លោកអូបាម៉ា​លើក​ករណី​អំពើ​ហិង្សា​ដោយ​កាំភ្លើងមក​និយាយ​​នៅ​ក្នុង​សុន្ទរកថា​ដ៏​​រជើបរំជួល​ចិត្ត​មួយ

លោកអូបាម៉ា​លើក​ករណី​អំពើ​ហិង្សា​ដោយ​កាំភ្លើងមក​និយាយ​​នៅ​ក្នុង​សុន្ទរកថា​ដ៏​​រជើបរំជួល​ចិត្ត​មួយ

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​អនុប្រធានាធិបតី Joe Biden ព្រម​ទាំង​សមាជិក​គ្រួសារ​ជន​រងគ្រោះ​ដោយ​សារអំពើ​ហិង្សា​ដោយ​កាំភ្លើង​ នៅ​ក្នុង​សុន្ទរកថា​អំពី​ការកាត់បន្ថយ​អំពើ​ហិង្សា​ដោយ​កាំភ្លើង​នៅ​បន្ទប់​ខាង​កើត​នៃ​សេតវិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​៥​ ខែ​មករា ឆ្នាំ​២០១៥។​​

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា បាន​ផ្តល់​ចំណុច​សំខាន់ៗ​នៃ​គំនិត​ផ្តួចផ្តើម​របស់​លោក​ ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​ដោយ​ប្រើ​កាំភ្លើង​នៅ​ក្នុង​សុន្ទរកថា​រជើបរំជួល​ចិត្ត​មួយ​ ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​ដោយ​លោក​បាន​មានប្រសាសន៍​ថា «មាន​មនុស្ស​ស្លាប់ ​ហើយ​លេស​ជា​ទៀងទាត់​ដើម្បី​មិន​ធ្វើ​សកម្មភាព​មិន​បាន​ការ​ទៀតទេ។»

នៅ​បន្ទប់​ខាង​កើត​នៃ​សេតវិមាន​ ដោយមាន​ការចូលរួម​ពី​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​ដោយ​កាំភ្លើង​ គ្រួសារ​នៃ​ជន​ត្រូវ​សម្លាប់​ដោយ​សារ​ការ​បាញ់​កាំភ្លើង​, ក្រុម​អ្នកគាំទ្រ​ដល់​ការ​ត្រួតត្រា​កាំភ្លើង ​និង​សមាជិក​សំខាន់ៗ​ខ្លះ​នៃ​សភា​ស.រ.អា. ​លោកប្រធានាធិបតី​បានរិះ​គន់​យ៉ាង​ខ្លាំង​ដល់​សភា​ដែល​គ្មាន​ជោគជ័យ​ក្នុង​ការអនុម័ត​វិធានការ​តឹងរ៉ឹង​ជាង​មុន​ក្នុង​ការត្រួតត្រា​កាំភ្លើង។​

លោកបានអំពាវនាវ​ដល់​សមាជិក​សភា​និង​ប្រជារាស្ត្រ​អាមេរិកាំង​ឱ្យ​ «មាន​សេចក្តី​ក្លាហាន​ចាត់វិធាន​ការ​ឱ្យ​បាន​ច្រើន​ជាង​មុន។»

ជា​រៀង​រាល់ឆ្នាំ​ កាំភ្លើង​បាន​នាំ​ឱ្យ​មនុស្ស​ជាង​បី​ម៉ឺន​នាក់​ស្លាប់​ក្នុង​ការ​សម្លាប់​រង្គាល​, ការធ្វើ​អត្តឃាត,​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ឧប្បត្តិហេតុ​ឯ​ទៀតៗ​ នេះ​បើ​តាម​ការប្រាប់​ឱ្យ​ដឹង​ដោយ​សេតវិមាន។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ «យើង​ជា​ប្រទេស​ជឿន​លឿន​តែ​មួយ​គត់​នៅ​លើ​ផែនដី​ដែល​មាន​អំពើ​ហិង្សាខ្លាំង​ញឹកញាប់​បែបនេះ។​ ការណ៍​នេះ​មិន​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ជឿនលឿន​ឯ​ទៀតៗ​ទេ។​ ប្រទេស​ទាំងនេះ​គ្មាន​ការ​បាញ់​សម្លាប់​គ្នា​ច្រើន​បែប​នេះ​ឡើយ៕»