គ្រោះរញ្ជួយដី កម្រិតមធ្យម វាយប្រហារ​ កន្លែងធ្វើតេស្ត អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង

សេអ៊ូល៖ បន្ទាប់ពីទទួលបរាជ័យ លើការធ្វើតេស្តសាកល្បង ក្បាលគ្រាប់មីស៊ីល នោះ កូរ៉េខាងជើង បានទទួលរងនូវគ្រោះធម្មជាតិរញ្ជួយដី កាលពីព្រឹកថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ ២០១៦ នេះ ស្ថិតនៅ តំបន់ភាគឦសាន ដែលខ្លួនធ្លាប់ធ្វើតេស្តសាកល្បង អាវុធនុយក្លេអ៊ែរ ផងដែរ។ នេះបើតាមការផ្សាយ ពីសារព័ត៌មាន យ៉ុន ហាប់ របស់កូរ៉េខាងត្បូង។

យោងតាមទីភ្នាក់ងារ តាមដានចលនាស្រទាប់ផែនដីរបស់អាមេរិក USGS បានឲ្យដឹងទៀត ថា គ្រោះរញ្ជួយដីខាងលើនេះ បានវាយប្រហារនៅ ចម្ងាយ ៤៩ គីឡូម៉ែត្រពី តំបន់ព្យុងគ្យេរី ដែលកូរ៉េ ខាងជើង ធ្លាប់ធ្វើតេស្តសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ កាលពីឆ្នាំ មុន។ គ្រោះ រញ្ជួយដីខាងលើនេះ មានកម្រិត ៥,១ នៃរង្វាស់រ៉ិចទ័រ។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើវាជាគ្រោះរញ្ជួយដី ឬ មួយក៏ជាការធ្វើតេស្ត នុយក្លេអ៊ែរ ម្តងទៀត របស់កូរ៉េខាងជើងនោះទេ ព្រោះបើតាមភ្នាក់ងារ តាមដានគ្រោះរញ្ជួយដី របស់ចិន នៅព្រឹកថ្ងៃពុធ នេះបានអះអាងថា វាអាចជាការផ្ទុះ បណ្តាលឲ្យញ័ររញ្ជួយ ជាជាង គ្រោះរញ្ជួយដី ដែលកើតឡើងដោយធម្មជាតិ។

សារព័ត៌មានកូរ៉េខាងត្បូង Met បានចេញផ្សាយផងដែរ ថា វាប្រាកដជារឿងដែលគ្រោះថ្នាក់ ខ្លាំងណាស់ ប្រសិនបើកូរ៉េខាងជើង ធ្វើតេស្តសាកល្បង អាវុធនុយក្លេអ៊ែរ ដោយផ្គើន នឹង ច្បាប់អន្តរជាតិទៀតនោះ។ បន្ថែមពីនេះទៀត ភ្នាក់ងារស្ទង់សណ្ឋានដីរបស់ចិន បានអះអាង ថា ការញ័ររញ្ជួយដី នៅប្រទេសជិងខាងខ្លួននេះ ចេញពីជម្រៅ សូន្យ គីឡូម៉ែត្រ ប៉ុណ្ណោះ៕

គ្រោះរញ្ជួយដី កម្រិតមធ្យម វាយប្រហារ​ កន្លែងធ្វើតេស្ត អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង