បញ្ហា​អសន្តិសុខ​សង្គម​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងការ​ជំរុញ​ឲ្យ​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត និង​កម្លាំង​នគរបាល​ទូទាំងប្រទេស​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​នោះ មិនឃើញ​ចេញ​ជា​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ដោយហេតុថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​អំពើ​ប្លន់​ប្រដាប់អាវុធ​កើតឡើង​ជាច្រើន​ករណី​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​បណ្ដា​ខេត្ត​នានា ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នគរបាល​ទទួលបាន​លទ្ធផល​តិចតួច​បំផុត​។ លើស​នេះ​ទៅទៀត​បទល្មើស​គ្រឿងញៀន ល្បែងស៊ីសង និង​អំពើ​ឃាតកម្ម រាលដាល​កាន់តែខ្លាំង​ឡើងៗ​ប៉ះពាល់​យ៉ាង​ពេញបន្ទុក​ដល់​សន្តិសុខ​សង្គម​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជា​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​បាន​កត់សម្គាល់ថា គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព មិន​ត្រូវបាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ចាត់វិធានការ​អនុវត្ត​ន៍​ប្រកបដោយ​ការទទួលខុសត្រូវ​នោះទេ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​។ ក្នុងនោះ​បទល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន អំពើចោរកម្ម​លួច​ឆក់​ប្លន់ អំពើ​រំលោភ​សេពសន្ថវៈ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​រាលដាល​យ៉ាងគំហុក​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​កំពុង​ភ័យខ្លាច​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​នៅពេលដែល​ចោរប្លន់​ប្រដាប់អាវុធ ចោរឆក់ ចោរ​គាស់​ផ្ទះ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​បន្ត​រាលដាល​ឥតឈប់ឈរ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​នៅក្នុង​របាយការណ៍​រប​ស់​អជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា អ្នក​ប្រើ​បំពាន​គ្រឿងញៀន​នៅ​ឆ្នាំ​២០១៥ មាន​១៦០០០​នាក់​តួលេខ​នេះ​មានការ​កើនឡើង​យ៉ាងខ្ពស់​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤ ដែលមាន​១១០០០​នាក់​នៅ​ទូទាំងប្រទេស​។ រឿង​ដែល​គួរ​ឲ្យ​ភ័យខ្លាច​គឺ​បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ឡើងៗ​តាំងពី​ទីប្រជុំជន​រហូតដល់​តំបន់​ចុងកាត់មាត់ញក​គ្រប់​ច្រកល្ហក ហើយ​អ្នក​ប្រើ​បំពាន​គ្រឿងញៀន​ភាគច្រើន​មាន​អាយុ​ពី​១៨​ដល់​៣៥​ឆ្នាំ ក្នុងនោះ​មាន​ខ្លះ​ជា​សិស្ស​និង​និស្សិត​ផងដែរ​។ ផ្ដើមចេញពី​បទល្មើស​គ្រឿងញៀន​នេះហើយ ដែល​ធ្វើ​ឲ្យ​អំពើចោរកម្ម​លួច​ឆក់​ប្លន់ អំពើ​ឃាតកម្ម​និង​បទល្មើស​ឧក្រិដ្ឋ​ផ្សេងៗ​រាលដាល​កាន់តែខ្លាំង ដូច្នេះ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់​៕

Net-savoeun2222លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ
photo-420 d44ae73a6979696953dddffa06c7f7edca250b6a