ម៉ោង៤រសៀលនេះ​ ​សម្តេច ហេង សំរិន​ មាតុភូមិនិវត្តន៍ពី​ចូលរួមខួបទី៧០​នៃការបោះឆ្នោតដំបូងនៅវៀតណាម

រាជធានីភ្នំពេញ ៖​ ​បើគ្មានការប្រែប្រួលទេ ​នៅវេលាម៉ោង៤រសៀលថ្ងៃទី០៦ ​មករានេះ ​សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ​ប្រធានរដ្ឋសភា​​នឹងដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាកម្ពុជា​ ធ្វើមាតុភូមិនិវត្តន៍​មកចូលរួម​ពិធីរម្លឹកខួប៧០ឆ្នាំ​ នៃការបោះឆ្នោតសកល​លើកដំបូងនៅទីក្រុងហាណូយ ​សាធារណរដ្ឋសង្គមនិយមវៀតណាម ។

សម្តេចប្រធានរដ្ឋសភា ​និងគណៈប្រតិភូជាន់ខ្ពស់​អមដំណើរបានចាកចេញពី​កម្ពុជានៅវេលាម៉ោង៣រសៀល​កាលពីថ្ងៃទី០៥មករាម្សិលមិញ ។

យោងតាមគេហទំព័ររដ្ឋសភា​បានឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះមានខ្លឹមសារទំាងស្រុងថា ​"នៅពេលអញ្ជើញដល់ប្រទេសវៀតណាម ​ គណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភាកម្ពុជា បានទទួលការ​ស្វាគមន៍​យ៉ាងកក់ក្តៅ​ ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ​ដោយនៅព្រលប់​ ថ្ងៃទី៥ ខែមករា​ នោះ សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន និងសមាជិក​គណៈប្រតិភូ ​បានចូលជួប​សម្តែងការគួរសម ​ជាមួយឯកឧត្តម​ ង្វៀន ស៊ីញហុង ប្រធានរដ្ឋសភា ​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ​នាវិមានរដ្ឋសភាជាតិរបស់​ប្រទេស​វៀតណាម។

ក្នុងជំនួបនោះ​ ឯកឧត្តម ង្វៀន ស៊ីញហុង ​បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ​ចំពោះ​សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ​និង គណៈប្រតិភូទំាងអស់ ​ដែលបាន​អញ្ជើញមកចូលរួម​ក្នុងពិធីរម្លឹកខួប៧០ឆ្នាំនេះ ។ ឯកឧត្តមបានសម្តែងក្តីរីករាយ​ ដោយបានគូសបញ្ជាក់ថា​ វត្តមានរបស់ ​សម្តេច​ និងគណៈប្រតិភូរដ្ឋសភា​កម្ពុជាទំាងអស់ ក្នុងឱកាសវិសេសវិសាលនេះ​ បានបង្ហាញ​ពីការយកចិត្តទុកដាក់​ របស់រដ្ឋសភាកម្ពុជា ​ចំពោះប្រទេសវៀតណាម ​ពិសេសរដ្ឋសភាវៀតណាម។​ ឯកឧត្តមសង្កត់ធ្ងន់ថា វត្តមានរបស់ ​សម្តេចប្រធានរដ្ឋសភា​ បានបង្ហាញឲ្យឃើញពី​ចំណងមិត្តភាព​ សាមគ្គីភាព ​និងកិច្ចសហប្រតិបត្តិការដ៏ល្អ ​រវាងប្រទេសទំាងពីរ ពិសេស ​គឺស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរ។

ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ​បានលើកឡើងថា​ កាលពី៧០ឆ្នាំមុន ​ពោលគឺ នៅថ្ងៃទី៦​ ខែមករា ឆ្នាំ១៩៤៦ ​ប្រទេសវៀតណាម ​បានចាប់ផ្តើមធ្វើការបោះឆ្នោត​សកល​លើកដំបូង ​​បន្ទាប់ពីបានទទួលឯករាជ្យ​ពីប្រទេសបារាំង។ ការបោះឆ្នោតនោះ ​ជាការបោះជំហានដ៏ធំ​មួយរបស់វៀតណាម​ ជាក្តីសង្ឃឹម ​របស់ប្រជាជនវៀតណាម ជាពិសេស​ ប្រមុខដឹកនាំវៀតណាម ​កាលសម័យនោះ​ ​គឺលោកប្រធាន ហូជីម៉ិញ។​ “ការបោះឆ្នោតឆ្នាំ១៩៤៦ ​បានធ្វើឲ្យវៀតណាម ​មានឱកាសដឹកនាំ​ប្រទេសដោយខ្លួនឯង ហើយធ្វើការអភិវឌ្ឍប្រទេស​ ឆ្ពោះទៅកាន់ការអភិវឌ្ឍ ​ការរីកចម្រើន ​ព្រមទាំងបាន ​កសាងសាមគ្គីភាពក្នុង​ប្រទេសយ៉ាងរឹងមាំ​ រហូតមកដល់ពេលបច្ចុប្បន្ននេះ “​ នេះជា​ការលើកឡើងរបស់ ​ឯកឧត្តម ង្វៀន ស៊ីញហុង ។

ជាមួយការអបអរសាទរ ​ដល់រដ្ឋសភា ​រដ្ឋាភិបាល ​និងប្រជាជនវៀតណាម ​ដែលក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ​បានខិតខំបំពេញភារកិច្ច​យ៉ាងច្រើន ​ដើម្បីសេចក្តីសុខ និងការរីកចម្រើន​​របស់ប្រទេសជាតិ។ ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ​បានមានប្រសាសន៍ថា ​ការប្រារព្ធខួប ​៧០ឆ្នាំនៅពេលនេះ​  គឺជាការរម្លឹកដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ ពោរពេញដោយខ្លឹមសារ​យ៉ាងសំខាន់ចំពោះរដ្ឋសភា​ និង ប្រជាជនវៀតណាម ​ក្នុងដំណើរការតស៊ូដើម្បីឯករាជ្យ ។

សម្តេច ​បានលើកឡើងថា កម្ពុជា​ វៀតណាម​ មានប្រវត្តិសាស្រ្តប្រហាក់ប្រហែលគ្នា ​គឺធ្លាប់ឆ្លងកាត់ ​​ទទួលរងនូវរបបអាណានិគមចក្រពត្តិនិយម ​។ ប្រជាជនទាំងពីរ ​ធ្លាប់​ជួយគ្នាទៅវិញទៅមក​ សហការគ្នាដោយភាព​ស្មោះត្រង់​ ប្រកៀកស្មារគ្នា ​តស៊ូប្រយុទ្ធដើម្បីទទួលបានឯករាជ្យ ​សន្តិភាព សេរីភាព​ ជូនប្រទេសរៀងៗខ្លួន ។ សម្តេចអគ្គមហា​ពញាចក្រី ​បានសម្តែងក្តីរីករាយ ​ដោយឃើញចំណងមិត្តភាពកម្ពុជា ​វៀតណាម រីកចម្រើន​ជាលំដាប់ ហើយនៅ​រយៈពេលចុងក្រោយនេះ ​ការវិវឌ្ឍន៍ទំនាក់​ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​ទាំងក្នុងក្របខណ្ឌ ​បក្ស រដ្ឋសភា​ រដ្ឋាភិបាល ​ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ ​ក្រោមពាក្យស្លោកថា​ អ្នកភូមិផងល្អ មិត្តភាព​ សាមគ្គីភាព​ ជាប្រពៃណី​ និងកិច្ចសហប្រតិបត្តិការ​ លើគ្រប់វិស័យ​និងយូរអង្វែង ។

នៅក្នុងរាត្រីនោះ ​ឯកឧត្តម ង្វៀន ស៊ីញហុង ​ក៏បានរៀបចំពិធីលាងសាយភោជន៍ ​ជូន​សម្តេចអគ្គមហាពញាចក្រី ​ហេង សំរិន ​ និងគណៈប្រតិភូ ​រដ្ឋសភាកម្ពុជា ព្រមទំាង​គណៈប្រតិភូរដ្ឋសភា ​បណ្តាប្រទេសនានាឯទៀត​ ដែលបានអញ្ជើញចូលរួម​អបអរសាទរខូប៧០ឆ្នាំ ​នៃថ្ងៃបោះឆ្នោតសកល​លើកដំបូង ​របស់ប្រទេសវៀតណាម យ៉ាងជិត​ស្និទ្ធ ​រាក់ទាក់ជាទីបំផុត ៕"