ហ្វីលីពីន វៀតណាម និង​អាមេរិក ព្រួត​គ្នា​វាយប្រហារ​ចិន​តាម​ការទូត​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

​បើទោះបីជា​ប្រធានបទ​សមុទ្រ​ចិន​ខាងត្បូង តែងតែ​ត្រូវបាន​លើក​ជា​របៀបវារៈ​រៀងរាល់​កិច្ចប្រជុំ​កំពូល​រវាង អាស៊ាន និង​ចិន​ក៏ដោយ ដំណោះស្រាយ​ផ្លែផ្កា នៅ​មិនទាន់​ត្រូវបាន​សម្រេច​នៅឡើយ​នោះទេ​។ អវត្តមាន​នៃ​ដំណោះស្រាយ​នេះ គឺជា​ឱកាស​មួយ​សម្រាប់​ចិន ក្នុង​ការបន្ត​អនុវត្ត​គោលនយោបាយ​វាតទី​និយម​។ ចុងក្រោយ ទាំង​រដ្ឋាភិបាល ក្រុង​ហាណូយ ក្រុង​ម៉ានីល និង​ក្រុង​វ៉ា​ស៊ិន​តោន បានចេញ​មុខ ប្រតិកម្ម​ខ្លាំង​ទៅនឹង​សកម្មភាព​របស់​ក្រុង​ប៉េកាំង​ក្នុងការ​ចូលទៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នៃ​តំបន់​ជម្លោះ​។

​កាលពី​ថ្ងៃទី​២ មករា​កន្លងទៅ យន្តហោះ​ល្បាត​របស់​ចិន បាន​ចូល​ចុះចត​នៅក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Fiery ដែលជា​ផ្នែក​មួយ​នៃ​បណ្តុំ​កោះ​ស្ព្រា​ត​លី និង​ជា​តំបន់​ដែល​ចិន ហ្វីលីពីន និង វៀតណាម​កំពុងតែ​ប្រទាញប្រទង់​គ្នា​ក្នុងការ​ដាក់​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។ ចិន បាន​អះអាងថា យន្តហោះ​នោះ គឺ​គ្រាន់តែ​ជាការ​ហោះហើរ​ស៊ីវិល​នៅក្នុង​អធិបតេយ្យ​របស់​ចិន​តែប៉ុណ្ណោះ​។​

​សកម្មភាព​ឯកតោភាគី​នៅក្នុង​តំបន់​ជម្លោះ​នេះ បានធ្វើ​រដ្ឋ​ពាក់ព័ន្ធ និង​រដ្ឋ​មិន​ពាក់ព័ន្ធ​មួយចំនួន ប្រតិកម្ម​ខ្លាំង ដោយ​ចាត់ទុក​សកម្មភាព​រប​ស់​ចិន​ថា​ជាការ​គំរាមកំហែង និង​បំពាន​លើ​អធិបតេយ្យ​។ ក្នុងនោះ រដ្ឋាភិបាល​ក្រុង​ហាណូយ បានចេញ​សេចក្តីថ្លែងការណ៍​ការទូត​ជា​ផ្លូវការ​មួយ​ដោយ​ចោទ​សកម្មភាព​នោះ​ថា ជា​សកម្មភាព​ខុសច្បាប់ និង​បំពាន​ដែន​អធិបតេយ្យ​ទាំងស្រុង​។ ហើយ ក្រុង ហាណូយ ក៏​ថែមទាំង​បាន​ឲ្យ​ក្រុង​ប៉េកាំង​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជាបន្ទាន់​ទៀតផង​។

​ជាមួយនឹង​ប្រតិ​កម្មនេះ ហ្វីលីពីន ជា​រដ្ឋ​ពាក់ព័ន្ធ​នៃ​ជម្លោះ និង​ក៏​ជា​ដៃគូ​ដ៏​ខ្លាំងក្លា​របស់​វៀតណាម​ក្នុងការ​ប្រឆាំង​ជាមួយ​ចិន ក៏បាន​ចេញមុខ​ប្រតិកម្ម​ផងដែរ​។ លោក Charles Jose អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន បាន​អះអាងថា ហ្វីលីពីន ក៏​គ្រោង​នឹង​ចេញ​សេចក្តីថ្លែងការណ៍​ការទូត​មួយ​ជា​ផ្លូវការ ដូច​វៀតណាម ដើម្បី​ថ្កោលទោស​សកម្មភាព​ចិន​ផងដែរ​។​

​លោក Charles Jose បាន​បន្ថែមទៀតថា វា​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច ដែល​ចិន នឹង​អាច​គ្រប់គ្រង​សមុទ្រ ចិន​ខាងត្បូង ហើយ​វា​នឹង​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​ទៀតផង​។

​មិន​ខុសពី​រដ្ឋ​ពាក់ព័ន្ធ​នៃ​ជម្លោះ​ទាំងពីរ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន ដែលជា​រដ្ឋ​ខាងក្រៅ តែ​ជា​អ្នក​ដែល តែងតែ​ជួយ​ជ្រោមជ្រែង​វៀតណាម និង​ហ្វីលីពីន ក៏​មិនបាន​នៅ​ស្ងៀម​ផងដែរ​។ អ្នកនាំពាក្យ​ក្រសួង​ការ បរទេស​អាមេរិក John Kirby ចាត់ទុក​សកម្មភាព​ចិន ថា​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ និង​ស្ថិរភាព នៅក្នុង​តំបន់​។ ក្នុងនោះ​ផងដែរ សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក John McCain ក៏បាន​បន្ទោស​រដ្ឋបាល​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បាន​ពន្យារពេល​ក្នុងការ​បញ្ជូន​នាវា​ល្បាត​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​អនុវត្ត​សិទ្ធិសេរីភាព​នៅតាម​ដែនសមុទ្រ​។

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​បួន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ មកទល់ពេលនេះ មិនទាន់មាន​ដំណោះ ស្រាយ​ណាមួយ​ត្រូវបាន​ធ្វើឡើង​នោះទេ​។

​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ អាមេរិក រួម​ជាមួយនឹង​អូស្ត្រាលី បាន​បញ្ជូន​នាវា​ល្បាត យន្តហោះ​ស៊ើបការណ៍ និង​យន្តហោះ​ទម្លាក់​គ្រាប់​ទៅកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ប្រតិបត្តិការ​ទាំងនេះ ធ្វើឡើង​ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​ដែនទឹក និង​ដែនអាកាស​៕