បទល្មើស​ក្នុង​ខណ្ឌ​សែន​សុខ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​

ទឹកដី​ខណ្ឌ​សែន​សុខ ដែលមាន​លោក លី សា​វេត ជា​អភិបាលខណ្ឌ និង​លោក ម៉ក់ ហុង ជា​អធិការនគរបាល​ខណ្ឌ កំពុង​កើតមាន​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច ជាពិសេស​អំពើចោរកម្ម លួច​ឆក់​ប្លន់ និង​គ្រឿងញៀន​។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ រថយន្ត​ហ៊ីយ៉ាន់ដាយ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង ត្រូវបាន​ក្រុង​ចោរលួច​យកទៅ​បាត់​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យឡើងវិញ​ចំពោះ​បញ្ហា​អសន្តិសុខ​ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ​ទាំងមូល​។

​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជាពិសេស​កន្ទុយលេខ បៀ​អាប៉ោង និង​ភ្នាល់​បាល់ទាត់​ជាដើម នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ មិន​ត្រូវបាន​បង្ក្រាប​ទេ​។ ដោយសារ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក​បែបនេះហើយ ទើប​អំពើចោរកម្ម​ប្លន់​ប្រដាប់អាវុធ ចោរលួច ចោរ​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​កើតឡើង​កាន់តែច្រើន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ភ្នំពេញ​ថ្មី និង​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​នោះទេ ជាពិសេស​ល្បែងស៊ីសង​ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​របស់​សមត្ថកិច្ច​ទៀតផង​។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​ល្បែងស៊ីសង កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​សមត្ថកិច្ច​បង្ក្រាប​បាន​តិចតួច​បំផុត​។ ប្រជាពលរដ្ឋ​បាន​កត់សម្គាល់ថា នៅ​ភូមិ​ត្រពាំង​ឈូក​(​ប្លុក​មុខ​ពេទ្យ​លោកសង្ឃ​)​សង្កាត់​ទឹកថ្លា គឺជា​តំបន់​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ធំ ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​នោះទេ ចំណែក​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ មិន​យកចិត្តទុកដាក់​បង្ក្រាប​ឡើយ​។ ដោយសារតែ​លោក លី សា​វេត ជា​អភិបាលខណ្ឌ​សែន​សុខ និង​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ មិន​យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​បែបនេះហើយ ទើប​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​នៅក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ​បច្ចុប្បន្ន​៕

mrok hougលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ