ROLLS-ROYCE MOTOR CARS ប្រកាស​ពី​ការអភិវឌ្ឍន៍ ផ្នែក​វិស្វកម្ម នាពេល​អនាគត

ភ្នំពេញ: នៅ​ខែកុម្ភៈ ឆ្នាំ ២០១៥ ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars បានប្រកាស​ពី​ការ អភិវឌ្ឍន៍ គ្រោង​តួ​រថយន្ត ធ្វើ​ពី​អាលុយមីញ៉ូម សុទ្ធសាធ ហើយ​តួ​រថយន្ត​ប្រភេទ​នេះ នឹងត្រូវ​ប្រើ​លើ​រថយន្ត Rolls-Royce គ្រប់​ម៉ូ​ដែល​ទាំងអស់ ដែល​ដាក់លក់ នៅលើ​ទីផ្សារ ចាប់ពី​ដើមឆ្នាំ ២០១៨ តទៅ​។

​នៅថ្ងៃនេះ ក្រុមហ៊ុន បានប្រកាស​ពី​ការចាប់ផ្ដើម ដំណើរការ​ធ្វើតេស្ត​សាកល្បង នូវ​បង្គុំ​តួ​រថយន្ត​ថ្មី​នេះ ដោយ​ក្នុងនោះ​សកម្មភាព​រៀបចំ ក្នុងដំណាក់កាល​ដំបូង គឺ​ការធ្វើ​តេស្ត​សាកល្បង គ្រោង​រថយន្ត​ជា​សាធារណៈ ទូទាំង​សកលលោក ។

​ស្ថាបត្យកម្ម នៃ​ភាព​ប្រណី​តពិតៗ អនាគត នៃ​រថយន្ត​ប្រណី​តពិតៗ កំពុង​លេច​រូបរាង​ហើយ ខណៈដែល​ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars ចាប់ផ្ដើម​ធ្វើតេស្ត​សាកល្បង នូវ​គំរូ​តួ​រថយន្ត ធ្វើ​ពី​អាលុយមីញ៉ូម ដែល​នឹង​ត្រូវដាក់​ឲ្យ​ប្រើប្រាស់ សម្រាប់​រថយន្ត Rolls-Royce គ្រប់​ម៉ូ​ដែល​ទាំងអស់ នាពេល​អនាគត ។ ស្ថាបត្យកម្ម​ថ្មី​នេះ នឹង​បំពាក់​លើ​រថយន្ត ដែល​លក់​នៅលើ​ទីផ្សារ នៅ​ដើមឆ្នាំ ២០១៨ ។

​គំរូ​តួ​រថយន្ត​សាកល្បង នឹងត្រូវ​បានធ្វើ​តេស្ត នៅតាម​ដងផ្លូវ​សាធារណៈ នៅតាម​ទីតាំង​មួយចំនួន ក្នុង​ពិភពលោក ។ ដំណាក់កាល​ធ្វើតេស្ត​សាកល្បង នាពេល​បច្ចុប្បន្ន គឺ​ដើម្បី​ធានាថា គ្រោង​តួ​រថយន្ត​ប្រភេទ​ថ្មី ពិតជា​អាចជួយ​ឲ្យ​ការបើកបរ នៅលើ​គ្រប់​ស្ថានភាព​ផ្លូវ ប្រៀបបាន​នឹង “​ការ​ជិះ​លើ​កម្រាលព្រំ​ទិព្វ​” ដែល​អាច​ទ្រាំទ្រ​នឹង​ស្ថានភាព អាកាសធាតុ​ធ្ងន់ធ្ងរ​បាន​។ ការធ្វើ​តេស្ត​សាកល្បង នៃ​គ្រោង​តួ​រថយន្ត​ថ្មី​នេះ គឺជា​ដំណាក់កាល​ដំបូង នៃ​កម្មវិធី​អភិវឌ្ឍន៍ ដែល​នឹងត្រូវ​យកទៅ​ប្រើប្រាស់ សម្រាប់​រថយន្ត​ជំនាន់​ថ្មី របស់ Rolls-Royce ដែល​នឹងត្រូវ​ដាក់លក់ នៅ​ដើមឆ្នាំ ២០១៨ ខាងមុខ ។

​លោក Torsten Müller-Ötvös អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Rolls-Royce Motor Cars បាន​ថ្លែងថា​៖ “​ចាប់តាំងពី​ឆ្នាំ ២០០៣ មក និង​ចាប់តាំងពី​ការសាងសង់ រោងចក្រ​ថ្មី​របស់​រថយន្ត Rolls-Royce នៅ Goodwood មក យើង​ឃើញថា ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars បាន​បង្កើត​នូវ​និយាម​ការ​ថ្មី សម្រាប់​រថយន្ត​ប្រភេទ​ប្រណីត​” ។

​លោក​បាន​ថ្លែង​បន្តទៀតថា​៖ “​នៅពេលនេះ គឺជា​ពេលវេលា​ដែល ត្រូវ​បោះជំហាន​ទៅមុខ មួយ​ជំហាន​ទៀត ក្នុង​ដំណើរការ នៃ​ការផលិត​រថយន្ត បែប​ប្រណីត ។ ដូច្នេះហើយ​បានជា​ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាស​ពី​ការចាប់ផ្ដើម ធ្វើតេស្ត​សាកល្បង​គំរូ តួ​រថយន្ត​ថ្មី​នៅលើ​ដងផ្លូវ ។ ស្ថាបត្យកម្ម​ថ្មី នៃ​ភាព​ប្រណី​តពិតៗ​នេះ ឆ្លុះ​បង្ហាញ​ពី​ការវិនិយោគ​ដ៏​ក្រាស់ក្រែល សម្រាប់​អនាគត​នៃ​ម៉ាក​យីហោ​រថយន្ត ដ៏​អស្ចារ្យ​របស់​យើង​” ៕V/S

ROLLS-ROYCE MOTOR CARS ប្រកាស​ពី​ការអភិវឌ្ឍន៍ ផ្នែក​វិស្វកម្ម នាពេល​អនាគត