភិបាល​ត្រូវ​ប្រើពេល​យូរ​ទៅមុខទៀត​ដើម្បី​អាច​គាស់​រំលើង ទាំង​ឫស​បាន​៕

ក្រុម​តា​លី​បង់​ចេញផ្សាយ​របាយ​ករ​ណ៍​នៃ​អំពើ​ភេរវកម្ម​ដែល​ខ្លួន​ធ្វើ​ក្នុង​ឆ្នាំ​២០១៥