​អភិបាលខេត្ត​បាត់ដំបង ស្នើ​ពលរដ្ឋ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ខណៈ​ដាក់​ដំណើរការ​ភ្លើងស្តុប​

ភ្នំពេញ: លោក​អភិបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់​ពលរដ្ឋ ក្នុង​ខេត្តបាត់ដំបង​ទាំងមូល
ត្រូវ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍ ឱ្យបាន​គ្រប់គ្នា ទោះ​ផ្លូវ​នោះ​ស្ងាត់ ពុំមាន​យានយន្ត ណា​ឆ្លងកាត់​ក៏ដោយ ក៏ត្រូវ​រង់ចាំ​ភ្លើង​សញ្ញា​ចរាចរណ៍ (​ភ្លើងស្តុប​) នេះ ដើរ​សិន ខណៈពេលដែល​ខេត្ត មាន​ភ្លើង​សញ្ញា​ចរាចរ​ណ៍ហើយ​។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ភ្លើងស្តុប​ចំនួន​៤​កន្លែង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ចូលរួម​កាត់បន្ថយ​ការ​គ្រោះ ថ្នាក់​ចរាចរណ៍ ក្នុង​ក្រុង​បាត់ដំបង​។ ពិធី​សម្ពោធ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ ក៏មាន​ការចូលរួម​ពី​លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​នានា មន្ត្រីរាជការ និង​សិស្សានុសិស្ស ក៏បាន​ចូលរួម​ផងដែរ​។​

​លោក​អភិបាលក្រុង​បាត់ដំបង បាន​ថ្លែងថា លទ្ធផល​ការងារ និង​កិច្ចសហការ រវាង​រដ្ឋបាលខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ក្រុង​បាត់ដំបង មាន​គម្រោង​ដំឡើង​ភ្លើងស្តុប ចំនួន​១០​កន្លែង តែ​ពេលនេះ​ទើបតែ​ដំឡើង បាន​៤​កន្លែង និង​បានដាក់​សម្ពោធ ឱ្យប្រើ​ប្រាស់ នៅថ្ងៃនេះ​។​

​លោក ច័ន្ទ សុផល បាន​ថ្លែងថា បន្ទាប់ពី​មានការ​រីកចម្រើន លើ​គ្រប់​វិស័យ កន្លងមក ថ្ងៃនេះ យើង​បាន​សម្ពោធ​សមិទ្ធផល​ថ្មី​មួយទៀត ដែល​មិន​ធ្លាប់មាន​ពីមុនមក គឺ​យើង​បាន​ដំឡើង​ភ្លើង​ស​សញ្ញា​ចរាចរណ៍ បាន​៤​កន្លែង​រួចរាល់ និង​បាន​សម្ពោធ​ដាក់ ឱ្យប្រើ​ប្រាស់ នាពេលនេះ ហើយ​៦​កន្លែង​ទៀត កំពុងតែ​ដំឡើង​ជា​បណ្តើរៗ និង​ដាក់ឱ្យ​ប្រើប្រាស់ នៅពេល​ក្រោយ​ទៀត​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ពេល​ខេត្ត​មាន​ភ្លើង​សញ្ញា​ចរាចរ​ណ៍ហើយ ប្រជាពលរដ្ឋ ត្រូវ​នាំគ្នា​គោរព​ឱ្យ​ច្បាប់​ចរាចរណ៍ ឱ្យបាន​គ្រប់គ្នា ទោះ​ផ្លូវ​នោះ ស្ងាត់​ពុំមាន​យានយន្ត ណា​ឆ្លងកាត់​ក៏ដោយ ក៏ត្រូវ​រង់ចាំ​ភ្លើង​សញ្ញា​ចរាចរណ៍ (​ភ្លើងស្តុប​) នេះ​ដើរ​សិន ទើប​យើង​មាន​សិទ្ធិ​ឆ្លងកាត់​បាន ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​យថាហេតុ​ផ្សេងៗ​៕V​/S