Debit Card និង​ Credit Card ខុស​គ្នា​ដូច​ម្ដេច?

Debit Card និង​ Credit Card ខុស​គ្នា​ដូច​ម្ដេច?

ការ​ទិញ​ទំនិញ នៅ​​ផ្សារ​ទំនើប តាម​ភោជនីយដ្ឋាន​ធំៗ សណ្ឋាគារ…គេ​ច្រើន​ឃើញ​​និង​ឮ​​​ពាក្យ Credit Card ឬ Debit Card ក្នុង​​​​ការ​ទូ​ទាត់​ ថ្លៃ​ទំនិញ​ និង សេវា​តាម​រយៈ​ប្រព័ន្ធ​​​សេវា​ហិរញ្ញវត្ថុ​ធនាគារ​​​​​​​​​កំពុង​ពេញ​និយម​ពី​​មនុស្ស​ជា​ច្រើន​ នា​ពេល​បច្ចុប្បន្ន។ ជា​មួយ​គ្នា​នេះ​ដែរ ក៏​មាន​​ប្រិយមិត្ត​មួយ​ចំនួន នៅ​មាន​ភាព​ស្រពិចស្រពិល លើ​​វត្ថុ​​ប្រើ​ប្រាស់​ក្នុង​ប្រតិបត្តិការ​សេវា​ធនាគារ​នោះ។ ខាង​ក្រោម​នេះ​ជា​ភាព​ខុស​ប្លែក​គ្នា អំពី​ កាត​ឥណពន្ធ (Debit Card) និង កាត​ឥណទាន (Credit Card) ដែល​គេ​និយម​ប្រើ​សព្វ​ថ្ងៃ៖​​​​​​​​​​​

 

Debit Card និង​ Credit Card ខុស​គ្នា​ដូច​ម្ដេច?
 

Debit Card ឬ​កាត​ឥណពន្ធ

Debit Card គឺ​ជា​​កាត​ធនាគារ​ ដែល​គេ​​ប្រើ​ប្រាស់​​សម្រាប់​​ចូល​ទៅ​កាន់ សមតុល្យ​គណនី​ធនាគារ ​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ទៅ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​​​​​ថ្លៃ​ទំនិញ ឬ​សេវា​ផ្សេងៗ និង​អាច​ប្រើ​​ដក​សាច់​ប្រាក់​ពី​ទូ​ម៉ាស៊ីន ATM ​​ បាន។ ​អ្នក​​ចាំ​បាច់​ត្រូវ​​​​​មាន​គណនី​​​​ចរន្ត​ក្នុង​ធនាគារ (កុង​ធនាគារ) និង​តម្រូវ​ឲ្យ​​មាន​​សាច់​ប្រាក់​​ក្នុង​កុង​ធនាគារ​ជា​មុន​សិន ដើម្បី​​អាច​​ប្រើ​ប្រាស់​​កាត​ទៅ​​ទូទាត់​​ថ្លៃ​ទំនិញ សេវា​ផ្សេងៗ។ ចំពោះ​ការ​ដក​សាច់​ប្រាក់​តាម​ម៉ាស៊ីន​ ATM​ គឺ​​អ្នក​អាច​​ដក​​បាន​ត្រឹម​តែ​ចំនួន​សាច់​ប្រាក់​​ ដែល​មាន​ក្នុង​កុង​ធនាគារ​ប៉ុណ្ណោះ។ គេ​អាច​ប្រើ​ Debit Card ឬ កាត​ឥណពន្ធ​ ទូទាត់​ទំនិញ សេវា ​បាន​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​ នៅ​​តាម​ភោជនីយដ្ឋាន ហាង​ទំនិញ ការ​​ទិញ​ទំនិញ​អនឡាញ ដែល​​ទទួល​យក​​ការ​ទូទាត់​ជាមួយ​ Visa Card ឬ Mastercard ។

 

Debit Card និង​ Credit Card ខុស​គ្នា​ដូច​ម្ដេច?
 

​​​​​Credit Card ឬ កាត​ឥណទាន

ជា​មួយ​ Credit Card ​​ គេ​​អាច​ទូទាត់​ថ្លៃ ទំនិញ​ ឬ​សេវា​ផ្សេង​ៗ បាន​​​បើ​ទោះ​ជា​គ្មាន​​សាច់​ប្រាក់​ក្នុង​គណនី​ធនាគារ​ក៏​ដោយ ពោល​គឺ​វា​​​ជា​កាត​បំណុល​​មួយ ដែល​គេ​ប្រើ​ទៅ​ទិញ​ ទំនិញ ឬ​ សេវា និង​ទូទាត់​​សង​​នា​ពេល​ក្រោយ។ រៀង​រាល់​ខែ​ គេ​​នឹង​ទទួល​បាន​​របាយការណ៍​ពី​ធនាគារ បង្ហាញ​ពី​សមតុល្យ​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​លើ​ការ​ទិញ​ ដូច​នេះ​គេ​​ត្រូវ​ចំណាយ​សង​​លើ​ថ្លៃ​​​ទិញ​ទំនិញ និង​ សេវា ​កន្លង​មក។ ធនាគារ​នឹង​គិត​ការ​ប្រាក់ ប្រសិន​​ការ​ទូទាត់​សង​វិញ​មិន​គ្រប់​តាម​កាល​បរិច្ឆេទ​ដែល​បាន​កំណត់៕

 

Debit Card និង​ Credit Card ខុស​គ្នា​ដូច​ម្ដេច?
 

ចុចអាន៖ តើ​ ​FBI និង CIA ខុស​គ្នា​ដូចម្ដេច?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ aquacard, handsonbanking​​​​​​