​​មុខសញ្ញា​កាច់​.​កម៉ូតូ​២​នាក់​ត្រូវ​​អាវុធហត្ថ​ខណ្ឌមានជ័យឃាត់​ខ្លួន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ក្នុង​ចំណោម​បក្សពួក​៣​នាក់ ជា​មុខសញ្ញា​កាច់​.​កម៉ូតូ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​មាន​ជ័យធ្វើការ​ឃាត់ខ្លួន​​​ ខណៈ​ឆែកឆេរ​​ឃើញ​មាន​សម្ភារ​សម្រាប់​​កាច់​សោ.កម៉ូតូនៅ​ក្នុង​ខ្លួន​ជនសង្ស័យ​ទាំង​​២​នាក់ កាលពី​វេលា​ម៉ោង២​យប់​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី០៦ ​មករា ​២០១៥ ស្ថិត​នៅ​ចំណុច​​ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ រាជធានី​ភ្នំពេញ  ។

ប្រភព​បានឱ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​​ ១-​​ឈ្មោះ​ឡុ​ង ឆ​យ​ អាយុ​១៧​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ​និង​២-​ឈ្មោះ​យ៉េ​ង គឹ​ម​ស័​រ ​អាយុ​១៥​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ចំណែក​ជនសង្ស័យ​ដែល​រត់គេច​ខ្លួនមានឈ្មោះអា​ឡេ​ឡឺ អាយុ​១៨​ឆ្នាំ មុខរបរនិង​អា​ស័​យ​ដ្ឋា​ន​មិន​ពិតប្រាកដ ។

មន្ត្រី​អាវុធហត្ថ​អោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន គឺ​កម្លាំង​យើងបាន​ចុះ​ល្បាត​​ស្ទាក់​ត្រៀម​ការពារ សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ធម្មតា ។ ខណៈកំពុង​​ល្បាត​មក​ដល់​ចំណុច​ផ្លូវ​បេតុង​ខាងលើ ​ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​៣​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកនិ​ច ពណ៌​.ស ដោយ​មើលទៅ​គួរ​ឱ្យសង្ស័យ ​ទើប​កម្លាំង​សមត្ថកិច្ចហៅ​ឱ្យឈប់​ ដើម្បី​ធ្វើការ​សាកសួរ​នាំ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ជន​សង្ស័យ​ម្នាក់ឈ្មោះឡេ​ឡឺ បាន​លោត​ចុះ​ពីលើ​ម៉ូតូ រួច​រត់​ដោយ​ថ្មើរជើង​បាត់​ស្រមោល​​ ។ ដោយឡែក​ជនសង្ស័យ​២​នាក់​​នេះ​ ត្រូវ​សមត្ថកិច្ច​អាវុធហត្ថឃាត់ខ្លួន​បាន​​ភ្លាម​ៗ និង​ធ្វើការ​ឆែកឆេរ​ខ្លួនក៏​រក​ឃើញ​មានសម្ភារ ​សម្រាប់​ធ្វើ​សកម្មភាព​កាច់.កម៉ូតូ​មួយ​ចំ​នួន ដូច​ជាសោ​កាច់​.​ក១, សោរ​លេខ​៨ចំនួន១ និងដែក​សម្រាប់​ឆ្កឹះ​​១​ផង​ដែរ ។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ ក៏​ដូច​ជា​វត្ថុ​តាង ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់ ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជ​ធា នី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ថែម និង​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​ផ្លូវ ច្បាប់ ៕