​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ក្យុ​ង​គី ប្តេជ្ញា​រួមគ្នា ពង្រឹង​ចំណងមិត្តភាព សំដៅ​ជំរុញ​ការអភិវឌ្ឍន៍ ខេត្ត​កាន់តែ​រីកចម្រើន​

: ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា និង​តំបន់​យ៉ាង​ព្យ​ង ខេត្ត​ក្យុ​ង​គី សាធារណរដ្ឋ​កូរ៉េ បាន​ប្តេជ្ញា​រួមគ្នា ពង្រឹង​ចំណងមិត្តភាព បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា​។ ការប្តេជ្ញា​នេះ ធ្វើឡើង​ក្នុង​ពិធី​ចុះហត្ថលេខា អនុស្សរណៈ នៃ​ការយោគយល់​គ្នា កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​បន្ទាយមានជ័យ ក្រោម​អធិបតីភាព លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​គ្រប់លំដាប់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អង្គការ​សង្គម​ស៊ីវិល អាជីវករ ពាណិជ្ជករ ប្រជាពលរដ្ឋ ក្នុង​ខេត្តបន្ទាយមានជ័យ សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ និង​កក់ក្តៅ​បំផុត ចំពោះ​ស្មារតី​សាមគ្គី​ជាតិ អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្តបន្ទាយមានជ័យ និង​តំបន់​យ៉ាង​ព្យ​ង ខេត្ត​ក្យុ​ង​គី កន្លងមក និង​សូមឱ្យ​ពិធី​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ដ៏​មាន​សារសំខាន់​នេះ ទទួលបាន​ជោគជ័យ និង​ផ្លែផ្កា តាម​ការគ្រោងទុក សំដៅ​ជួយ​អភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ នាពេល​ដ៏​ខ្លី​ខាងមុខ កាន់តែ​មាន​ភាព​រីកចម្រើន មួយកម្រិត​ថែមទៀត​។​

​លោក គីម ស៊ុន​ខ្យូ អភិបាល​តំបន់​យ៉ាង​ព្យ​ង ខេត្ត​ក្យុ​ង​គី បាន​មានប្រសាសន៍ថា ការចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា នាពេលនេះ គឺជា ការបង្ហាញឱ្យឃើញ​ពី ការចាប់ផ្តើម​ធ្វើឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ការពង្រឹង​ទំនាក់ទំនង មិត្តភាព សហប្រតិបត្តិការ រវាង​តំបន់​យ៉ាង​ព្យ​ង ខេត្ត​ក្យុ​ង​គី និង​ខេត្តបន្ទាយមានជ័យ ក៏​ដូច​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​។​

​លោក គីម ស៊ុន​ខ្យូ នឹងចូលរួម​ចែករំលែក​នូវ បទពិសោធន៍​ទាំងឡាយ ពី​កូរ៉េ យកមក​ជួយ​ធ្វើការ​អភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ ពិសេស​នៅ​ជនបទ ឱ្យ​កាន់តែ​មានការ​រីកចម្រើន​។​

​ក្នុងឱកាស​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា ស្តារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម បាន​បញ្ជាក់ថា ទំនាក់ទំនង​រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ក៏​ដូច​ប្រជាជន នៃ​ប្រទេស​ទាំងពីរ កាន់តែ​បានល្អ​ប្រសើរ​ជា​លំដាប់ ដែល​បាន​ជួយ​ជំរុញ​ឱ្យ​កំណើន វិនិយោគទុន​កូរ៉េ កាន់តែ​ច្រើនឡើង​។ ក្រៅពីនេះ កូរ៉េ​បាន​ជួយ​ការអភិវឌ្ឍ លើ​វិស័យ​ផ្សេងៗ​ទៀត ហើយ​បច្ចុប្បន្ននេះ កម្ពុជា យើង​ក៏​កំពុង​ដក​ពិសោធន៍ លើ​ចលនា​ភូមិ​ថ្មី របស់​កូរ៉េ យកមក​ធ្វើការ​អភិវឌ្ឍ នៅ​ជនបទ​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ទៀតថា ការពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ទាំងពីរ ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុង​ការជួយ​ជំរុញ ដល់​ការអភិវឌ្ឍន៍ កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ពិសេស​សម្រាប់​ខេត្តបន្ទាយមានជ័យ​យើង​នេះ​។ លោក​យឹម ឆៃលី បាន​ជំរុញ​ឱ្យធ្វើ​ការផ្លាស់ប្តូរ ប្រតិភូ​ទៅវិញទៅមក រវាង​ខេត្ត​ទាំងពីរ ជាពិសេស​រវាង​យុវជន ក្នុង​បំណង​ដើម្បី​ស្វែងយល់​ការពិត សំដៅ​ជំរុញ​ការអភិវឌ្ឍន៍​ខេត្ត កាន់តែ​រីកចម្រើន​៕V​

​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ក្យុ​ង​គី ប្តេជ្ញា​រួមគ្នា ពង្រឹង​ចំណងមិត្តភាព សំដៅ​ជំរុញ​ការអភិវឌ្ឍន៍ ខេត្ត​កាន់តែ​រីកចម្រើន​

​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ក្យុ​ង​គី ប្តេជ្ញា​រួមគ្នា ពង្រឹង​ចំណងមិត្តភាព សំដៅ​ជំរុញ​ការអភិវឌ្ឍន៍ ខេត្ត​កាន់តែ​រីកចម្រើន​