នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ដាក់បទបញ្ជា​បន្ថែម អោយ​នគរបាល ជាប់​ព្រំដែន បន្ត​ពង្រឹង​សន្តិសុខ សុវត្ថិភាព តាម​ទីប្រជុំជន និង​តាម​ផ្សារ​

ឧ​ត្ត​រ​មានជ័យ: នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេ បញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បានដាក់​បទបញ្ជា​បន្ថែ​ម អោយ​ស្នងការដ្ឋាន​នគរបាល ជាប់​ព្រំដែន បន្ត​ពង្រឹង​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករ នៅតាម​ទីប្រជុំជន និង​តាម​ទីផ្សារ​។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានដាក់​បទបញ្ជា​បែបនេះ កាលពី​ល្ងាច​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៦ ខណៈពេល​លោក​តំណាង នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​ក្នុង​ពិធី​តែងតាំង  ផ្លាស់ប្តូរ​មុខតំណែង និង បំពាក់​ឋា​ន្ត​រស​ក្កិ ដល់​នាយ នាយរង និង​ពល​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​បញ្ជាក់ថា កន្លងមក លោក​បានចេញ​បញ្ជា អោយ​ស្នងការ នៅជាប់​ព្រំដែន ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ បញ្ចេញ​កម្លាំង មក​នៅ​ជិត​តំបន់​ប្រជាពលរដ្ឋ ដូចជា​ទីប្រជុំជន និង​ទីផ្សារ ដែលមាន​ការលក់ដូរ ជាពិសេស ការលក់ដូរ​របស់​មា​ន​តម្លៃ​។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា លោក​សុំ​ដាក់បទបញ្ជា​បន្ថែមទៀត អោយ​ស្នងការ​នគរបាល​ខេត្ត ក៏ដូចជា តាម​វរ​សេនា​តូច​ការពារ​ព្រំដែន ត្រូវ​បញ្ចុះ​កម្លាំង​បន្ថែមទៀត មកឈរ​ជើង តាម​គោលដៅ​កំណត់ ទោះបី​ធ្វើយ៉ាងណា ការពារ​សន្តិសុខ សុវត្ថិភាព​ជូន ដល់​ពួកគាត់ ដើម្បី​ប្រកបមុខរបរ​រកស៊ី ទទួលទាន​ប្រចាំថ្ងៃ អោយទទួល​បាន​សុវត្ថិ​ភាពល្អ​។​
​    ​
​ការដាក់​បទបញ្ជា ជា​បន្តបន្ទាប់​បែបនេះ របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ គឺធ្វើឡើង បន្ទាប់ពី​ជនល្មើស បានធ្វើ​សកម្មភាព​លួច ឆក់ ប្លន់ ប្រជាពលរដ្ឋ ជាពិសេស​ប្លន់​របស់​មានតម្លៃ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ លោក​បាន​បន្តថា ការដាក់​កម្លាំង​នេះ បានធ្វើអោយ​បទល្មើស មានការ​ថយចុះ ប៉ុន្តែ​កម្លាំងប្រដាប់អាវុធ ត្រូវតែ​បន្ត​កិច្ចសហប្រតិបត្តិការ អោយ​ល្អ​ជាង​មុន ដើម្បី​សុវត្ថិភាព និង​ក្តី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​។​
​    ​
​នៅ​ចំពោះមុខ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ែន លី ស្នងការ​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សន្យាថា នឹង​បន្តសកម្មភាព ដោយ​មិនអោយ​ថ្លោះធ្លោយ​ឡើយ​។ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ែន លី បាន​លើកឡើងថា កម្លាំង​ទាំងអស់ ដែល​ចុះ​តាម​គោលដៅ ទីប្រជុំជន និង​ទីផ្សារ មិនមែន​ទៅដល់​ហើយ ថតរូប​មុខ ទីប្រជុំជន​មុខ​ទីផ្សារ ហើយ​ផ្ញើ​រូប​ទៅអោយ​មេ​របស់ខ្លួន យក​ល្អមើល​នោះទេ គឺ​កម្លាំង​ត្រូវ តែ​ទៅ​ឈរជើង នៅ​ទីនោះ​ជាប្រចាំ​៕V