Liverpool ខិត​កាន់​តែកៀក​ទៅវគ្គផ្តាច់​ព្រ័ត្រ ក្រោយពី​គ្រាប់​បាល់​ឈ្នះ​របស់ Ibe នៅ​ Stoke

គ្រាប់​បាល់​​នៅ​តង់​ទី​១​របស់​ខ្សែ​បម្រើ​បម្រុង Jordon Ibe បាន​ជួយ​ឲ្យក្រុម Liverpool មាន​ប្រៀបក្នុង​ការ​ប្រកួត​ដណ្តើមពាន League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី​១​របស់​ពួកគេ​នៅលើ​ទឹក​ដី​ក្រុម Stoke កាលពីថ្ងៃ​អង្គារ​។

liverpoolIbe បាន​​ស៊ុត​បាល់​​ផុត​ដៃ​អ្នក​ចាំ​ទី Jack Butland ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​លោក Jurgen Klopp ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ១-០ នៅ​រាត្រីមួយ​ដែល​បញ្ហា​របួស​របស់​ពួកគេ​​កើត​ឡើង​ម្តង​ទៀត​។ កីឡាករ​​ឆ្នើម Philippe Coutinho និង​ខ្សែការ​ពារ​កណ្តាល Dejan Lovren​ សុទ្ធ​សឹង​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​រយៈ​ពេល​៣៥នាទី​ដំបូង​ជាមួយ​នឹង​បញ្ហា​របួស​សរសៃ​ពួរ​គន្លាក់​ជើង​។ Coutinho បាន​រង​របួសក្នុង​ពេល​​ព្យា​យាម​​បញ្ជូន​បាល់​ឆ្លង​មួយ ខណៈ​ដែល Lovren មាន​ការ​ឈឺ​ចុ​ក​ចាប់​ស្រប​ពេល​ឈូស​ជើង​ដណ្តើម​បាល់​របស់​កីឡាករ Xherdan Shaqiri​។ វា​នៅ​តែ​ត្រូវ​ធ្វើការ​ត្រួត​ពិនិត្យ​ថា តើ​ពួក​គេ​នឹង​​​អវត្តមាន​​រយៈ​ពេល​យូរ​ប៉ុណ្ណា ប៉ុន្តែ កីឡាករ​ទាំង​ពីរ​ហាក់​ដូច​ជា​​នឹង​ត្រូវ​បញ្ចូល​ឈ្មោះក្នុង​បញ្ជី​របួស​ក្នុង​នោះ​​រាប់​បញ្ចូល​ទាំង​ប្រធានក្រុម Jordan Henderson ខ្សែ​ប្រយុទ្ធ Daniel Sturridge និង Divock Origi និង​ខ្សែ​ការពារ​កណ្តាល Martin Skrtel​។ បើ​ទោះបី​​បាន​ជួប​ការ​ខក​ចិត្ត​​លើ​បញ្ហា​របួស​កីឡាករ​ក៏​ដោយ លោក Klopp នឹង​រីក​រាយ​ជាមួយ​នឹង​ការ​​ស្តារ​មុខមាត់​ឡើង​វិញ​របស់​ក្រុម ក្រោយ​ពី​ការ​​រង​បរា​ជ័យ​យ៉ាង​កក់​​ចិត្ត​របស់​ពួក​គេក្នុង​លទ្ធ​ផល ២-០ នៅ​លើ​ទឹក​ដីក្រុម West Ham ក្នុងក្រប​ខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍​៕

ប្រភព​ព័ត៌មាន៖ Channel News Asia