សម្តេច​ក្រឡាហោម ពិនិត្យមើល​បញ្ហា​នៃ​ការធ្វើ​សំណើ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស និង​ពាក់ព័ន្ធ​ស្ថានភាព​នៅក្នុង​ពន្ធនាគារ​

ភ្នំពេញ: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៅ​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យមើល​បញ្ហា​នៃ​ការ​ធ្វើសំណើ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស និង​ពាក់ព័ន្ធ​ស្ថានភាព​នៅក្នុង​ពន្ធនាគារ​។
​ការប្រជុំ​នេះ គឺ​បន្ទាប់ពី​មានការ​ស្នើ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស ដែល​មិនមាន​ភាពមិនប្រក្រតី​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​នៅក្នុង​ពិធីប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​ព្រៃវែង កាលពី​រសៀល​ថ្ងៃទី​៥ ខែមករា ថា ភាគច្រើន​អ្នកធ្វើ​សកម្មភាព គឺជា​អ្នក​ចេញពី​ពន្ធនាគារ គឺ​អ្នក​ដែល​មិនទាន់បាន​អប់រំ​កែប្រែ ហើយ​នៅតែ​មានគំនិត​ទុច្ចរិត​ទៅ​លួច ទៅ​ឆក់ ទៅ​ប្លន់​ដដែល​។ “​អ្នក​ដែល​ធ្វើ​សកម្មភាព​នោះ អ្នគ​ដែល​ចេញពី​ពន្ធនាគារ​បានន័យថា អ្នក​ដែល​មិនទាន់​កែប្រែ មិនទាន់​ទាំង​បានធ្វើ​សមាហរណកម្ម​ក្នុងសង្គម អ្នកនោះ​នៅតែមាន​គំនិត​ប្រព្រឹត្ត​នូវ​អំពើ​ទៅ​លួច ទៅ​ប្លន់​”​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា "​គណៈកម្មការ​ដោះលែង​ទោស ឬ​បន្ធូរ​បន្ថយទោស យើង​ក៏​យកចិត្តទុកដាក់​ពិនិត្យ ហើយ​អ្នក​ដែល​ផ្ទាល់​នឹង គឺថា អ្នក​ដែល​ធ្វើ​ផ្ទាល់​នៅក្នុង​ពន្ធនាគារ ខ្ញុំ​នឹង​ដឹកនាំ​ការ​កិច្ចប្រជុំ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដើម្បី​ត្រួតពិនិត្យ​បញ្ហា​នេះ​។ ពីព្រោះ​គណៈកម្មការ​នេះ មុន​អាច​ទៅពិនិត្យ​បានទេ គណៈកម្មការ​នេះ អោយតែ​ធ្វើសំណើ​ទៅ​សមស្រប អូ​ខេ (​យល់ព្រម​) គណៈកម្មការ​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល ប្រមុខ​រដ្ឋាភិបាល លោក​ជឿជាក់​លើ​គណៈកម្មការ ក៏​បន្ត​ថ្វាយទៅ​ព្រះមហាក្សត្រ ព្រះមហាក្សត្រ​ឡាយ​ប្រះ​ហត្ថលេខា​"​។​

​សូមជម្រាបថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ការបញ្ជ្រាប​ទស្សនទាន សីលធម៌ សាសនា ដើម្បី​សុដុម​នីយកម្ម​នៅ​កម្ពុជា នៅ​កោះ​ពេជ្រ​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ បាន​បញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌​ពិនិត្យឡើងវិញ​នូវ​ការស្នើ​ឈ្មោះ​ទណ្ឌិត​មួយចំនួន​សម្រាប់​ការលើកលែងទោស ដោយ​លោក​ថា​ករណី​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​ថ្មីៗ​នេះ គឺជា​មុខសញ្ញា​នៃ​ទណ្ឌិត​ដែល​ទើប​ចេញពី​ពន្ធនាគារ​។

​ដោយ​សម្តេច​បាន​ថ្លែងថា អំពើ​ប្លន់​ប្រដាប់អាវុធ​បាន​កក្រើក​ឡើង​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដោយ​សម្តេច​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ទូទាំងប្រទេស​បង្កើន​ការប្រុងប្រយ័ត្ន​និង​វាយ​កម្ចាត់​ក្រុម​ប្លន់​ប្រដាប់អាវុធ​និង​ក្រុម​ជួញដូរ​គ្រឿងញៀន​។ តាម​របាយការណ៍​ខ្លះ​ឲ្យ​ដឹងថា មុខសញ្ញា​នៃ​ការ​ប្លន់​ជា​មនុស្ស​ដដែលៗ​ដែល​ទើប​ចេញពី​ពន្ធនាគារ​៕​

សម្តេច​ក្រឡាហោម ពិនិត្យមើល​បញ្ហា​នៃ​ការធ្វើ​សំណើ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស និង​ពាក់ព័ន្ធ​ស្ថានភាព​នៅក្នុង​ពន្ធនាគារ​