ក្រុមហ៊ុនរថយន្ត ប្រណិត ROLLS-ROYCE MOTOR CARS ប្រកាសពីការអភិវឌ្ឍន៍ ផ្នែកវិស្វកម្ម នាពេលអនាគត

ឡុងដ៏៖ ក្រុមហ៊ុនផលិតរថយន្តសេរីទំនើប លំដាប់ពិភពលោក និងនាំមុខគេ បានប្រកាសឲ្យដឹងថា ខ្លួននឹងអភិវឌ្ឍន៍គ្រោង តួរថយន្ត ធ្វើពីអាលុយមីញ៉ូម សុទ្ធសាធន៍ ហើយតួរថយន្តប្រភេទនេះ នឹងត្រូវប្រើលើរថយន្ត Rolls-Royce គ្រប់ម៉ូដែលទាំងអស់ ដែលដាក់លក់នៅលើទីផ្សារ ចាប់ពីដើមឆ្នាំ ២០១៨ តទៅ។

សេចក្តីប្រកាសព័ត៌មានរបស់ Rolls-Royce Motor Cars ត្រូវបានផ្សព្វផ្សាយដោយបណ្តាញ ព័ត៌មាន អង់គ្លេស បានឲ្យដឹងនៅថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០១៦ថា នៅខែកុម្ភៈ ឆ្នាំ ២០១៥ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានប្រកាសពីការចាប់ផ្ដើមដំណើរការ ធ្វើតេស្តសាកល្បងនូវបង្គុំតួ រថយន្តថ្មីនេះ ដោយក្នុងនោះសកម្មភាពរៀបចំ ក្នុងដំណាក់កាលដំបូង គឺការធ្វើតេស្ត សាកល្បង គ្រោងរថយន្ត ជាសាធារណៈ ទូទាំងសកលលោក ។

អនាគតនៃរថយន្តប្រណីតពិតៗ កំពុងលេចរូបរាងហើយ ខណៈដែលក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ចាប់ផ្ដើមធ្វើតេស្តសាកល្បងនូវគំរូ តួរថយន្តធ្វើពីអាលុយមីញ៉ូម ដែលនឹងត្រូវដាក់ឲ្យប្រើ ប្រាស់សម្រាប់    រថយន្ត Rolls-Royce គ្រប់ម៉ូដែលទាំងអស់ នាពេលអនាគត ។ ស្ថាបត្យកម្មថ្មីនេះ នឹងបំពាក់លើរថយន្តដែលលក់ នៅលើទីផ្សារ នៅដើមឆ្នាំ ២០១៨ ។

គំរូតួរថយន្តសាកល្បង នឹងត្រូវបានធ្វើតេស្ត នៅតាមដងផ្លូវសាធារណៈ នៅតាមទីតាំងមួយចំនួនក្នុង ពិភពលោក ។ ដំណាក់កាលធ្វើតេស្តសាកល្បង នាពេលបច្ចុប្បន្ន គឺដើម្បីធានាថា គ្រោងតួរថយន្ត ប្រភេទថ្មី ពិតជាអាចជួយឲ្យការបើកបរ នៅលើគ្រប់ស្ថានភាពផ្លូវ ប្រៀបបាននឹង “ការជិះលើ កម្រាលព្រំទិព្វ” ដែលអាចទ្រាំទ្រនឹងស្ថានភាពអាកាសធាតុ ធ្ងន់ធ្ងរបាន។ ការធ្វើតេស្តសាកល្បង នៃគ្រោងតួរថយន្តថ្មីនេះ គឺជាដំណាក់កាលដំបូងនៃកម្មវិធីអភិវឌ្ឍន៍ ដែលនឹងត្រូវយកទៅប្រើប្រាស់ សម្រាប់រថយន្តជំនាន់ថ្មីរបស់ Rolls-Royce ដែលនឹងត្រូវដាក់លក់នៅដើមឆ្នាំ ២០១៨ ខាងមុខ ។

លោក Torsten Müller-Ötvös អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Rolls-Royce Motor Cars បានថ្លែងថា “ចាប់តាំងពីឆ្នាំ ២០០៣ មក និងចាប់តាំងពីការសាងសង់រោងចក្រថ្មីរបស់រថយន្ត Rolls-Royce នៅ Goodwood មក យើងឃើញថា ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានបង្កើតនូវនិយាមការថ្មី សម្រាប់រថយន្តប្រភេទប្រណីត” ។

លោកបានថ្លែងបន្តទៀតថា “នៅពេលនេះ គឺជាពេលវេលាដែលត្រូវបោះជំហាន ទៅមុខមួយ ជំហានទៀត ក្នុងដំណើរការនៃការផលិតរថយន្តបែបប្រណីត ។ ដូច្នេះហើយបានជាថ្ងៃនេះ ខ្ញុំសូមប្រកាស ពីការចាប់ផ្ដើមធ្វើតេស្តសាកល្បង គំរូតួរថយន្តថ្មីនៅលើដងផ្លូវ ។ ស្ថាបត្យកម្មថ្មី នៃភាពប្រណីតពិតៗនេះ ឆ្លុះបង្ហាញពីការវិនិយោគដ៏ក្រាស់ក្រែល សម្រាប់អនាគតនៃម៉ាកយីហោ រថយន្ត ដ៏អស្ចារ្យរបស់យើង” ។