សៀម​នៅតែមាន​ចេតនា​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន

ថ្មីៗ​កន្លងទៅនេះ​ទាហាន​សៀម​មួយក្រុម​បាន​ចូលមក​កាត់​សោ​ច្រវាក់​របង​ដែក​ច្រកទ្វារ​ឡើង​ប្រាសាទព្រះវិហារ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដែលជា​ការបំពាន​មកលើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ញញើត​។ ឥឡូវនេះ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​សៀម​នៅ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ទាហាន​សៀម​ឈុតខ្មៅ​និង​ឈុត​ប៉ា​រ៉ា​នៅ​ខេត្ត​ស៊ីសាកេត កំពុង​ចង់​ធ្វើ​សកម្មភាព​ដើរល្បាត​ការពារ​ព្រំដែន​របស់គេ​នៅលើ​ផ្លូវ​ថ្មី​មួយ​ដែល​ភាគី​ទាំងពីរ​មិន​ធ្លាប់​ប្រើប្រាស់​ទាល់តែសោះ​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា ភាគី​សៀម​នៅតែ​ចង់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដូច្នេះ​យោធា​ការពារ​ព្រំដែន​ខ្មែរ​គួរ​មានការ​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​។

​មន្ត្រី​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​សៀម​ច្រក​ជាំ​ស្រងាំ​មួយរូប​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ទាហាន​សៀម​ឈុតខ្មៅ​និង​ឈុត​ប៉ា​រ៉ា​បានមក​ស្នើសុំ​ភាគី​កម្ពុជា​ឲ្យ​ដើរល្បាត​តាម​បន្ទាត់​ព្រំដែន​ទ្វេភាគី​លើផ្លូវ​ថ្មី​មួយ​ដែល​មិន​ធ្លាប់ប្រើ​សោះ ចាប់ពី​តំបន់​ជាំ​ស្រងាំ​ឆ្ពោះទៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២ មន្ត្រី​ក្រុមការងារ​ទំនាក់ទំនង​កិច្ចការ​ព្រំដែន​ខាង​ភាគី​កម្ពុជា​បាន​ឲ្យ​ដឹង​ទៀតថា ភាគី​កម្ពុជា​បាន​ច្រានចោល​សំណើ​នោះ ហើយ​បាន​ជួបប្រជុំ​ជាមួយ​ភាគី​សៀម​ពេញ​មួយ​ព្រឹក​កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦​។

ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា កន្លងមក​ទាហាន​សៀម​ឈុតខ្មៅ​និង​ប៉ា​រ៉ា​តែងតែ​ធ្វើ​សកម្មភាព​តាម​តំបន់​ព្រំដែន​នៃ​ច្រក​ជាំ​ស្រងាំ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ និង​បំពាន​លើ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៀតផង​។ ប្រជាពលរដ្ឋ​បាន​រំលឹកថា កាលពី​៣​ឆ្នាំមុន​ទាហាន​សៀម​នៃ​ខេត្ត​ស៊ីសាកេត ប្រចាំការ​ទល់មុខ​ច្រកទ្វារ​ជាំ​ស្រងាំ ធ្លាប់​ចូលមក​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ សាងសង់​លំនៅដ្ឋាន​លើ​ទឹកដី​ខ្មែរ​ជាប់​ខ្សែ​ព្រំដែន​នោះទេ​។ ឥឡូវនេះ​ស្រាប់តែ​ភាគី​សៀម​មក​បបួល​ភាគី​ខ្មែរ​ឲ្យ​ដើរល្បាត​តាម​បន្ទាត់​ព្រំដែន​ទ្វេភាគី​លើផ្លូវ​ថ្មី​មួយ​ដែល​មិន​ធ្លាប់ប្រើ​សោះ បញ្ហា​នេះ​អាចជា​ល្បិច​មួយ​របស់​ភាគី​សៀម ហើយ​ភាគី​កម្ពុជា​គួរ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ល្បិចកល​របស់​ទាហាន​សៀម​៕

f74da650-ca8c-4043-90dd-25111ce0c0ac